លូកា 22 - ព្រះគម្ពីរខ្មែរសាកលផែនការធ្វើគុតព្រះយេស៊ូវ 1 បុណ្យនំប៉័ងឥតមេដែលគេហៅថាបុណ្យរំលង ជិតមកដល់ហើយ។ 2 ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយធ្វើគុតព្រះយេស៊ូវ ដ្បិតពួកគេខ្លាចប្រជាជន។ 3 ពេលនោះ សាតាំងបានចូលក្នុងយូដាសដែលគេហៅថាអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់។ 4 គាត់ចេញទៅ ពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងពួកមេតម្រួតអំពីរបៀបដែលគាត់អាចប្រគល់ព្រះយេស៊ូវទៅពួកគេ។ 5 ពួកគេក៏អរសប្បាយ ហើយសន្យាឲ្យលុយដល់គាត់។ 6 យូដាសក៏យល់ព្រម ហើយចាប់ផ្ដើមរកឱកាសប្រគល់ព្រះយេស៊ូវទៅពួកគេ ក្នុងពេលដែលគ្មានហ្វូងមនុស្ស។ ការរៀបចំពិធីបុណ្យរំលង 7 ថ្ងៃបុណ្យនំប៉័ងឥតមេ ជាថ្ងៃដែលត្រូវតែសម្លាប់កូនចៀមនៃបុណ្យរំលង បានមកដល់។ 8 ព្រះយេស៊ូវទ្រង់ចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖“ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើង ដើម្បីឲ្យពួកយើងបានហូប”។ 9 ពួកគេទូលសួរព្រះអង្គថា៖ “តើលោកចង់ឲ្យយើងខ្ញុំរៀបចំនៅឯណា?”។ 10 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មើល៍! នៅពេលពួកអ្នកចូលទៅទីក្រុង មានបុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងជួបពួកអ្នក។ ចូរទៅតាមគាត់រហូតដល់ផ្ទះដែលគាត់ចូលនោះចុះ 11 ហើយនិយាយនឹងម្ចាស់ផ្ទះថា: ‘លោកគ្រូសួរអ្នកថា តើបន្ទប់ទទួលភ្ញៀវដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’ 12 គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់ខាងលើដែលរៀបចំជាស្រេច ដល់ពួកអ្នក។ ចូររៀបចំនៅទីនោះចុះ”។ 13 ពួកគេក៏ចេញទៅ ហើយឃើញដូចដែលព្រះយេស៊ូវបានមានបន្ទូលនឹងពួកគេ រួចពួកគេក៏រៀបចំអាហារបុណ្យរំលង។ ពិធីលៀងព្រះអម្ចាស់លើកដំបូង 14 លុះដល់ម៉ោងហើយ ព្រះយេស៊ូវគង់ចុះនៅតុអាហារ ហើយសាវ័កទាំងដប់ពីរនាក់ក៏អង្គុយជាមួយព្រះអង្គដែរ។ 15 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំប្រាថ្នាចង់ហូបអាហារបុណ្យរំលងនេះជាមួយអ្នករាល់គ្នាខ្លាំងណាស់ មុនខ្ញុំរងទុក្ខ។ 16 ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនហូបអាហារពិធីបុណ្យនេះទៀតជាដាច់ខាត រហូតដល់ពិធីបុណ្យនេះត្រូវបានបំពេញឲ្យសម្រេចនៅក្នុងអាណាចក្ររបស់ព្រះ”។ 17 បន្ទាប់មក ព្រះអង្គទ្រង់យកពែង ហើយអរព្រះគុណ រួចមានបន្ទូលថា៖“ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ។ 18 ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរនេះជាដាច់ខាត រហូតដល់អាណាចក្ររបស់ព្រះបានមកដល់”។ 19 ព្រះអង្គក៏យកនំប៉័ង អរព្រះគុណ ហើយកាច់ រួចប្រទានដល់ពួកគេ ទាំងមានបន្ទូលថា៖“នេះជារូបកាយរបស់ខ្ញុំដែលបានថ្វាយសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។ 