សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
១ ពេត្រុស 2:5 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ Khmer Christian Bible អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើងឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ អាល់គីតាប រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស |
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។
អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
រីឯអ្នករាល់គ្នានឹងត្រូវបានហៅថា “បូជាចារ្យរបស់ព្រះយេហូវ៉ា” គេនឹងហៅអ្នករាល់គ្នាថា “អ្នកបម្រើរបស់ព្រះនៃយើង”; អ្នករាល់គ្នានឹងហូបពីភោគទ្រព្យរបស់ប្រជាជាតិនានា ព្រមទាំងអួតខ្លួនក្នុងភាពរុងរឿងរបស់ពួកគេផង។
យើងនឹងយកអ្នកខ្លះពីពួកគេ សម្រាប់ជាបូជាចារ្យ និងជាពួកលេវីដែរ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា?
ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលស្ថិតនៅក្នុងអ្នករាល់គ្នាទេឬ? អ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនេះពីព្រះ។ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទេ
តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
ព្រមទាំងត្រូវបានបំពេញដោយផលផ្លែនៃសេចក្ដីសុចរិតដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ដើម្បីជាសិរីរុងរឿង និងការសរសើរតម្កើងដល់ព្រះ។
ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។
សព្វថ្ងៃនេះ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយមានសម្បូរហូរហៀរទៀតផង។ ខ្ញុំបានទទួលគ្រប់គ្រាន់ហើយ ដោយបានទទួលពីអេប៉ាប្រូឌីតនូវអ្វីៗដែលមកពីអ្នករាល់គ្នា។ របស់ទាំងនោះជាក្លិនក្រអូបពិដោរ ជាយញ្ញបូជានៃការសន្ដោស និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាជាពាក្យសម្ដីក្ដី ជាការប្រព្រឹត្តក្ដី ចូរធ្វើទាំងអស់ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដែលជាព្រះបិតាតាមរយៈព្រះអង្គ។
ប៉ុន្តែទោះបីជាខ្ញុំក្រមកដល់ក៏ដោយ ក៏អ្នកដឹងហើយ នូវរបៀបដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
មានពរហើយ វិសុទ្ធហើយ អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញទីមួយ! សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងទៅជាបូជាចារ្យរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគ្រងរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។
ព្រមទាំងបានធ្វើឲ្យពួកគេទៅជាអាណាចក្រមួយ និងជាបូជាចារ្យ សម្រាប់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី”។