Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 15 - ព្រះគម្ពីរខ្មែរសាកល

1 ចម្លើយ​ទន់ភ្លន់​រម្ងាប់​សេចក្ដីក្ដៅក្រហាយ ប៉ុន្តែ​សម្ដី​គំរោះគំរើយ​បង្ក​កំហឹង​វិញ​។

2 អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា​ធ្វើឲ្យ​ចំណេះដឹង​មានការចាប់អារម្មណ៍ រីឯ​មាត់​របស់​មនុស្សល្ងង់​វិញ បង្ហូរចេញ​នូវ​សេចក្ដីល្ងង់​។

3 ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅ​គ្រប់​កន្លែង ព្រះអង្គ​ទត​មើល​ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។

4 អណ្ដាត​នៃ​ការប្រោសឲ្យជា ជា​ដើមឈើ​នៃ​ជីវិត រីឯ​ភាពវៀចវេរ​នៅក្នុង​អណ្ដាត ជា​ការបាក់បែក​ដល់​ចិត្ត​។

5 មនុស្សល្ងីល្ងើ​មើលងាយ​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​ខ្លួន រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ តែងតែ​ប្រុងប្រយ័ត្ន​។

6 ផ្ទះ​របស់​មនុស្ស​សុចរិត មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​នៅក្នុង​ផល​របស់​មនុស្ស​អាក្រក់ មានអំពល់​។

7 បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា ផ្សាយ​ចំណេះដឹង ប៉ុន្តែ​ចិត្ត​របស់​មនុស្សល្ងង់​មិនមែន​ដូច្នោះ​ទេ​។

8 យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។

9 ផ្លូវ​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ស្រឡាញ់​អ្នកដែល​ដេញតាម​សេចក្ដីសុចរិតយុត្តិធម៌​។

10 ការប្រៀនប្រដៅ​យ៉ាងធ្ងន់ធ្ងរ គឺ​សម្រាប់​អ្នកដែល​បោះបង់ចោល​មាគ៌ា​; អ្នកដែល​ស្អប់​ការស្ដីប្រដៅ​នឹង​ត្រូវ​ស្លាប់​។

11 សូម្បីតែ​ស្ថានមនុស្សស្លាប់ និង​ស្ថាននរក​ក៏​ចំហ​នៅចំពោះ​ព្រះយេហូវ៉ា ចុះទម្រាំ​ចិត្ត​របស់​មនុស្សលោក​វិញ តើ​ចំហ​អម្បាលម៉ាន​ទៅទៀត​!

12 មនុស្សចំអកឡកឡឺយ​មិន​ចូលចិត្ត​អ្នកដែល​ស្ដីបន្ទោស​ខ្លួន​ឡើយ ក៏មិន​ទៅ​រក​មនុស្ស​មានប្រាជ្ញា​ដែរ​។

13 ចិត្ត​អរសប្បាយ​ធ្វើឲ្យ​ទឹកមុខ​រីករាយ ប៉ុន្តែ​ទុក្ខព្រួយ​ក្នុង​ចិត្ត​ធ្វើឲ្យ​វិញ្ញាណ​ខ្ទេចខ្ទាំ​។

14 ចិត្ត​ដែល​មានការយល់ច្បាស់ ស្វែងរក​ចំណេះដឹង រីឯ​មាត់​របស់​មនុស្សល្ងង់​ស៊ី​សេចក្ដីល្ងង់​ជាអាហារ​។

15 អស់ទាំង​ថ្ងៃ​របស់​មនុស្ស​រងទុក្ខ សុទ្ធតែ​វេទនា ប៉ុន្តែ​ចិត្ត​រីករាយ​មាន​ពិធីជប់លៀង​ជានិច្ច​។

16 មាន​របស់​តែបន្តិច​ដោយមាន​ការកោតខ្លាច​ព្រះយេហូវ៉ា ប្រសើរ​ជាង​មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​មាន​ទុក្ខកង្វល់​។

17 ស៊ូឲ្យ​មាន​ម្ហូប​ជា​បន្លែ នៅ​កន្លែង​ដែល​មាន​ការស្រឡាញ់គ្នា ប្រសើរ​ជាង​មាន​សាច់​គោ​បំប៉ន ប៉ុន្តែ​មាន​ការស្អប់គ្នា​។

18 មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។

19 ផ្លូវ​របស់​មនុស្ស​ខ្ជិលច្រអូស​ប្រៀបដូចជា​របង​បន្លា រីឯ​គន្លង​របស់​មនុស្ស​ទៀងត្រង់​ប្រៀបដូចជា​មហាវិថី​។

20 កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។

21 ភាពល្ងង់​ជា​អំណរ​ដល់​មនុស្ស​ខ្វះ​វិចារណញ្ញាណ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង​ដើរទៅត្រង់​។

22 ដោយ​គ្មាន​ការពិគ្រោះ គម្រោង​ក៏​បរាជ័យ ដោយ​មាន​ទីប្រឹក្សា​ច្រើន គម្រោង​នឹង​បាន​សម្រេច​។

23 អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!

24 ផ្លូវ​នៃ​ជីវិត​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​បាន​ទៅ​ខាងលើ ដើម្បីឲ្យ​បាន​បែរចេញ​ពី​ស្ថានមនុស្សស្លាប់​ខាងក្រោម​។

25 ព្រះយេហូវ៉ា​នឹង​ដក​ផ្ទះ​របស់​មនុស្ស​ក្រអឺតក្រទម​ចេញ ប៉ុន្តែ​ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រំដី​របស់​ស្ត្រីមេម៉ាយ​ស្ថិតនៅជាប់​។

26 គំនិត​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ពាក្យសម្ដី​សប្បុរស​គឺ​បរិសុទ្ធ​។

27 អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។

28 ចិត្ត​របស់​មនុស្ស​សុចរិត​ជញ្ជឹងគិត​ថា​គួរ​ឆ្លើយ​យ៉ាងណា រីឯ​មាត់​របស់​មនុស្ស​អាក្រក់​បង្ហូរចេញ​នូវ​សេចក្ដីអាក្រក់​។

29 ព្រះយេហូវ៉ា​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សណ្ដាប់​ពាក្យអធិស្ឋាន​របស់​មនុស្ស​សុចរិត​។

30 ពន្លឺ​នៃ​ភ្នែក​ធ្វើឲ្យ​ចិត្ត​អរសប្បាយ ហើយ​ដំណឹង​ល្អ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​។

31 ត្រចៀក​ដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ​អំពី​ជីវិត នឹង​ស្នាក់នៅ​ក្នុងចំណោម​មនុស្ស​មានប្រាជ្ញា​។

32 អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ គឺ​បោះបង់ចោល​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ ទទួលបាន​ការយល់ដឹង​។

33 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដីប្រៀនប្រដៅ​នៃ​ប្រាជ្ញា ហើយ​មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម