Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 20 - ព្រះគម្ពីរខ្មែរសាកល


ជំទាស់នឹងសិទ្ធិអំណាចរបស់ព្រះយេស៊ូវ

1 នៅគ្រានោះ មានកើតឡើងដូច្នេះ​: ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​ប្រជាជន​នៅក្នុង​ព្រះវិហារ ព្រមទាំង​ប្រកាសដំណឹងល្អ មាន​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ចូលមក​ជាមួយ​ពួក​ចាស់ទុំ

2 ហើយ​សួរ​ព្រះអង្គ​ថា​៖ “ចូរ​ប្រាប់​យើង​មក តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ជា​អ្នក​ដែល​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក​?”។

3 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ខ្ញុំ​នឹង​សួរ​អស់លោក​មួយ​សំណួរ​ដែរ ចូរ​ប្រាប់​ខ្ញុំ​មក​។

4 តើ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​មក​ពី​ស្ថានសួគ៌ ឬ​មក​ពី​មនុស្ស​?”។

5 ពួកគេ​ពិគ្រោះ​គ្នា​ថា​៖ “បើសិន​យើង​ថា​: ‘មកពី​ស្ថានសួគ៌’ គាត់​នឹង​សួរថា​: ‘ចុះ​ម្ដេចក៏​អ្នករាល់គ្នា​មិន​បាន​ជឿ​គាត់​?’

6 ប៉ុន្តែ​បើសិន​យើង​ថា​: ‘មកពី​មនុស្ស’ ប្រជាជន​ទាំងមូល​នឹង​គប់ដុំថ្មសម្លាប់​យើង ពីព្រោះ​ពួកគេ​ជឿជាក់​ថា​យ៉ូហាន​ជា​ព្យាការី”។

7 ដូច្នេះ ពួកគេ​ឆ្លើយថា​៖ “ពួកយើង​មិន​ដឹង​ថា​មក​ពីណា​ទេ”។

8 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ”។


ពាក្យឧបមាអំពីម្ចាស់ចម្ការទំពាំងបាយជូរ

9 ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ប្រជាជន​ជា​ពាក្យឧបមា​នេះ​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​អស់រយៈពេលយ៉ាងយូរ​។

10 លុះដល់​រដូវ​ប្រមូលផល​លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​រក​ពួក​កសិករ ដើម្បីឲ្យ​ពួកគេ​ចែក​ផល​ពី​ចម្ការទំពាំងបាយជូរ​នោះ​ដល់​គាត់​។ ប៉ុន្តែ​ពួក​កសិករ​បាន​វាយ​បាវបម្រើនោះ ហើយ​បណ្ដេញ​គាត់​ឲ្យទៅវិញ​ដោយដៃទទេ​។

11 ម្ចាស់ចម្ការ​ក៏​ចាត់​បាវបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ប៉ុន្តែ​ពួកគេ​ក៏​វាយ និង​បង្អាប់បង្អោន​គាត់ ហើយ​បណ្ដេញ​គាត់​ឲ្យទៅវិញ​ដោយដៃទទេ​ដែរ​។

12 ម្ចាស់ចម្ការ​បន្ត​ចាត់​អ្នក​ទីបី​ឲ្យទៅ ប៉ុន្តែ​ពួកគេ​ធ្វើឲ្យ​អ្នកនោះ​របួស ហើយ​បោះ​គាត់​ទៅក្រៅ​ដែរ​។

13 “ម្ចាស់​ចម្ការទំពាំងបាយជូរ​នោះ​ក៏​និយាយថា​: ‘តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​ចាត់​កូនប្រុសដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​ឲ្យទៅ ប្រហែល​ពួកគេ​នឹង​គោរព​កូនខ្ញុំ ’។

14 “ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​គាត់ ក៏​ជជែក​គ្នា​ថា​: ‘ ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ ដើម្បីឲ្យ​ទ្រព្យមរតក​បានជា​របស់យើង’។

15 ដូច្នេះ ពួកគេ​ក៏​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ ហើយ​សម្លាប់​គាត់​។ “ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ដល់​ពួកគេ​?

16 លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។

17 ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“បើដូច្នេះ តើ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​:‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ’​មានន័យ​ដូចម្ដេច​?

