ដានីយ៉ែល 9:24 - ព្រះគម្ពីរខ្មែរសាកល “មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង នឹងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក នឹងបិទត្រាការជាក់ស្តែង នឹងសេចក្ដីទំនាយ ហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង អាល់គីតាប ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។ |
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់សេចក្ដីអាក្រក់; ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ។
គាត់មិនចុះខ្សោយ ឬធ្លាក់ទឹកចិត្តឡើយ រហូតទាល់តែបានស្ថាបនាសេចក្ដីយុត្តិធម៌ឡើងនៅលើផែនដី ហើយកោះទាំងឡាយនឹងរំពឹងលើក្រឹត្យវិន័យរបស់គាត់”។
ចូរងើបភ្នែកឡើងទៅមេឃ រួចមើលចុះមកផែនដីខាងក្រោម; ដ្បិតផ្ទៃមេឃនឹងបាត់ទៅដូចផ្សែង ហើយផែនដីនឹងពុកផុយដូចសម្លៀកបំពាក់ រីឯពួកអ្នកដែលរស់នៅទីនោះនឹងស្លាប់ទៅដូចសុច ប៉ុន្តែសេចក្ដីសង្គ្រោះរបស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសុចរិតយុត្តិធម៌របស់យើងក៏នឹងមិនរលាយបាត់ឡើយ។
ដ្បិតសត្វល្អិតនឹងស៊ីគេដូចជាសម្លៀកបំពាក់ ហើយដង្កូវនឹងស៊ីគេដូចជារោមចៀម ប៉ុន្តែសេចក្ដីសុចរិតយុត្តិធម៌របស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសង្គ្រោះរបស់យើងក៏មាននៅរហូតដល់គ្រប់ជំនាន់”។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ចូររក្សាសេចក្ដីយុត្តិធម៌ ហើយអនុវត្តសេចក្ដីសុចរិតចុះ! ដ្បិតសេចក្ដីសង្គ្រោះរបស់យើងបានមកជិតបង្កើយហើយ ហើយសេចក្ដីសុចរិតយុត្តិធម៌របស់យើងនឹងត្រូវបានបើកសម្ដែងដែរ។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
គាត់ក៏ប្រាប់ថា៖ “ទាំងនេះជាអ្នកដែលត្រូវបានចាក់ប្រេងអភិសេកពីរនាក់ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល”៕
នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។
ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
ដ្បិតគ្រានោះជាគ្រានៃការដាក់ទោសសងសឹក ដើម្បីឲ្យសេចក្ដីទាំងអស់ដែលមានសរសេរទុកមកត្រូវបានបំពេញឲ្យសម្រេច។
មុនដំបូង អនទ្រេរកស៊ីម៉ូនបងប្រុសរបស់ខ្លួន ហើយប្រាប់គាត់ថា៖ “យើងរកព្រះមែស៊ីឃើញហើយ” (ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះគ្រីស្ទ)។
ព្រះអង្គដែលព្រះបានចាត់ឲ្យមក ថ្លែងព្រះបន្ទូលរបស់ព្រះ ពីព្រោះព្រះប្រទានព្រះវិញ្ញាណដោយគ្មានកម្រិត។
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។
ជាការពិត ម៉ូសេបាននិយាយថា: ‘ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា នឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្ដាប់តាមលោកនូវអ្វីៗទាំងអស់ដែលលោកនិយាយនឹងអ្នករាល់គ្នា។
បណ្ដាស្ដេចនៃផែនដីបានក្រោកឡើង ពួកមេគ្រប់គ្រងបានជួបជុំគ្នា ទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទរបស់ព្រះអង្គ’។
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
និងឲ្យគេបានឃើញខ្ញុំក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំដែលមកពីក្រឹត្យវិន័យទេ គឺដោយសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រីស្ទវិញ ជាសេចក្ដីសុចរិតដែលមកពីព្រះដោយសារតែជំនឿ។
ហើយដោយបង្កើតសន្តិភាពតាមរយៈព្រះលោហិតពីឈើឆ្កាងរបស់ព្រះបុត្រា ព្រះបានផ្សះផ្សារបស់សព្វសារពើនឹងអង្គទ្រង់តាមរយៈព្រះបុត្រា ទាំងអ្វីៗនៅលើផែនដី និងអ្វីៗនៅលើមេឃ។
ដោយលុបចោលកំណត់ត្រាបំណុលដែលទាស់នឹងយើង ក្នុងបទបញ្ញត្តិដែលប្រឆាំងនឹងយើង។ ព្រះបានដកវាចេញ ដោយយកទៅបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។
ជាការពិត ព្រះអង្គបានធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធគ្រប់លក្ខណ៍ជារៀងរហូត ដោយតង្វាយតែមួយគត់។
ដូច្នេះ ព្រះអង្គត្រូវតែបានដូចបងប្អូនក្នុងគ្រប់ជំពូក ដើម្បីឲ្យព្រះអង្គបានជាមហាបូជាចារ្យដែលមានចិត្តមេត្តា និងស្មោះត្រង់ក្នុងកិច្ចការខាងឯព្រះ ដើម្បីថ្វាយយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់ប្រជាជន។
មហាបូជាចារ្យបែបនេះហើយ ដែលស័ក្ដិសមសម្រាប់យើង គឺវិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែលញែកចេញពីមនុស្សបាប ហើយត្រឡប់ជាខ្ពស់ជាងមេឃទៅទៀត។
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
ក្រោយមក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតហើរនៅលើអាកាស ទាំងនាំដំណឹងល្អដ៏អស់កល្បជានិច្ច ដើម្បីប្រកាសដល់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ទាំងប្រជាជាតិ ពូជសាសន៍ ភាសា និងជនជាតិ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅភីឡាដិលភាថា: ‘ព្រះអង្គដ៏វិសុទ្ធ ព្រះអង្គដ៏ពិត ដែលកាន់កូនសោរបស់ដាវីឌ គឺព្រះអង្គដែលបើក ហើយគ្មានអ្នកណាបិទ ព្រះអង្គបិទ ក៏គ្មានអ្នកណាបើក មានបន្ទូលដូច្នេះ: