១ កូរិនថូស 15:2 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវព្រះបន្ទូលដែលខ្ញុំបានផ្សព្វផ្សាយដល់អ្នករាល់គ្នា អ្នករាល់គ្នានឹងបានសង្គ្រោះដោយសារតែដំណឹងល្អនោះ លើកលែងតែអ្នករាល់គ្នាបានជឿដោយគ្មានហេតុផល។ Khmer Christian Bible អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះដោយសារដំណឹងល្អនោះដែរ បើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូលដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើមិនដូច្នេះទេ អ្នករាល់គ្នាជឿគ្មានប្រយោជន៍ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះ ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់ ពុំនោះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះតាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាក ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែងប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត អាល់គីតាប ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាក ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។ |
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក
ចូរកាន់សេចក្ដីប្រៀនប្រដៅឲ្យជាប់ កុំលែងឡើយ; ចូររក្សាប្រាជ្ញា ដ្បិតនាងជាជីវិតរបស់អ្នក។
គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។
ទាំងសរសើរតម្កើងព្រះ ហើយពួកគេមានការរាប់អានពីប្រជាជនទាំងអស់។ ព្រះអម្ចាស់ក៏បន្តបន្ថែមអ្នកដែលបានសង្គ្រោះដល់ពួកគេជារៀងរាល់ថ្ងៃ៕
រីឯស៊ីម៉ូនខ្លួនគាត់ផ្ទាល់ក៏បានជឿដែរ។ បន្ទាប់ពីទទួលពិធីជ្រមុជទឹក គាត់ទៅតាមភីលីព ហើយភ្ញាក់ផ្អើលដោយឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំកើតឡើង។
ពិតមែនហើយ ខ្ញុំមិនអៀនខ្មាសអំពីដំណឹងល្អទេ ពីព្រោះដំណឹងល្អនេះជាព្រះចេស្ដារបស់ព្រះ សម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។
ដូច្នេះ ចូរពិចារណាអំពីសេចក្ដីសប្បុរស និងសេចក្ដីតឹងរ៉ឹងរបស់ព្រះចុះ គឺព្រះអង្គមានសេចក្ដីតឹងរ៉ឹងចំពោះអស់អ្នកដែលដួល ប៉ុន្តែព្រះអង្គមានសេចក្ដីសប្បុរសនៃព្រះចំពោះអ្នក ដរាបណាអ្នកបានបន្តនៅក្នុងសេចក្ដីសប្បុរសនោះ; បើមិនដូច្នោះទេ អ្នកក៏នឹងត្រូវបានកាត់ចេញដែរ។
ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
ខ្ញុំសូមសរសើរអ្នករាល់គ្នា ដោយព្រោះអ្នករាល់គ្នានឹកចាំអំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ តាមដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា។
ហើយប្រសិនបើព្រះគ្រីស្ទមិនត្រូវបានលើកឲ្យរស់ឡើងវិញ នោះការប្រកាសរបស់យើងក៏ឥតប្រយោជន៍ ហើយជំនឿរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ។
ដ្បិតយើងជាក្លិនពិដោររបស់ព្រះគ្រីស្ទដល់ព្រះ ក្នុងចំណោមអ្នកដែលកំពុងបានសង្គ្រោះ និងក្នុងចំណោមអ្នកដែលកំពុងវិនាស;
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
ជាការពិត អ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណ តាមរយៈជំនឿ ហើយសេចក្ដីនេះមិនបានចេញពីអ្នករាល់គ្នាទេ គឺជាអំណោយទានពីព្រះវិញ
ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។
បងប្អូនអើយ ដោយហេតុនេះ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីជាដោយពាក្យសម្ដី ឬដោយសំបុត្ររបស់យើងក្ដី។
ព្រះបានសង្គ្រោះយើង និងបានត្រាស់ហៅយើងដោយការត្រាស់ហៅដ៏វិសុទ្ធ មិនមែនដោយសារតែការប្រព្រឹត្តរបស់យើងទេ គឺដោយសារតែបំណងព្រះហឫទ័យ និងព្រះគុណរបស់ព្រះអង្គផ្ទាល់; ព្រះគុណនេះបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ តាំងពីមុនកាលសម័យមកម្ល៉េះ
ចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពនៃសេចក្ដីសង្ឃឹមដោយឥតរង្គើឡើយ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ដោយហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវបានធ្វើឲ្យរសាត់បាត់ទៅ។
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។
ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ
បងប្អូនរបស់ខ្ញុំអើយ ប្រសិនបើមានអ្នកណានិយាយថាខ្លួនមានជំនឿ ប៉ុន្តែគ្មានការប្រព្រឹត្ត តើមានប្រយោជន៍អ្វី? ជំនឿបែបនេះមិនអាចសង្គ្រោះអ្នកនោះបានទេ មែនទេ?
ជាការពិត រូបកាយដែលគ្មានវិញ្ញាណគឺស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់យ៉ាងនោះដែរ៕