១ កូរិនថូស 1 - ព្រះគម្ពីរខ្មែរសាកលពាក្យជម្រាបសួរ 1 ពីខ្ញុំ ប៉ូល ដែលត្រូវបានត្រាស់ហៅជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីសូស្ថេនជាបងប្អូន 2 ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ 3 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! អរព្រះគុណដល់ព្រះ 4 ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ អំពីអ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះ ដែលបានប្រទានមកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ 5 ដ្បិតអ្នករាល់គ្នាត្រូវបានធ្វើឲ្យបរិបូរក្នុងការទាំងអស់ដោយនូវព្រះអង្គ គឺក្នុងគ្រប់ទាំងពាក្យសម្ដី និងចំណេះដឹងទាំងអស់ 6 ដូចដែលទីបន្ទាល់ស្ដីអំពីព្រះគ្រីស្ទ ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នករាល់គ្នាដែរ 7 ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានណាមួយឡើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំការសម្ដែងឲ្យឃើញព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ 8 ព្រះអង្គនឹងទ្រទ្រង់អ្នករាល់គ្នារហូតដល់ទីបញ្ចប់ ឲ្យឥតមានកន្លែងបន្ទោសបាន នៅក្នុងថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ 9 ព្រះទ្រង់ស្មោះត្រង់ ហើយអ្នករាល់គ្នាត្រូវព្រះអង្គត្រាស់ហៅឲ្យចូលក្នុងការប្រកបគ្នានៃព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ ការបាក់បែកគ្នានៅកូរិនថូស 10 បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ឲ្យអ្នកទាំងអស់គ្នាយល់ស្របគ្នាទៅវិញទៅមក ហើយកុំឲ្យមានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ឲ្យអ្នករាល់គ្នាសាមគ្គីគ្នាដោយមានគំនិតតែមួយ និងបំណងតែមួយ។ 11 បងប្អូនរបស់ខ្ញុំអើយ តាមពិតអ្នកផ្ទះរបស់ខ្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។ 12 ខ្ញុំនិយាយដូច្នេះ ដោយព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាអះអាងថា៖ “ខ្ញុំកាន់ខាងប៉ូល” “ខ្ញុំកាន់ខាងអ័ប៉ុឡូស” “ខ្ញុំកាន់ខាងកេផាស” “ខ្ញុំកាន់ខាងព្រះគ្រីស្ទ”។ 13 តើព្រះគ្រីស្ទត្រូវបានបែងចែកឬ? តើប៉ូលត្រូវគេឆ្កាងសម្រាប់អ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមរបស់ប៉ូល? 14 ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុស និងកៃយុសប៉ុណ្ណោះ 15 ដើម្បីកុំឲ្យមានអ្នកណានិយាយថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមរបស់ខ្ញុំ។ 16 តាមពិត ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យក្រុមគ្រួសាររបស់ស្ទេផាណាសដែរ។ ក្រៅពីនេះ ខ្ញុំមិនចាំទេ ថាតើខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាផ្សេងទៀតឬយ៉ាងណា។ 17 ដ្បិតព្រះគ្រីស្ទបានចាត់ខ្ញុំឲ្យមកមិនមែនដើម្បីធ្វើពិធីជ្រមុជទឹកទេ គឺដើម្បីផ្សាយដំណឹងល្អវិញ ប៉ុន្តែមិនមែនដោយប្រាជ្ញាខាងពាក្យសម្ដីឡើយ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាឥតប្រយោជន៍។ ព្រះគ្រីស្ទជាព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះ 18 ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។ 19 ដ្បិតមានសរសេរទុកមកថា: “យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សមានប្រាជ្ញា ហើយបោះបង់ចោលបញ្ញារបស់មនុស្សឈ្លាសវៃ”។ 20 តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ? 21 ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។ 22 ជនជាតិយូដាទាមទារទីសម្គាល់ ហើយជនជាតិក្រិកស្វែងរកប្រាជ្ញា 23 រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ; 24 ប៉ុន្តែចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ គឺទាំងជនជាតិយូដា និងជនជាតិក្រិក ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ និងជាព្រះប្រាជ្ញាញាណរបស់ព្រះ។ 25 ដ្បិតសេចក្ដីល្ងង់ខ្លៅរបស់ព្រះ មានប្រាជ្ញាជាងមនុស្ស ហើយភាពខ្សោយរបស់ព្រះក៏មានកម្លាំងជាងមនុស្សដែរ។ អួតតែអំពីព្រះអម្ចាស់ប៉ុណ្ណោះ 26 បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។ 27 ផ្ទុយទៅវិញ ព្រះបានជ្រើសរើសមនុស្សល្ងង់ក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សមានប្រាជ្ញាអាម៉ាស់មុខ; ព្រះបានជ្រើសរើសមនុស្សខ្សោយក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សខ្លាំងពូកែអាម៉ាស់មុខ; 28 ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលត្រូវគេមើលងាយក្នុងពិភពលោក គឺអ្វីដែលត្រូវបានរាប់ថាគ្មាន ដើម្បីបំបាត់អ្វីដែលសំខាន់ 29 ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួននៅចំពោះព្រះឡើយ។ 30 ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ 31 ដើម្បីឲ្យបានដូចដែលមានសរសេរទុកមកថា:“អ្នកដែលអួត ចូរអួតអំពីព្រះអម្ចាស់”៕ |