ម៉ាកុស 12 - ព្រះគម្ពីរខ្មែរសាកលពាក្យឧបមាអំពីម្ចាស់ចម្ការទំពាំងបាយជូរ 1 ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។ 2 លុះដល់រដូវប្រមូលផលលោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅរកពួកកសិករ ដើម្បីទទួលផលចម្ការទំពាំងបាយជូរពីកសិករទាំងនោះ។ 3 ប៉ុន្តែពួកគេចាប់ម្នាក់នោះវាយ ហើយបណ្ដេញឲ្យទៅវិញដោយដៃទទេ។ 4 ម្ចាស់ចម្ការក៏ចាត់បាវបម្រើផ្សេងឲ្យទៅរកពួកគេម្ដងទៀត។ ពួកគេសំពងក្បាល និងបង្អាប់បង្អោនគាត់។ 5 ម្ចាស់ចម្ការចាត់ម្នាក់ទៀតឲ្យទៅ ពួកគេក៏សម្លាប់ម្នាក់នោះ។ លោកចាត់អ្នកផ្សេងទៀតជាច្រើន ពួកគេក៏វាយខ្លះ និងសម្លាប់ខ្លះ។ 6 “ម្ចាស់ចម្ការនោះនៅមានម្នាក់ទៀត គឺកូនប្រុសដ៏ជាទីស្រឡាញ់របស់លោក។ នៅទីបំផុត លោកក៏ចាត់កូននោះឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។ 7 “ប៉ុន្តែកសិករទាំងនោះនិយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោលទៅ នោះទ្រព្យមរតកនឹងបានជារបស់យើង’។ 8 ដូច្នេះ ពួកគេក៏ចាប់គាត់មកសម្លាប់ ហើយបោះចោលទៅខាងក្រៅចម្ការទំពាំងបាយជូរ។ 9 “ចុះម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេច? លោកនឹងមកបំផ្លាញជីវិតកសិករទាំងនោះ រួចប្រគល់ចម្ការទំពាំងបាយជូរដល់អ្នកផ្សេងទៀត។ 10 តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ 11 ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ?”។ 12 ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំចង់ចាប់ព្រះអង្គ ដ្បិតពួកគេដឹងថាព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសំដៅលើពួកគេ។ ប៉ុន្តែពួកគេខ្លាចហ្វូងមនុស្ស ដូច្នេះពួកគេក៏ចាកចេញពីព្រះអង្គទៅ។ ព្រះ និងសេសារ 13 បន្ទាប់មក ពួកគេចាត់ពួកផារិស៊ី និងពួកគណៈហេរ៉ូឌខ្លះឲ្យទៅរកព្រះយេស៊ូវ ដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ 14 នៅពេលមកដល់ អ្នកទាំងនោះទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។ តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ? តើយើងខ្ញុំគួរបង់ ឬមិនគួរបង់?”។ 15 ព្រះយេស៊ូវទ្រង់ជ្រាបពុតត្បុតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ? ចូរយកកាក់ឌេណារីមកឲ្យខ្ញុំមើលមើល៍”។ 16 ពួកគេក៏យកមក។ ព្រះអង្គទ្រង់សួរពួកគេថា៖“តើរូប និងចំណារនេះជារបស់នរណា?”។ ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ 17 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។ ពួកគេក៏ស្ងើចនឹងព្រះអង្គ។ ពួកសាឌូស៊ី និងសេចក្ដីរស់ឡើងវិញ 18 ក្រោយមក មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ មករកព្រះយេស៊ូវ។ ពួកគេទូលសួរព្រះអង្គថា៖ 19 “លោកគ្រូ ម៉ូសេបានសរសេរទុកឲ្យយើងថាប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនបានបន្សល់កូន ប្អូនប្រុសរបស់គាត់ត្រូវតែយកប្រពន្ធរបស់បង ហើយបង្កើតពូជសម្រាប់បងប្រុសរបស់ខ្លួន។ 20 មានបងប្អូនប្រុសប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅដោយមិនបានបន្សល់ពូជទេ។ 21 ប្អូនទីពីរយកនាង ហើយស្លាប់ទៅដោយមិនបានបន្សល់ពូជដែរ។ រីឯប្អូនទីបីក៏ដូចគ្នាដែរ។ 22 ដូច្នេះ បងប្អូនទាំងប្រាំពីរនាក់មិនបានបន្សល់ពូជទេ។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ 23 នៅថ្ងៃនៃការរស់ឡើងវិញ គឺពេលពួកគេរស់ឡើងវិញ តើនាងនឹងទៅជាប្រពន្ធរបស់នរណាក្នុងអ្នកទាំងនោះ? ដ្បិតទាំងប្រាំពីរនាក់បានយកនាងជាប្រពន្ធ”។ 24 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមិនមែនដោយសារអ្នករាល់គ្នាមិនយល់គម្ពីរ ហើយក៏មិនយល់អំពីព្រះចេស្ដារបស់ព្រះទេឬ ដែលធ្វើឲ្យអ្នករាល់គ្នាយល់ខុស? 25 ដ្បិតនៅពេលពួកគេរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ គឺបានដូចជាបណ្ដាទូតសួគ៌ដែលនៅស្ថានសួគ៌វិញ។ 26 ចំពោះការដែលមនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញនោះ តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរម៉ូសេត្រង់វគ្គ ‘គុម្ពបន្លា’ ពីរបៀបដែលព្រះមានបន្ទូលនឹងលោកទេឬ ដែលថា:‘យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប’? 27 ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!”។ បទបញ្ជាដ៏សំខាន់បំផុត 28 មានម្នាក់ក្នុងពួកគ្រូវិន័យបានចូលមកជិត ឮពួកគេកំពុងជជែកគ្នា ហើយឃើញថាព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេបានល្អ ក៏ទូលសួរព្រះអង្គថា៖ “តើក្នុងបទបញ្ជាទាំងអស់មួយណាសំខាន់ជាងគេ?”។ 29 ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“បទបញ្ជាសំខាន់ជាងគេគឺ: ‘អ៊ីស្រាអែលអើយ ចូរស្ដាប់! ព្រះអម្ចាស់ដ៏ជាព្រះនៃយើង ជាព្រះអម្ចាស់តែមួយអង្គគត់។ 30 អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក’។ 31 “រីឯបទបញ្ជាទីពីរគឺ:‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។ គ្មានបទបញ្ជាណាធំជាងបទបញ្ជាទាំងនេះឡើយ”។ 32 គ្រូវិន័យនោះទូលព្រះអង្គថា៖ “ត្រូវហើយ លោកគ្រូ! លោកគ្រូនិយាយពិតថា មានព្រះតែមួយអង្គគត់ ហើយក្រៅពីព្រះអង្គ គ្មានព្រះណាទៀតឡើយ។ 33 រីឯការស្រឡាញ់ព្រះអស់ពីចិត្ត អស់ពីបញ្ញា និងអស់ពីកម្លាំង ហើយការស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត”។ 34 ព្រះយេស៊ូវឃើញថាគាត់ឆ្លើយដោយប្រាជ្ញា ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកមិនឆ្ងាយពីអាណាចក្ររបស់ព្រះទេ”។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។ ព្រះគ្រីស្ទ និងដាវីឌ 35 នៅពេលកំពុងបង្រៀនក្នុងព្រះវិហារ ព្រះយេស៊ូវទ្រង់សួរថា៖“ម្ដេចក៏ពួកគ្រូវិន័យនិយាយថា ព្រះគ្រីស្ទជាពូជពង្សរបស់ដាវីឌ? 36 ដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណដ៏វិសុទ្ធថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើង របស់អ្នក’។ 37 ដាវីឌផ្ទាល់បានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។ ហ្វូងមនុស្សមួយក្រុមធំនោះក៏ស្ដាប់ព្រះយេស៊ូវដោយអំណរ។ ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ 38 ព្រះយេស៊ូវមានបន្ទូលក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គថា៖“ចូរប្រុងប្រយ័ត្ននឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ 39 ព្រមទាំងចូលចិត្តកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង។ 40 ពួកគេស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនេះនឹងទទួលទោសធ្ងន់ជាង”។ តង្វាយរបស់ស្ត្រីមេម៉ាយ 41 ព្រះយេស៊ូវគង់ចុះទល់មុខទីដាក់តង្វាយ ទតមើលរបៀបដែលប្រជាជនដាក់លុយកាក់ទៅក្នុងហិបតង្វាយ។ អ្នកមានជាច្រើននាក់ដាក់លុយកាក់យ៉ាងច្រើន។ 42 មានស្ត្រីមេម៉ាយក្រីក្រម្នាក់បានមក ដាក់កាក់ឡិបតាពីរ ដែលស្មើនឹងមួយកូដ្រាន។ 43 ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះបានដាក់ច្រើនជាងអស់អ្នកដែលដាក់ក្នុងហិបតង្វាយ។ 44 ដ្បិតមនុស្សគ្រប់គ្នាបានដាក់ពីសំណល់របស់ខ្លួន រីឯស្ត្រីមេម៉ាយនេះវិញ នាងបានដាក់អ្វីៗទាំងអស់ដែលនាងមាន ពីភាពក្រខ្សត់របស់នាង គឺបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាង”៕ |