Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 3 - ព្រះគម្ពីរខ្មែរសាកល


មនុស្សខ្វិនត្រូវបានប្រោសឲ្យជា

1 កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល​។

2 មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ត្រូវបាន​សែង​មក​។ គេ​តែងតែ​ដាក់​បុរសនោះ​ជា​រៀងរាល់ថ្ងៃ នៅ​មាត់ទ្វារ​ព្រះវិហារ ដែល​គេ​ហៅថា “ទ្វារ​សោភ័ណ” ដើម្បីឲ្យ​សុំទាន​ពី​អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះវិហារ​។

3 នៅពេល​បុរសនោះ​ឃើញ​ពេត្រុស និង​យ៉ូហាន​រៀបនឹង​ចូលទៅ​ក្នុង​ព្រះវិហារ គាត់​ក៏​សុំទាន​ពីពួកគេ​។

4 ពេត្រុស​ជាមួយ​យ៉ូហាន បាន​សម្លឹងមើល​ទៅ​គាត់ ហើយ​និយាយថា​៖ “ចូរ​មើល​មក​យើង​!”។

5 បុរសនោះ​ក៏​សង្កេតមើល​ពួកគេ ដោយ​នឹកស្មានថា​នឹង​បាន​អ្វីមួយ​ពី​ពួកគេ​។

6 ប៉ុន្តែ​ពេត្រុស​និយាយថា​៖ “ប្រាក់ និង​មាស ខ្ញុំ​គ្មានទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អ្វីដែល​ខ្ញុំ​មាន​: ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ចូរ​ក្រោកឡើង ហើយ​ដើរ​ទៅចុះ​!”។

7 បន្ទាប់មក ពេត្រុស​ក៏​ចាប់​ដៃស្ដាំ​គាត់ ហើយ​លើក​គាត់​ឡើង​។ ភ្លាមនោះ ប្រអប់ជើង និង​កជើង​របស់​គាត់​មានកម្លាំងឡើង

8 នោះ​គាត់​ក៏​ស្ទុះ​ក្រោកឈរ ដើរចុះដើរឡើង ហើយ​ចូលទៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នកទាំងពីរ ទាំង​ដើរ​ផង លោត​ផង សរសើរតម្កើង​ព្រះ​ផង​។

9 នៅពេល​ប្រជាជន​ទាំងអស់​បាន​ឃើញ​គាត់​ដើរ ទាំង​សរសើរតម្កើង​ព្រះ

10 ពួកគេ​ក៏​មើល​គាត់​ស្គាល់ ថា​គាត់​ជា​ម្នាក់​ដែល​អង្គុយ​សុំទាន​នៅ​ទ្វារ​សោភ័ណ​នៃ​ព្រះវិហារ នោះ​ពួកគេ​ក៏​ពេញ​ដោយ​ភាពភ្ញាក់ផ្អើល និង​ភាពស្ញប់ស្ញែង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​គាត់​។


ផ្សព្វផ្សាយនៅរបៀងសាឡូម៉ូន

11 នៅពេល​បុរសនោះ​កំពុង​តាមជាប់​ពេត្រុស និង​យ៉ូហាន ប្រជាជន​ទាំងអស់​ក៏​ស្រឡាំងកាំង ហើយ​នាំគ្នារត់មក​រក​ពួកគេ នៅត្រង់​របៀង​មួយ​ដែល​គេ​ហៅថា “របៀង​សាឡូម៉ូន”។

12 កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព​របស់ពួកយើង​ទៅវិញ​?

13 ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​នៃ​ដូនតា​របស់យើង​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នកបម្រើ​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូវ ដែល​អ្នករាល់គ្នា​បាន​ប្រគល់​ទៅ ហើយ​បាន​បដិសេធ​នៅ​មុខ​ពីឡាត់ នៅពេល​លោក​បាន​សម្រេចចិត្ត​ដោះលែង​ព្រះអង្គ​។

14 អ្នករាល់គ្នា​បាន​បដិសេធ​ព្រះអង្គ​ដ៏វិសុទ្ធ និង​សុចរិតយុត្តិធម៌ ហើយបែរជា​ទាមទារ​ឲ្យ​ដោះលែង​ឃាតករ​ដល់​អ្នករាល់គ្នា​ទៅវិញ​។