20 ក្រោយពីហូបរួចហើយ ព្រះអង្គក៏យកពែងមកធ្វើដូចគ្នាដែរ ដោយមានបន្ទូលថា៖“ពែងនេះជាសម្ពន្ធមេត្រីថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ជាឈាមដែលបង្ហូរសម្រាប់អ្នករាល់គ្នា។ 21 ប៉ុន្តែមើល៍! ដៃរបស់អ្នកដែលនឹងក្បត់ខ្ញុំ ក៏នៅតុជាមួយខ្ញុំដែរ។ 22 ជាការពិត កូនមនុស្សនឹងទៅមែន តាមសេចក្ដីដែលត្រូវបានកំណត់ទុក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស”។ 23 ដូច្នេះ ពួកគេក៏ចាប់ផ្ដើមជជែកគ្នា ថាតើអ្នកដែលរៀបនឹងធ្វើការនេះ ជាអ្នកណាក្នុងពួកគេ។ ជម្លោះអំពីអ្នកណាធំជាង 24 មានជម្លោះកើតឡើងក្នុងចំណោមពួកសិស្ស ថាតើអ្នកណាក្នុងពួកគេត្រូវរាប់ជាធំជាង។ 25 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“បណ្ដាស្ដេចរបស់សាសន៍ដទៃជិះជាន់លើសាសន៍របស់ខ្លួន ហើយពួកអ្នកកាន់អំណាចលើពួកគេ ក៏ត្រូវគេហៅថា អ្នកមានគុណ។ 26 ប៉ុន្តែអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ ចូរឲ្យអ្នកដែលធំជាងក្នុងចំណោមអ្នករាល់គ្នា ធ្វើដូចជាអ្នកក្មេងជាងគេ; ចូរឲ្យអ្នកដែលដឹកនាំគេ ធ្វើដូចជាអ្នកដែលបម្រើ។ 27 តើនរណាធំជាង អ្នកដែលរួមតុអាហារ ឬអ្នកដែលបម្រើ? តើមិនមែនអ្នកដែលរួមតុអាហារទេឬ? ប៉ុន្តែខ្ញុំវិញ ខ្ញុំបានដូចជាអ្នកដែលបម្រើនៅកណ្ដាលចំណោមអ្នករាល់គ្នា។ 28 យ៉ាងណាមិញ អ្នករាល់គ្នាជាអ្នកដែលតែងតែនៅជាមួយខ្ញុំ ក្នុងពេលខ្ញុំជួបការសាកល្បង; 29 ហើយខ្ញុំក៏នឹងប្រគល់អាណាចក្រឲ្យអ្នករាល់គ្នា ដូចដែលព្រះបិតារបស់ខ្ញុំបានប្រគល់មកខ្ញុំដែរ 30 ដើម្បីឲ្យអ្នករាល់គ្នាបានហូប និងផឹកនៅតុខ្ញុំក្នុងអាណាចក្ររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល”។ ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស 31 ព្រះអម្ចាស់មានបន្ទូលទៀតថា៖“ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងបានទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នាដូចស្រូវសាលី។ 32 ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។ 33 ប៉ុន្តែពេត្រុសទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបនឹងទៅជាមួយព្រះអង្គហើយ ទោះបីជាដល់គុក ឬដល់សេចក្ដីស្លាប់ក៏ដោយ!”។ 34 ព្រះយេស៊ូវមានបន្ទូលថា៖“ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមាន់នឹងមិនរងាវឡើយ រហូតទាល់តែអ្នកបដិសេធបីដងថាមិនស្គាល់ខ្ញុំ”។ ចូរត្រៀមខ្លួនចំពោះទុក្ខលំបាក 35 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“កាលខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាមានខ្វះអ្វីឬទេ?”