សុភាសិត 9 - ព្រះគម្ពីរខ្មែរសាកលសម្ដីរបស់ប្រាជ្ញា និងសម្ដីរបស់សេចក្ដីល្ងង់ 1 ប្រាជ្ញាបានសាងសង់ផ្ទះរបស់ខ្លួន នាងបានដាប់សសរទាំងប្រាំពីររបស់ខ្លួន 2 នាងបានសម្លាប់សត្វ លាយស្រាទំពាំងបាយជូរ ក៏រៀបតុអាហាររបស់ខ្លួនជាស្រេច។ 3 នាងបានចាត់ពួកអ្នកបម្រើស្រីរបស់ខ្លួនឲ្យទៅ ក៏ស្រែកហៅពីកន្លែងខ្ពស់បំផុតនៃទីក្រុង ថា៖ 4 “អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖ 5 “មក៍! ហូបនំប៉័ងរបស់ខ្ញុំ ហើយផឹកស្រាទំពាំងបាយជូរដែលខ្ញុំបានលាយចុះ! 6 ចូរបោះបង់ចោលភាពខ្វះចំណេះដឹង ហើយមានជីវិតរស់ចុះ ចូរដើរក្នុងផ្លូវនៃការយល់ដឹងចុះ!”។ 7 អ្នកដែលប្រៀនប្រដៅមនុស្សចំអកឡកឡឺយ គឺនាំមកនូវសេចក្ដីអាម៉ាស់ដល់ខ្លួនឯង; អ្នកដែលស្ដីបន្ទោសមនុស្សអាក្រក់ គឺនាំមកនូវការខូចខាតដល់ខ្លួនឯង។ 8 កុំស្ដីបន្ទោសមនុស្សចំអកឡកឡឺយឡើយ ក្រែងលោគេស្អប់អ្នក; ចូរស្ដីបន្ទោសមនុស្សមានប្រាជ្ញា នោះគេនឹងស្រឡាញ់អ្នក។ 9 ចូរអប់រំមនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញាថែមទៀត; ចូរបង្រៀនមនុស្សសុចរិត នោះគេនឹងកើនសេចក្ដីអប់រំ។ 10 ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា ហើយការស្គាល់អង្គដ៏វិសុទ្ធជាការយល់ដឹង 11 ដ្បិតដោយសារតែប្រាជ្ញា ថ្ងៃរបស់អ្នកនឹងកើនឡើង ហើយឆ្នាំនៃអាយុនឹងត្រូវបានបន្ថែមដល់អ្នក។ 12 ប្រសិនបើអ្នកមានប្រាជ្ញា នោះគឺមានប្រាជ្ញាសម្រាប់ខ្លួនឯង; ប្រសិនបើអ្នកបានចំអកឡកឡឺយ នោះអ្នកនឹងត្រូវរងតែម្នាក់ឯងប៉ុណ្ណោះ។ 13 ស្ត្រីឆោតល្ងង់តែងតែឡូឡា ខ្វះចំណេះដឹង ហើយមិនដឹងអ្វីសោះ។ 14 នាងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន នៅលើកៅអី ត្រង់កន្លែងខ្ពស់នៃទីក្រុង 15 ដើម្បីស្រែកហៅអ្នកដែលដើរកាត់ គឺអ្នកដែលដើរត្រង់តាមផ្លូវរបស់ពួកគេ ថា៖ 16 “អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖ 17 “ទឹកដែលលួចមកផ្អែមណាស់ ហើយនំប៉័ងដែលហូបដោយលួចលាក់ក៏ឆ្ងាញ់ដែរ!”។ 18 ប៉ុន្តែអ្នកនោះមិនដឹងថាព្រលឹងមនុស្សស្លាប់នៅទីនោះទេ ក៏មិនដឹងថាអ្នកដែលត្រូវនាងហៅ នៅក្នុងទីជម្រៅនៃស្ថានមនុស្សស្លាប់ដែរ៕ |