Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 16 - ព្រះគម្ពីរខ្មែរសាកល


គ្មានសេចក្ដីល្អណាក្រៅពីព្រះ
មីកតាំ ​របស់​ដាវីឌ​។

1 ឱ​ព្រះ​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​!

2 ខ្ញុំ​ទូល​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃទូលបង្គំ ទូលបង្គំ​គ្មាន​សេចក្ដីល្អ​ណា​ក្រៅពី​ព្រះអង្គ​ឡើយ”។

3 ចំពោះ​វិសុទ្ធជន​ដែល​នៅលើ​ផែនដី ពួកគេ​ជា​មនុស្ស​ដ៏ឧត្ដុង្គឧត្ដម អស់ទាំង​សេចក្ដីត្រេកអរ​របស់ទូលបង្គំ​នៅក្នុង​ពួកគេ​។

4 ទុក្ខព្រួយ​របស់ពួកអ្នក​ដែល​ប្រញាប់តាម​ព្រះ​ដទៃ​នឹង​កើនឡើង​; ទូលបង្គំ​នឹង​មិន​ច្រូច​ឈាមជាតង្វាយច្រូច​របស់ពួកគេ​នោះ​ឡើយ ក៏​មិន​លើកយក​ឈ្មោះ​របស់​ព្រះទាំងនោះ​លើ​បបូរមាត់​ទូលបង្គំ​ដែរ​។

5 ព្រះយេហូវ៉ា​ជា​ចំណែក​មរតក​របស់ទូលបង្គំ និង​ជា​ពែង​របស់ទូលបង្គំ​; គឺ​ព្រះអង្គ​ហើយ ដែល​កាន់​វាសនា​របស់ទូលបង្គំ​!

6 ខ្សែរង្វាស់​បាន​ធ្លាក់​នៅ​កន្លែង​គាប់ចិត្ត​សម្រាប់​ទូលបង្គំ ពិតមែនហើយ ទូលបង្គំ​បាន​មរតក​ដ៏ល្អ​!

7 ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា ជា​ព្រះអង្គដែល​ជួយគំនិត​ទូលបង្គំ​; សូម្បីតែ​ពេលយប់ ក៏​ចិត្ត​ទូលបង្គំ​ប្រៀនប្រដៅ​ទូលបង្គំ​ដែរ​។

8 ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។

9 ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ ព្រលឹង​របស់ទូលបង្គំ​ត្រេកអរ ហើយ​រូបកាយ​ទូលបង្គំ​ក៏​រស់នៅ​ដោយ​សុខដុមរមនា​;

10 ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ​។

11 ព្រះអង្គ​នឹង​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត​; នៅចំពោះ​ព្រះអង្គ​មាន​អំណរ​ដ៏ពោរពេញ នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​មាន​សេចក្ដីរីករាយ​ជាដរាប​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម