ម៉ាថាយ 4 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវត្រូវបានល្បួង 1 បន្ទាប់មក ព្រះយេស៊ូវត្រូវព្រះវិញ្ញាណនាំទៅទីរហោស្ថាន ដើម្បីឲ្យមារល្បួង។ 2 ក្រោយពីតមអាហារសែសិបថ្ងៃសែសិបយប់មក ព្រះអង្គក៏ឃ្លាន។ 3 មេល្បួងក៏ចូលមកជិត ទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរបង្គាប់ដុំថ្មទាំងនេះឲ្យក្លាយជានំប៉័ងមើល៍!”។ 4 ព្រះយេស៊ូវមានបន្ទូលតបថា៖“មានសរសេរទុកមកថា: ‘មនុស្សមិនមែនរស់ដោយនំប៉័ងតែប៉ុណ្ណោះទេ គឺដោយគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះវិញ’ ”។ 5 បន្ទាប់មក មារក៏យកព្រះអង្គទៅក្រុងដ៏វិសុទ្ធ ហើយឲ្យព្រះអង្គឈរលើកំពូលព្រះវិហារ 6 រួចទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនទៅខាងក្រោមទៅ! ដ្បិតមានសរសេរទុកមកថា: ‘ព្រះអង្គនឹងបង្គាប់បណ្ដាទូតសួគ៌របស់ព្រះអង្គអំពីអ្នក ហើយពួកគេនឹងទ្រអ្នកដោយដៃ ដើម្បីកុំឲ្យជើងរបស់អ្នកទង្គិចនឹងថ្ម’ ”។ 7 ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“មានសរសេរទុកមកទៀតថា:‘កុំល្បងលព្រះអម្ចាស់ព្រះរបស់អ្នកឡើយ’”។ 8 បន្ទាប់មកទៀត មារក៏យកព្រះយេស៊ូវទៅលើភ្នំមួយដ៏ខ្ពស់ ហើយបង្ហាញអាណាចក្រទាំងអស់ក្នុងពិភពលោក និងសិរីរុងរឿងរបស់អាណាចក្រទាំងនោះដល់ព្រះអង្គ 9 រួចទូលព្រះអង្គថា៖ “ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យអ្វីៗទាំងអស់នេះដល់អ្នក”។ 10 ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។ 11 ពេលនោះ មារក៏ចាកចេញពីព្រះយេស៊ូវ ហើយមើល៍! បណ្ដាទូតសួគ៌បានចូលមកជិត បម្រើព្រះអង្គ។ ព័ន្ធកិច្ចនៅកាលីឡេ 12 នៅពេលឮថា យ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងចាកចេញទៅកាលីឡេ។ 13 បន្ទាប់មក ព្រះអង្គយាងចាកចេញពីណាសារ៉ែត ទៅគង់នៅកាពើណិមដែលជាទីក្រុងនៅមាត់បឹង ក្នុងតំបន់សាប់យូឡូន និងណែបថាលី។ 14 នេះគឺដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា: 15 “ដែនដីសាប់យូឡូន និងដែនដីណែបថាលី ផ្លូវទៅកាន់បឹង ខាងនាយទន្លេយ័រដាន់ គឺកាលីឡេរបស់សាសន៍ដទៃ—— 16 ប្រជាជនដែលស្ថិតនៅក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ; ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីនៃសេចក្ដីស្លាប់ និងស្រមោលនៃសេចក្ដីស្លាប់ មានពន្លឺមួយរះឡើងដល់ពួកគេ” ។ 17 តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមប្រកាសថា៖“ចូរកែប្រែចិត្ត ដ្បិតអាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ”។ សិស្សដំបូង 18 នៅពេលកំពុងយាងតាមមាត់បឹងកាលីឡេ ព្រះយេស៊ូវទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូនដែលហៅថាពេត្រុស និងអនទ្រេប្អូនប្រុសរបស់គាត់ កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។ 19 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មកតាមខ្ញុំ! ខ្ញុំនឹងធ្វើឲ្យពួកអ្នកទៅជាអ្នកនេសាទមនុស្ស”។ 20 ពួកគេក៏ទុកសំណាញ់ចោល ហើយទៅតាមព្រះអង្គភ្លាម។ 21 ព្រះអង្គយាងពីទីនោះទៅមុខទៀត ក៏ទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់ កំពុងជួសអួននៅក្នុងទូកជាមួយសេបេដេជាឪពុក។ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរនោះ 22 ពួកគេក៏ចាកចោលទូក និងឪពុករបស់ពួកគេភ្លាម ហើយទៅតាមព្រះអង្គ។ បង្រៀន ប្រកាសដំណឹងល្អ និងប្រោសឲ្យជា 23 ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។ 24 ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។ 25 មានហ្វូងមនុស្សជាច្រើនពីកាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និងខាងនាយទន្លេយ័រដាន់ មកតាមព្រះអង្គ៕ |