កាឡាទី 6 - ព្រះគម្ពីរខ្មែរសាកលរែកពុនបន្ទុករបស់គ្នាទៅវិញទៅមក 1 បងប្អូនអើយ ប្រសិនបើមានអ្នកណាធ្លាក់ទៅក្នុងការបំពានអ្វីមួយ អ្នករាល់គ្នាដែលជាមនុស្សខាងវិញ្ញាណ ត្រូវស្ដារមនុស្សបែបនោះឡើងវិញដោយចិត្តសុភាពរាបសា ទាំងប្រុងប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវបានល្បួងដែរ។ 2 ចូររែកពុនបន្ទុករបស់គ្នាទៅវិញទៅមក យ៉ាងនោះទើបអ្នករាល់គ្នាបានបំពេញក្រឹត្យវិន័យរបស់ព្រះគ្រីស្ទឲ្យសម្រេច។ 3 ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្វីមួយ នៅពេលមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនឯងហើយ។ 4 ចូរឲ្យម្នាក់ៗពិនិត្យពិច័យការប្រព្រឹត្តរបស់ខ្លួន នោះគ្រប់គ្នានឹងមានទីអួតចំពោះតែខ្លួនឯងប៉ុណ្ណោះ គឺមិនអាចអួតចំពោះអ្នកដទៃបានទេ 5 ដ្បិតម្នាក់ៗត្រូវរែកពុនបន្ទុករបស់ខ្លួន។ 6 អ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវចែករបស់ល្អទាំងអស់ដល់អ្នកដែលអប់រំនោះ។ 7 កុំចាញ់បោកឡើយ! មិនអាចចំអកព្រះបានទេ។ ជាការពិត អ្វីក៏ដោយដែលមនុស្សសាបព្រោះ គេនឹងច្រូតបានការនោះឯង។ 8 ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។ 9 កុំឲ្យយើងធ្លាក់ទឹកចិត្តក្នុងការធ្វើល្អឡើយ ដ្បិតយើងនឹងច្រូតបានផលនៅពេលកំណត់ ប្រសិនបើយើងមិនបោះបង់ចោល។ 10 ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។ បញ្ចប់ពាក្យដាស់តឿន 11 មើល៍! អក្សរដែលខ្ញុំសរសេរមកអ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់នេះ ធំយ៉ាងណា! 12 អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គឺអ្នកទាំងនោះហើយ ដែលបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក ដើម្បីចៀសវាងពីការបៀតបៀនដោយសារតែឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។ 13 ជាការពិត សូម្បីតែអ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់ក៏មិនកាន់តាមក្រឹត្យវិន័យផង ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតអំពីសាច់ឈាមរបស់អ្នករាល់គ្នា។ 14 រីឯខ្ញុំវិញ ខ្ញុំមិនអួតជាដាច់ខាត ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងប៉ុណ្ណោះ។ ដោយសារតែឈើឆ្កាងនេះ ពិភពលោកត្រូវបានឆ្កាងចំពោះខ្ញុំ ហើយខ្ញុំក៏ត្រូវបានឆ្កាងចំពោះពិភពលោកដែរ។ 15 ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។ 16 សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តា មានដល់អស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងដល់អ៊ីស្រាអែលរបស់ព្រះផង! 17 ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណារំខានខ្ញុំឡើយ ដ្បិតខ្ញុំមានស្នាមត្រារបស់ព្រះយេស៊ូវលើរូបកាយរបស់ខ្ញុំហើយ។ 18 បងប្អូនអើយ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា! អាម៉ែន៕៚ |