Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាស្តា 10 - ព្រះគម្ពីរខ្មែរសាកល


ផលពិបាកនៃភាពល្ងង់

1 រុយ​ងាប់​ធ្វើឲ្យ​ប្រេង​របស់​អ្នកធ្វើទឹកអប់​ភាយក្លិនស្អុយ​; ភាពល្ងង់​តែបន្តិច​ក៏​ធ្ងន់​ជាង​ប្រាជ្ញា និង​កិត្តិយស​ដែរ​។

2 ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា​ឆ្ពោះទៅ​ស្ដាំ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ឆ្ពោះទៅ​ឆ្វេង​។

3 សូម្បីតែ​នៅពេល​មនុស្សល្ងង់​ដើរ​តាម​ផ្លូវ ក៏​គេ​ខ្វះ​វិចារណញ្ញាណ​ដែរ ហើយ​បង្ហាញ​ដល់​គ្រប់គ្នា​ថា ខ្លួនឯង​ជា​មនុស្សល្ងង់​។

4 ប្រសិនបើ​កំហឹង​របស់​មេគ្រប់គ្រង​ឆួលឡើង​ទាស់នឹង​អ្នក កុំ​ចាកចោល​កន្លែង​របស់អ្នក​ឡើយ ដ្បិត​ភាពស្ងប់ស្ងាត់​អាច​រម្ងាប់​កំហុស​ដ៏ធំ​បាន​។

5 មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ មើលទៅដូចជា​កំហុសអចេតនា​ដែល​ចេញមក​ពី​មេគ្រប់គ្រង គឺ​:

6 មាន​មនុស្សឆោតល្ងង់​ត្រូវបាន​តាំងឡើង​ក្នុង​កន្លែងខ្ពង់ខ្ពស់​នានា រីឯ​ពួក​អ្នកមាន​អង្គុយ​នៅ​កន្លែងតូចទាប​វិញ​។

7 ខ្ញុំ​បាន​ឃើញ​បាវបម្រើ​នៅលើ​សេះ រីឯ​ពួក​មេដឹកនាំ​ដើរ​នៅលើ​ដី​ដូច​បាវបម្រើ​វិញ​។

8 អ្នកដែល​ជីក​រណ្ដៅ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​; អ្នកដែល​រំលំ​របងថ្ម នឹង​ត្រូវ​ពស់​ចឹក​។

9 អ្នកដែល​គាស់​ថ្ម​នឹង​ត្រូវរបួស​ដោយ​ថ្ម​; អ្នកដែល​ពុះ​អុស​នឹង​មានគ្រោះថ្នាក់​ដោយ​អុស​។

10 ប្រសិនបើ​ផ្លែពូថៅ​រឹល ហើយ​គេ​មិន​បាន​សំលៀង​មុខ​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​; រីឯ​ប្រាជ្ញា​នាំមកនូវ​ប្រយោជន៍​។

11 ប្រសិនបើ​ពស់​ចឹក​មុន​សូត្រមន្តអាគម នោះ​គ្មាន​ប្រយោជន៍​ដល់​គ្រូចាប់ពស់​ឡើយ​។

12 ពាក្យសម្ដី​ពី​មាត់​របស់​មនុស្ស​មានប្រាជ្ញា ប្រកបដោយ​សេចក្ដីសន្ដោស រីឯ​បបូរមាត់​របស់​មនុស្សល្ងង់ បំផ្លាញ​ខ្លួនឯង​វិញ​——

13 ការចាប់ផ្ដើម​នៃ​ពាក្យសម្ដី​ពី​មាត់​របស់គេ​ជា​ភាពល្ងង់ ហើយ​ចុងបញ្ចប់​នៃ​វាចា​របស់គេ​ជា​ភាពចម្កួត​ដ៏អាក្រក់​។

14 មនុស្សល្ងង់​បង្កើន​ពាក្យសម្ដី​។ គ្មាន​មនុស្ស​ណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្រោយពី​គេ​បាន​?

15 ការនឿយហត់​របស់​មនុស្សល្ងង់​ធ្វើឲ្យ​ខ្លួនគេ​អស់កម្លាំង ពីព្រោះ​គេ​មិន​ដឹង​ថា​ទៅ​ដល់​ទីក្រុង​យ៉ាងណា​ទេ​។

16 វេទនា​ដល់​អ្នក​ហើយ ស្រុក​អើយ​! នៅពេល​ស្ដេច​របស់អ្នក​ជា​កូនក្មេង ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ស៊ីផឹក​នៅ​ពេលព្រឹក​!

17 មានពរ​ដល់​អ្នក​ហើយ ស្រុក​អើយ​! នៅពេល​ស្ដេច​របស់អ្នក​ជា​កូន​អភិជន ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ហូប​តាម​ពេល​ដើម្បី​មាន​កម្លាំង គឺ​មិនមែន​ដើម្បី​ស្រវឹង​ឡើយ​!

18 ដោយសារតែ​ភាពខ្ជិលច្រអូស ផ្ទោងដំបូល​បាក់ចុះ ហើយ​ដោយសារតែ​ភាពខ្ជីខ្ជា​នៃ​ដៃ ផ្ទះ​ក៏​លេចធ្លុះ​។

19 គេ​តែងតែ​រៀបចំជប់លៀង​សម្រាប់​ការសើចសប្បាយ ហើយ​ស្រាទំពាំងបាយជូរ​ធ្វើឲ្យ​ជីវិត​សប្បាយ ប៉ុន្តែ​ប្រាក់​ឆ្លើយតប​នឹង​អ្វីៗ​ទាំងអស់​។

20 កុំ​ប្រទេចផ្ដាសា​ស្ដេច ទោះបីជា​នៅក្នុង​គំនិត​របស់អ្នក​ក៏ដោយ ហើយ​កុំ​ប្រទេចផ្ដាសា​អ្នកមាន នៅក្នុង​បន្ទប់ដេក​របស់អ្នក​ដែរ ដ្បិត​បក្សាបក្សីនៅលើអាកាស​អាច​នាំ​សំឡេង​ទៅ ហើយ​សត្វស្លាប​អាច​ប្រាប់​ពាក្យ​នោះ​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម