ទំនុកតម្កើង 141 - ព្រះគម្ពីរខ្មែរសាកលសុំព្រះឲ្យការពារពីបាប និងមនុស្សបាប បទតម្កើងរបស់ដាវីឌ។ 1 ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំផង! នៅពេលទូលបង្គំស្រែកហៅព្រះអង្គ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងរបស់ទូលបង្គំផង! 2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។ 3 ព្រះយេហូវ៉ាអើយ សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង! 4 សូមកុំឲ្យចិត្តរបស់ទូលបង្គំល្អៀងទៅរកសេចក្ដីអាក្រក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ ហើយក៏កុំឲ្យទូលបង្គំហូបម្ហូបដ៏ឆ្ងាញ់របស់ពួកគេដែរ។ 5 សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ——ការនេះជាសេចក្ដីសប្បុរស; សូមឲ្យគេស្ដីបន្ទោសទូលបង្គំចុះ——ការនេះជាប្រេងលើក្បាល; សូមកុំឲ្យក្បាលរបស់ទូលបង្គំបដិសេធវាឡើយ! ជាការពិត សេចក្ដីអធិស្ឋានរបស់ទូលបង្គំទាស់នឹងអំពើអាក្រក់របស់មនុស្សអាក្រក់ជានិច្ច។ 6 ពេលចៅក្រមរបស់ពួកគេត្រូវបានបោះទម្លាក់ទៅចំណោតថ្ម ទើបពួកគេឮពាក្យសម្ដីរបស់ទូលបង្គំ ដ្បិតពាក្យសម្ដីទាំងនោះធ្វើឲ្យពួកគេបានរីករាយ។ 7 ពួកគេនិយាយថា៖ “ដូចដែលគេភ្ជួរ និងបំបែកដីយ៉ាងណា ឆ្អឹងយើងក៏ត្រូវបានកម្ចាត់កម្ចាយនៅមាត់ស្ថានមនុស្សស្លាប់យ៉ាងនោះដែរ”។ 8 យ៉ាងណាមិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះអង្គ! ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; សូមកុំទុកព្រលឹងរបស់ទូលបង្គំឲ្យនៅទទេឥតការការពារឡើយ។ 9 សូមរក្សាទូលបង្គំពីអង្គប់ដែលពួកគេបានដាក់ដើម្បីចាប់ទូលបង្គំ និងពីអន្ទាក់របស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតផង! 10 សូមឲ្យពួកមនុស្សអាក្រក់ធ្លាក់ទៅក្នុងសំណាញ់របស់ខ្លួន ខណៈដែលទូលបង្គំឆ្លងកាត់ទៅដោយសុវត្ថិភាព៕ |