15 អ្នករាល់គ្នា​បាន​ធ្វើគុត​ស្ថាបនិក​នៃ​ជីវិត ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គនេះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​! ពួកយើង​ជា​សាក្សី​អំពី​ការនេះ​។

16 ឥឡូវនេះ ព្រះនាម​របស់​ព្រះអង្គ​បាន​ធ្វើឲ្យ​បុរសនេះ​ដែល​អ្នករាល់គ្នា​ឃើញ​និង​ស្គាល់ មានកម្លាំងឡើង ដោយសារតែ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​។ ជំនឿ​ដែល​មក​តាមរយៈ​ព្រះយេស៊ូវ បាន​ធ្វើឲ្យ​បុរស​នេះ​ជាទាំងស្រុង​នៅមុខ​អ្នក​ទាំងអស់គ្នា​។

17 “បងប្អូន​អើយ! ឥឡូវនេះ ខ្ញុំ​ដឹង​ថា អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការនេះ​ដោយ​ភាពអវិជ្ជា ដូច​ពួក​មេគ្រប់គ្រង​របស់អ្នករាល់គ្នា​ដែរ។

18 ប៉ុន្តែ​ព្រះ​បាន​បំពេញឲ្យសម្រេច​យ៉ាងនេះ នូវ​សេចក្ដី​ដែល​ព្រះអង្គ​ទ្រង់​ប្រកាសទុកមុន​តាមរយៈ​មាត់​របស់​ព្យាការី​ទាំងអស់​ថា ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ត្រូវ​រងទុក្ខ​។

19 ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ

20 នោះ​នឹង​មាន​គ្រា​នៃ​ការផុសផុល​មក​ពី​ព្រះវត្តមាន​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ចាត់​ព្រះ​គ្រីស្ទ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​ព្រះអង្គ​ទ្រង់​ជ្រើសរើស​សម្រាប់​អ្នករាល់គ្នា​។

21 យ៉ាងណាមិញ មេឃ​ត្រូវតែ​ទទួល​ព្រះអង្គ​រហូតដល់​គ្រា​នៃ​ការស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ ដែល​ព្រះ​បាន​មានបន្ទូល​តាមរយៈ​មាត់​របស់​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ តាំងពីបុរាណមក​។

22 ជាការពិត ម៉ូសេ​បាន​និយាយថា​: ‘ព្រះអម្ចាស់​ព្រះ​របស់អ្នករាល់គ្នា នឹង​តាំង​ព្យាការី​ម្នាក់​ដូច​ខ្ញុំ​ឡើង​ពីចំណោម​បងប្អូន​របស់អ្នករាល់គ្នា សម្រាប់​អ្នករាល់គ្នា​។ អ្នករាល់គ្នា​ត្រូវ​ស្ដាប់តាម​លោក​នូវ​អ្វីៗ​ទាំងអស់​ដែល​លោក​និយាយ​នឹង​អ្នករាល់គ្នា​។

23 អស់អ្នកណាក៏ដោយដែល​មិន​ស្ដាប់តាម​ព្យាការី​នោះ នឹង​ត្រូវ​វិនាសបាត់​ពីចំណោម​ប្រជាជន’។

24 “ព្យាការី​ទាំងអស់ តាំងពី​សាំយូអែល ព្រមទាំង​អ្នក​ក្រោយៗ​ដែល​ថ្លែង​ព្រះបន្ទូល ក៏​បាន​ប្រកាសទុកមុន​អំពី​គ្រានេះ​ដែរ​។

25 អ្នករាល់គ្នា​ជា​កូនចៅ​របស់​បណ្ដា​ព្យាការី និង​ជា​កូនចៅ​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំង​ជាមួយ​ដូនតា​របស់អ្នករាល់គ្នា​។ ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​:‘ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលព្រះពរ តាមរយៈ​ពូជពង្ស​របស់អ្នក’។

26 ព្រះ​បាន​តាំង​អ្នកបម្រើ​របស់​ព្រះអង្គ​ឡើង ហើយ​ចាត់​ព្រះអង្គ​ឲ្យមក​ឯ​អ្នករាល់គ្នា​ជាមុន ដើម្បី​ប្រទានពរ​អ្នករាល់គ្នា ដោយ​បង្វែរ​អ្នករាល់គ្នា​ម្នាក់ៗ​ចេញ​ពី​អំពើអាក្រក់”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម