នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
កូឡុស 3:1 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើអ្នករាល់គ្នាត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទហើយ នោះចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ចុះនៅខាងស្ដាំព្រះ។ Khmer Christian Bible ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្ដគង់ខាងស្ដាំនៃព្រះជាម្ចាស់នោះវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្តគង់នៅខាងស្ដាំព្រះជាម្ចាស់នោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ អាល់គីតាប ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសមែន ចូរស្វែងរកអ្វីៗនៅសូរ៉កា ជាកន្លែងដែលអាល់ម៉ាហ្សៀសនៅខាងស្ដាំអុលឡោះនោះវិញ។ |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
ព្រះអង្គនឹងឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត; នៅចំពោះព្រះអង្គមានអំណរដ៏ពោរពេញ នៅព្រះហស្តស្ដាំរបស់ព្រះអង្គមានសេចក្ដីរីករាយជាដរាប៕
ផ្លូវនៃជីវិតធ្វើឲ្យមនុស្សមានប្រាជ្ញាបានទៅខាងលើ ដើម្បីឲ្យបានបែរចេញពីស្ថានមនុស្សស្លាប់ខាងក្រោម។
‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើង របស់អ្នក’។
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
ប៉ុន្តែចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌វិញ ជាកន្លែងដែលគ្មានសត្វល្អិត ឬច្រែះស៊ី ជាកន្លែងដែលគ្មានចោរគាស់ចូល ហើយលួចនោះឡើយ។
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
ដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណដ៏វិសុទ្ធថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើង របស់អ្នក’។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ។ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ចូរលក់អ្វីៗដែលអ្នករាល់គ្នាមាន ហើយចែកទានចុះ។ ចូររៀបចំថង់ប្រាក់ដែលមិនចេះពុកផុយ និងទ្រព្យសម្បត្តិដែលមិនចេះអស់ ទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរមកជិត ឬសត្វល្អិតស៊ីបំផ្លាញនោះឡើយ។
ដាវីឌផ្ទាល់បានថ្លែងក្នុងគម្ពីរទំនុកតម្កើងថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
ដាវីឌមិនបានឡើងទៅលើមេឃទេ ប៉ុន្តែលោកនិយាយថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
រីឯស្ទេផានបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយសម្លឹងមើលទៅមេឃ ឃើញសិរីរុងរឿងរបស់ព្រះ និងឃើញព្រះយេស៊ូវទ្រង់ឈរនៅខាងស្ដាំព្រះ
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
គំនិតខាងសាច់ឈាមជាសេចក្ដីស្លាប់ រីឯគំនិតខាងព្រះវិញ្ញាណជាជីវិត និងសេចក្ដីសុខសាន្ត។
យើងមិនផ្ដោតចិត្តលើអ្វីដែលមើលឃើញនោះទេ គឺផ្ដោតចិត្តលើអ្វីដែលមើលមិនឃើញវិញ ពីព្រោះអ្វីៗដែលមើលឃើញនៅបានតែមួយរយៈ រីឯអ្វីៗដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច៕
ព្រះអង្គដែលយាងចុះមក ជាព្រះអង្គតែមួយដែលយាងឡើងទៅខ្ពស់លើអស់ទាំងមេឃ ដើម្បីឲ្យព្រះអង្គបានបំពេញអ្វីៗទាំងអស់។
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ឲ្យរួចពីគោលការណ៍បឋមរបស់ពិភពលោកមែន ចុះម្ដេចក៏អ្នករាល់គ្នាចុះចូលនឹងបទបញ្ញត្តិដែលថា:
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក” ?
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។
ចំណុចសំខាន់នៃសេចក្ដីដែលយើងបានរៀបរាប់នេះគឺ យើងមានមហាបូជាចារ្យបែបនេះដែលគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