។ ពួកគេទូលថា៖ “គ្មានទេ”។ 36 ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ប៉ុន្តែឥឡូវនេះ អ្នកដែលមានថង់ប្រាក់ ចូរយកទៅ; ដូចគ្នាដែរ អ្នកដែលមានថង់យាម ក៏ចូរយកទៅដែរ; រីឯអ្នកដែលគ្មានដាវ ចូរលក់សម្លៀកបំពាក់របស់ខ្លួន ហើយទិញមួយទៅ។ 37 ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីនេះដែលមានសរសេរទុកមកថា:‘លោកត្រូវគេរាប់ជាមួយមនុស្សឥតច្បាប់’ត្រូវតែបានបំពេញឲ្យសម្រេចនៅក្នុងខ្ញុំ ដ្បិតសេចក្ដីដែលមានសរសេរទុកមកទាក់ទងនឹងខ្ញុំកំពុងតែបានបំពេញឲ្យសម្រេចហើយ”។ 38 ពួកគេទូលថា៖ “ព្រះអម្ចាស់អើយ មើល៍! មានដាវពីរនៅទីនេះ”។ ព្រះយេស៊ូវមានបន្ទូលថា៖“ល្មមហើយ”។ អធិស្ឋាននៅសួន 39 ព្រះយេស៊ូវទ្រង់ចេញពីទីនោះ ហើយយាងឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ ពួកសិស្សក៏ទៅតាមព្រះអង្គដែរ។ 40 នៅពេលយាងទៅដល់កន្លែងហើយ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។ 41 បន្ទាប់មក ព្រះអង្គយាងចេញពីពួកគេ ចម្ងាយប្រមាណចោលមួយដុំថ្ម ហើយលុតជង្គង់អធិស្ឋាន 42 ថា៖“ព្រះបិតាអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមយកពែងនេះចេញពីទូលបង្គំផង! ប៉ុន្តែសូមកុំតាមបំណងចិត្តរបស់ទូលបង្គំឡើយ គឺសូមឲ្យសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះអង្គវិញ”។ 43 មានទូតសួគ៌ពីស្ថានសួគ៌បានលេចមកពង្រឹងកម្លាំងព្រះអង្គ។ 44 ដោយស្ថិតនៅក្នុងភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវទ្រង់អធិស្ឋានកាន់តែខ្លាំងទ្បើង ហើយតំណក់ញើសរបស់ព្រះអង្គក៏បានដូចជាតំណក់ឈាមធំៗស្រក់ចុះលើដី។ 45 នៅពេលក្រោកឡើងពីការអធិស្ឋាន ព្រះយេស៊ូវយាងមករកពួកសិស្ស ហើយឃើញពួកគេដេកលក់ដោយសារតែទុក្ខព្រួយ 46 ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។ សញ្ញានៃការថើបរបស់យូដាស 47 ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ មើល៍! មានហ្វូងមនុស្សមួយក្រុមបានមក។ ម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ គឺអ្នកដែលគេហៅថាយូដាស កំពុងនាំមុខពួកគេ។ គាត់ចូលមកជិតព្រះយេស៊ូវដើម្បីថើបព្រះអង្គ។ 48 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“យូដាសអើយ តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?”។ 49 នៅពេលពួកអ្នកដែលនៅជុំវិញព្រះយេស៊ូវឃើញហេតុការណ៍ដែលរៀបនឹងកើតឡើង ពួកគេទូលថា៖ “ព្រះអម្ចាស់! តើឲ្យយើងខ្ញុំកាប់នឹងដាវឬ?”