ម៉ាកុស 16 - ព្រះគម្ពីរខ្មែរសាកលព្រឹកនៃការរស់ឡើងវិញ 1 នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយរបស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។ 2 ព្រលឹមឡើង នៅថ្ងៃទីមួយនៃសប្ដាហ៍ ពួកនាងមកដល់រូងផ្នូរនៅពេលថ្ងៃរះ។ 3 ពួកនាងនិយាយគ្នាថា៖ “តើនរណានឹងប្រមៀលថ្មចេញពីមាត់រូងផ្នូរឲ្យពួកយើង?” 4 ដ្បិតថ្មនោះធំសម្បើមណាស់។ ប៉ុន្តែនៅពេលងើបភ្នែកមើល ពួកនាងក៏ឃើញថា ថ្មនោះត្រូវបានប្រមៀលចេញហើយ។ 5 ស្ត្រីទាំងនោះចូលទៅក្នុងរូងផ្នូរ ឃើញបុរសវ័យក្មេងម្នាក់ដែលពាក់អាវវែងពណ៌សអង្គុយនៅខាងស្ដាំ ពួកនាងក៏ភ័យស្លុតយ៉ាងខ្លាំង។ 6 ប៉ុន្តែបុរសនោះនិយាយនឹងពួកនាងថា៖ “កុំភ័យស្លុតឡើយ! ពួកនាងកំពុងរកព្រះយេស៊ូវអ្នកណាសារ៉ែត ដែលត្រូវគេឆ្កាង។ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ។ មើល៍! នេះហើយជាកន្លែងដែលគេដាក់ព្រះអង្គ។ 7 ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។ 8 ពួកនាងក៏ចេញពីរូងផ្នូរមក ហើយរត់គេចទៅ ពីព្រោះពួកនាងញ័ររន្ធត់ទាំងភ័យស្លុត។ ពួកនាងមិនបានប្រាប់អ្វីដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចយ៉ាងខ្លាំង។ ការលេចមករបស់ព្រះអម្ចាស់ 9 នៅព្រឹកព្រលឹមថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកមុនដំបូងដល់ម៉ារាអ្នកម៉ាក់ដាឡាដែលព្រះអង្គធ្លាប់ដេញអារក្សប្រាំពីរឲ្យចេញពីនាង។ 10 នាងក៏ទៅប្រាប់ពួកអ្នកដែលធ្លាប់នៅជាមួយព្រះអង្គ ក្នុងពេលដែលពួកគេកំពុងកាន់ទុក្ខ និងយំសោក។ 11 នៅពេលឮថា ព្រះអង្គមានព្រះជន្មរស់ និងឮថានាងបានឃើញព្រះអង្គ ក៏ពួកគេមិនជឿដែរ។ 12 បន្ទាប់ពីការទាំងនេះ ព្រះអង្គបានលេចមកក្នុងទ្រង់ទ្រាយផ្សេងដល់សិស្សពីរនាក់ ពេលពួកគេកំពុងដើរទៅជនបទ។ 13 ពីរនាក់នោះបានទៅប្រាប់អ្នកឯទៀតៗ ប៉ុន្តែគេក៏មិនជឿពីរនាក់នោះដែរ។ មហាបេសកកម្ម 14 ក្រោយមកទៀត នៅពេលពួកគេកំពុងរួមតុអាហារ ព្រះយេស៊ូវបានលេចមកដល់សាវ័កទាំងដប់មួយនាក់ ហើយស្ដីបន្ទោសពួកគេអំពីភាពឥតជំនឿ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ។ 15 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរចេញទៅទូទាំងពិភពលោក ហើយប្រកាសដំណឹងល្អនេះដល់មនុស្សលោកទាំងអស់។ 16 អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។ 17 ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺពួកគេនឹងដេញអារក្សចេញក្នុងនាមរបស់ខ្ញុំ និយាយភាសាថ្មី 18 ចាប់ពស់ដោយដៃ ហើយទោះបីជាផឹកអ្វីដែលមានជាតិពុលក៏ដោយ ក៏គ្មានគ្រោះថ្នាក់សោះឡើយ។ ពួកគេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ”។ ការយាងឡើងទៅស្ថានសួគ៌ 19 បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។ 20 ពួកសិស្សក៏ចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ទ្រង់ធ្វើការជាមួយពួកគេ ព្រមទាំងបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់នានាដែលជាប់តាមផង៕៚ |