Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 1 - ព្រះគម្ពីរខ្មែរសាកល


កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ

1 កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:


ពីអ័ប្រាហាំដល់ដាវីឌ

2 អ័ប្រាហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បងប្អូន​របស់​គាត់

3 យូដា​បង្កើត​ពេរេស និង​សេរ៉ាស​ពី​នាង​តាម៉ារ ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​អើរ៉ាម

4 អើរ៉ាម​បង្កើត​អ័មីណាដាប់ អ័មីណាដាប់​បង្កើត​ណាសូន ណាសូន​បង្កើត​សាលម៉ូន

5 សាលម៉ូន​បង្កើត​បូអូស​ពី​នាង​រ៉ាហាប បូអូស​បង្កើត​អូបិឌ​ពី​នាង​រូស អូបិឌ​បង្កើត​អ៊ីសាយ

6 អ៊ីសាយ​បង្កើត​ដាវីឌ​ដែល​ជា​ស្ដេច​។ ដាវីឌ​បង្កើត​សាឡូម៉ូន​ពី​ប្រពន្ធ​របស់​អ៊ូរី


ពីដាវីឌដល់ជំនាន់ជម្លៀសទៅបាប៊ីឡូន

7 សាឡូម៉ូន​បង្កើត​រេហូបោម រេហូបោម​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា

8 អេសា​បង្កើត​យ៉ូសាផាត យ៉ូសាផាត​បង្កើត​យ៉ូរាម យ៉ូរាម​បង្កើត​អូសៀស

9 អូសៀស​បង្កើត​យ៉ូថាម យ៉ូថាម​បង្កើត​អេហាស អេហាស​បង្កើត​អេសេគាស

10 អេសេគាស​បង្កើត​ម៉ាណាសេ ម៉ាណាសេ​បង្កើត​អាំម៉ូន អាំម៉ូន​បង្កើត​យ៉ូសៀស

11 យ៉ូសៀស​បង្កើត​យេកូនាស និង​បងប្អូន​របស់​គាត់ នៅគ្រា​ដែល​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​។


ពីជំនាន់ជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទ

12 បន្ទាប់ពី​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន យេកូនាស​បង្កើត​សាលធាល សាលធាល​បង្កើត​សូរ៉ូបាបិល

13 សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ អ័ប៊ីយុឌ​បង្កើត​អេលាគីម អេលាគីម​បង្កើត​អេសូរ

14 អេសូរ​បង្កើត​សាដុក សាដុក​បង្កើត​អេគីម អេគីម​បង្កើត​អេលីយុឌ

15 អេលីយុឌ​បង្កើត​អេលាសារ អេលាសារ​បង្កើត​ម៉ាថាន ម៉ាថាន​បង្កើត​យ៉ាកុប

16 យ៉ាកុប​បង្កើត​យ៉ូសែប​ដែល​ជា​ប្ដី​របស់​នាង​ម៉ារា​។ ព្រះយេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ បានប្រសូត​ពី​នាងម៉ារានេះឯង​។

17 ដូច្នេះ ចាប់ពី​អ័ប្រាហាំ​ដល់​ដាវីឌ​មាន​ទាំងអស់​ដប់បួន​តំណ ចាប់ពី​ដាវីឌ​ដល់​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​មាន​ដប់បួន​តំណ ហើយ​ចាប់ពី​គ្រា​ត្រូវជម្លៀស​ទៅ​បាប៊ីឡូន​ដល់​ព្រះ​គ្រីស្ទ​ក៏​មាន​ដប់បួន​តំណដែរ​។


កំណើតព្រះគ្រីស្ទ

18 កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។

19 រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។

20 នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។

21 នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។

22 ការ​ទាំងអស់​នេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​ព្រះអម្ចាស់​មានបន្ទូល​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:

23 “មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។

24 យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ

25 ប៉ុន្តែ​គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទេ រហូតដល់​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ យ៉ូសែប​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម