ម៉ាថាយ 22 - ព្រះគម្ពីរខ្មែរសាកលពាក្យឧបមាអំពីមង្គលការ 1 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖ 2 “អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យបុត្ររបស់ខ្លួន។ 3 ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅអ្នកដែលត្រូវបានអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែពួកគេមិនព្រមមកទេ។ 4 ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងឲ្យទៅម្ដងទៀត ដោយមានរាជឱង្ការថា: ‘ចូរប្រាប់អ្នកដែលត្រូវបានអញ្ជើញថា: មើល៍! យើងបានរៀបចំភោជនាហាររួចហើយ គឺយើងបានសម្លាប់គោឈ្មោល និងសត្វបំប៉នធាត់ៗ ហើយអ្វីៗទាំងអស់បានរៀបចំជាស្រេច។ ចូរមកចូលរួមក្នុងពិធីមង្គលការចុះ’។ 5 “ប៉ុន្តែអ្នកទាំងនោះធ្វើព្រងើយ ហើយក៏ចេញទៅ គឺម្នាក់ទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញរបស់ខ្លួន 6 ហើយអ្នកផ្សេងទៀតក៏ចាប់រាជបម្រើទាំងនោះ បង្អាប់បង្អោនពួកគេ រួចសម្លាប់ពួកគេ។ 7 ដូច្នេះ ធ្វើឲ្យស្ដេចខ្ញាល់ទ្រង់ក៏ចាត់កងទ័ពឲ្យទៅបំផ្លាញជីវិតឃាតករទាំងនោះ ហើយដុតទីក្រុងរបស់ពួកគេចោល។ 8 “បន្ទាប់មក ស្ដេចមានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា: ‘ពិធីមង្គលការបានរៀបចំជាស្រេចមែន ប៉ុន្តែអ្នកដែលត្រូវបានអញ្ជើញនោះមិនស័ក្ដិសមទេ។ 9 ដូច្នេះ ចូរចេញទៅឯផ្លូវសំខាន់ៗ ហើយអញ្ជើញអ្នកណាក៏ដោយដែលអ្នករាល់គ្នាឃើញ ឲ្យចូលរួមក្នុងពិធីមង្គលការចុះ’។ 10 ពួករាជបម្រើទាំងនោះក៏ចេញទៅឯផ្លូវនានា ហើយប្រមូលអស់អ្នកដែលពួកគេឃើញ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។ ពិធីមង្គលការនោះក៏មានភ្ញៀវពេញ។ 11 ប៉ុន្តែនៅពេលស្ដេចយាងចូលមកជួបភ្ញៀវ ទ្រង់ទតឃើញបុរសម្នាក់នៅទីនោះដែលមិនបានស្លៀកសម្លៀកបំពាក់មង្គលការទេ 12 ក៏មានរាជឱង្ការនឹងគាត់ថា: ‘សម្លាញ់អើយ ម្ដេចក៏អ្នកចូលមកទីនេះដោយមិនស្លៀកសម្លៀកបំពាក់មង្គលការដូច្នេះ?’ ប៉ុន្តែគាត់គ្មានវាចាសោះ។ 13 “ដូច្នេះ ស្ដេចក៏មានរាជឱង្ការនឹងពួកអ្នកបម្រើថា: ‘ចូរចងដៃចងជើងអ្នកនេះ ហើយបោះគាត់ចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅទៅ! នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ’។ 14 “ជាការពិត មនុស្សដែលត្រូវបានអញ្ជើញមានច្រើន ប៉ុន្តែមនុស្សដែលត្រូវបានជ្រើសរើសមានតិចទេ”។ ព្រះ និងសេសារ 15 បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅពិគ្រោះគ្នា ដើម្បីដាក់អន្ទាក់ចាប់ព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ 16 ពួកគេជាមួយពួកគណៈហេរ៉ូឌ បានចាត់សិស្សរបស់ពួកគេឲ្យទៅរកព្រះអង្គ ទូលថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត គឺលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ។ 17 ដូច្នេះ សូមប្រាប់យើងខ្ញុំផងថាលោកគិតដូចម្ដេច តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ?”។ 18 ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖“ពួកមនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ? 19 ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍”។ ពួកគេក៏យកកាក់ឌេណារីមួយឲ្យព្រះអង្គ។ 20 ព្រះអង្គទ្រង់សួរពួកគេថា៖“តើរូប និងចំណារនេះជារបស់នរណា?”។ 21 ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។ 22 ពួកគេឮដូច្នេះក៏ស្ងើច ហើយចាកចេញពីព្រះអង្គទៅ។ ពួកសាឌូស៊ី និងសេចក្ដីរស់ឡើងវិញ 23 នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ ចូលមកជិតព្រះយេស៊ូវ ទូលសួរព្រះអង្គ 24 ថា៖ “លោកគ្រូ ម៉ូសេបាននិយាយថាប្រសិនបើអ្នកណាម្នាក់ស្លាប់ទាំងគ្មានកូន ប្អូនប្រុសរបស់គាត់ត្រូវតែរៀបការជាមួយប្រពន្ធរបស់បង ហើយបង្កើតពូជសម្រាប់បងប្រុសរបស់ខ្លួន។ 25 មានបងប្អូនប្រុសប្រាំពីរនាក់នៅជាមួយយើងខ្ញុំ។ បងច្បងបានរៀបការ ហើយស្លាប់ទៅទាំងគ្មានកូន ទុកប្រពន្ធឲ្យប្អូនប្រុសរបស់ខ្លួន។ 26 ប្អូនទីពីរ ទីបី រហូតដល់ទីប្រាំពីរ ក៏ដូចគ្នាដែរ ។ 27 នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ 28 ដូច្នេះ នៅថ្ងៃនៃការរស់ឡើងវិញ តើនាងនឹងទៅជាប្រពន្ធរបស់នរណាក្នុងប្រាំពីរនាក់នោះ? ដ្បិតពួកគេទាំងអស់គ្នាសុទ្ធតែបានយកនាងជាប្រពន្ធ”។ 29 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ដោយសារអ្នករាល់គ្នាមិនយល់គម្ពីរ ហើយក៏មិនយល់អំពីព្រះចេស្ដារបស់ព្រះ ធ្វើឲ្យអ្នករាល់គ្នាយល់ខុសហើយ។ 30 ដ្បិតនៅថ្ងៃនៃការរស់ឡើងវិញ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ គឺបានដូចជាបណ្ដាទូតសួគ៌ដែលនៅស្ថានសួគ៌វិញ។ 31 ចំពោះការរស់ឡើងវិញរបស់មនុស្សស្លាប់ តើអ្នករាល់គ្នាមិនដែលអានអ្វីដែលព្រះមានបន្ទូលនឹងអ្នករាល់គ្នាទេឬ ដែលថា: 32 ‘យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប’? ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់”។ 33 ហ្វូងមនុស្សបានឮដូច្នេះ ក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។ បទបញ្ជាដ៏សំខាន់បំផុត 34 នៅពេលពួកផារិស៊ីឮថា ព្រះយេស៊ូវបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ ពួកគេក៏ជួបជុំគ្នា។ 35 មានអ្នកច្បាប់ម្នាក់ក្នុងពួកគេបានល្បងលព្រះអង្គ ដោយទូលសួរថា៖ 36 “លោកគ្រូ ក្នុងក្រឹត្យវិន័យ តើបទបញ្ជាមួយណាសំខាន់ជាងគេ?”។ 37 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក’។ 38 នេះជាបទបញ្ជាទីមួយ និងសំខាន់ជាងគេ។ 39 រីឯបទបញ្ជាទីពីរក៏ដូចទីមួយដែរ គឺ:‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។ 40 អស់ទាំងក្រឹត្យវិន័យ និងគម្ពីរព្យាការីផ្អែកលើបទបញ្ជាទាំងពីរនេះឯង”។ ព្រះគ្រីស្ទ និងដាវីឌ 41 ខណៈដែលពួកផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូវទ្រង់សួរពួកគេ 42 ថា៖“តើអ្នករាល់គ្នាគិតដូចម្ដេចអំពីព្រះគ្រីស្ទ? តើព្រះអង្គជាពូជពង្សរបស់នរណា?”។ ពួកគេទូលព្រះអង្គថា៖ “ជាពូជពង្សរបស់ដាវីឌ”។ 43 ព្រះអង្គក៏សួរពួកគេថា៖“ចុះម្ដេចក៏ដាវីឌហៅព្រះគ្រីស្ទដោយព្រះវិញ្ញាណថា ‘ព្រះអម្ចាស់’ ដូច្នេះ? លោកនិយាយថា: 44 ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើង របស់អ្នក’។ 45 “ដូច្នេះ ប្រសិនបើដាវីឌហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ តើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។ 46 គ្មានអ្នកណាអាចទូលឆ្លើយមួយម៉ាត់នឹងព្រះយេស៊ូវបានទេ។ តាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ៕ |