។ 50 មានម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកស្ដាំរបស់អ្នកនោះ។ 51 ព្រះយេស៊ូវមានបន្ទូលតបថា៖“ឈប់! ប៉ុណ្ណឹងបានហើយ!” រួចព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះ ហើយប្រោសគាត់ឲ្យជា។ 52 ព្រះយេស៊ូវមានបន្ទូលនឹងពួកនាយកបូជាចារ្យ ពួកមេតម្រួតព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖“អ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាតាមចាប់ចោរប្លន់ឬ? 53 ខ្ញុំនៅក្នុងព្រះវិហារជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ។ យ៉ាងណាមិញ នេះជាពេលវេលារបស់អ្នករាល់គ្នា និងជាអំណាចនៃសេចក្ដីងងឹត”។ ពេត្រុសបដិសេធព្រះយេស៊ូវ 54 ពួកគេក៏ចាប់ព្រះយេស៊ូវ ហើយនាំចូលទៅក្នុងផ្ទះរបស់មហាបូជាចារ្យ។ រីឯពេត្រុសទៅតាមពីចម្ងាយ។ 55 ពួកគេបានបង្កាត់ភ្លើងនៅកណ្ដាលទីធ្លា ហើយអង្គុយជាមួយគ្នា ពេត្រុសក៏អង្គុយក្នុងចំណោមពួកគេដែរ។ 56 មានបាវបម្រើស្រីម្នាក់ឃើញពេត្រុសកំពុងអង្គុយក្នុងពន្លឺភ្លើង ក៏សម្លឹងមើលគាត់ ហើយនិយាយថា៖ “ម្នាក់នេះក៏នៅជាមួយអ្នកនោះដែរ”។ 57 ប៉ុន្តែពេត្រុសបដិសេធថា៖ “ស្ត្រីអើយ ខ្ញុំមិនស្គាល់អ្នកនោះទេ!”។ 58 បន្តិចក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ “អ្នកឯងក៏ជាគ្នាពួកនោះដែរ”។ ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនមែនទេ”។ 59 ប្រមាណជាមួយម៉ោងក្រោយមក មានម្នាក់ផ្សេងទៀតអះអាងថា៖ “អ្នកនេះពិតជានៅជាមួយអ្នកនោះមែន ពីព្រោះគាត់ជាអ្នកកាលីឡេដែរ”។ 60 ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។ 61 ព្រះអម្ចាស់ក៏ងាកមកសម្លឹងមើលពេត្រុស នោះពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលនឹងគាត់ថា:“មុនមាន់រងាវថ្ងៃនេះ អ្នកនឹងបដិសេធខ្ញុំបីដង”។ 62 គាត់ក៏ចេញទៅខាងក្រៅទាំងយំសោកស្ដាយយ៉ាងខ្លាំង។ ព្រះយេស៊ូវត្រូវគេចំអក និងវាយ 63 រីឯពួកអ្នកដែលយាមព្រះយេស៊ូវ ចំអកឡកឡឺយដាក់ព្រះអង្គ វាយព្រះអង្គ 64 ហើយបិទព្រះភក្ត្រព្រះអង្គ ទាំងសួរថា៖ “ព្យាករមើល៍! តើនរណាវាយអ្នកឯង?”។ 65 គេជេរប្រមាថព្រះអង្គដោយពោលពាក្យផ្សេងៗជាច្រើនផង។ ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា 66 លុះព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យរបស់ប្រជាជន ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានជួបជុំគ្នា។ ពួកគេនាំព្រះយេស៊ូវទៅឯក្រុមប្រឹក្សារបស់ពួកគេ 67 ហើយនិយាយថា៖ “បើសិនអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមក”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើខ្ញុំប្រាប់អស់លោក ក៏អស់លោកមិនជឿឡើយ 68 ហើយប្រសិនបើខ្ញុំសួរអស់លោក ក៏អស់លោកមិនឆ្លើយដែរ។ 69 ប៉ុន្តែចាប់ពីឥឡូវនេះទៅ កូនមនុស្សនឹងអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដា”។ 70 ពួកគេទាំងអស់គ្នាសួរថា៖ “បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺអស់លោកនិយាយទេ ថាគឺខ្ញុំហ្នឹងហើយ”។ 71 ពួកគេក៏និយាយថា៖ “យើងត្រូវការទីបន្ទាល់អីទៀត? ដ្បិតយើងផ្ទាល់បានឮពីមាត់របស់វាហើយ”៕ |