18 អស់អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី”។

19 ពេលនោះ ពួក​គ្រូវិន័យ និង​ពួក​នាយកបូជាចារ្យ​ចង់​លូក​ដៃ​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​ប្រជាជន​។


ព្រះ និងសេសារ

20 បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។

21 អ្នកស៊ើបការណ៍ទាំងនោះ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​មានប្រសាសន៍ និង​បង្រៀន​យ៉ាងត្រឹមត្រូវ ហើយ​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។

22 តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។

23 ព្រះយេស៊ូវ​ទ្រង់​ឈ្វេងយល់​ល្បិចកល​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖

24 “ចូរ​បង្ហាញ​កាក់​ឌេណារីឲ្យ​ខ្ញុំ​មើល៍​។ តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។

25 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។

26 ពួកគេ​ចាប់​កំហុសព្រះយេស៊ូវតាមរយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅមុខ​ប្រជាជន​មិន​បាន ពួកគេ​ក៏​នៅស្ងៀម​ដោយ​ស្ងើច​ចំពោះ​ចម្លើយ​របស់​ព្រះអង្គ​។


ពួកសាឌូស៊ី និងសេចក្ដីរស់ឡើងវិញ

27 មាន​អ្នកខ្លះ​ពី​ពួកសាឌូស៊ី​ដែល​និយាយប្រឆាំងថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ទូល​សួរ​ព្រះយេស៊ូវ

28 ថា​៖ “លោកគ្រូ ម៉ូសេ​បាន​សរសេរ​ទុក​ឲ្យ​យើង​ថាប្រសិនបើ​បងប្រុស​របស់​អ្នកណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ទាំង​គ្មានកូន ប្អូនប្រុស​របស់​គាត់​ត្រូវតែ​យក​ប្រពន្ធ​របស់បង ហើយ​បង្កើត​ពូជ​សម្រាប់​បងប្រុស​របស់​ខ្លួន​។

29 មាន​បងប្អូនប្រុស​ប្រាំពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មានកូន​។

30 ប្អូន​ទីពីរ

31 និង​ទីបី​ក៏​យក​នាង ហើយ​បងប្អូន​ទាំង​ប្រាំពីរ​នាក់​ក៏​ស្លាប់​ទៅ​ដោយ​មិន​បាន​បន្សល់​កូន​ដូចគ្នាដែរ​។

32 នៅទីបំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។

33 ដូច្នេះ នៅ​ថ្ងៃនៃការរស់ឡើងវិញ តើ​ស្ត្រី​នោះ​នឹង​ទៅជា​ប្រពន្ធ​របស់​នរណា​ក្នុង​ពួកគេ​? ដ្បិត​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ជា​ប្រពន្ធ”។

34 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“កូនចៅ​នៃ​លោកីយ៍​នេះ​រៀបការជាប្ដីប្រពន្ធ

35 ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​លោកខាងមុខ និង​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួកគេ​មិន​រៀបការជាប្ដីប្រពន្ធ​ឡើយ​។

36 ជាការពិត ពួកគេ​មិន​អាច​ស្លាប់​ទៀត​ឡើយ ដ្បិត​ពួកគេ​នឹង​បាន​ដូចជាបណ្ដាទូតសួគ៌ និង​បានជា​កូនរបស់ព្រះ គឺ​បានជា​កូនចៅ​នៃ​ការរស់ឡើងវិញ​។

37 ចំពោះការដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ ម៉ូសេ​ក៏​បញ្ជាក់​នៅត្រង់​វគ្គ ‘គុម្ពបន្លា’ ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​:‘ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប’។

38 ដូច្នេះ ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​។ ដ្បិត​នៅចំពោះ​ព្រះ មនុស្ស​ទាំងអស់​នៅរស់”។

39 ពួក​គ្រូវិន័យ​ខ្លះ​និយាយ​ថា៖ “លោកគ្រូ លោក​និយាយ​ត្រូវ​ហើយ”។

40 បន្ទាប់មក ពួកគេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទៀត​ឡើយ​។


ព្រះគ្រីស្ទ និងដាវីឌ

41 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ម្ដេចក៏​គេ​និយាយថា ព្រះ​គ្រីស្ទ​ជា​ពូជពង្ស​របស់​ដាវីឌ​?

42 ដាវីឌ​ផ្ទាល់​បាន​ថ្លែង​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​: ‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង

43 រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក’។

44 ដាវីឌ​បាន​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ បើដូច្នេះ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។


ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ

45 ខណៈដែល​ប្រជាជន​ទាំងមូល​កំពុង​ស្ដាប់ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖

46 “ចូរ​ប្រយ័ត្នប្រយែង​នឹង​ពួក​គ្រូវិន័យ​។ ពួកគេ​ចូលចិត្ត​ពាក់​អាវវែង​ដើរចុះដើរឡើង ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​កៅអីកិត្តិយស​ក្នុង​សាលាប្រជុំ និង​កន្លែងកិត្តិយស​នៅក្នុង​ពិធីជប់លៀង​។

47 ពួកគេ​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ អ្នកទាំងនេះ​នឹង​ទទួល​ទោសធ្ងន់ជាង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម