Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 1 - ព្រះគម្ពីរខ្មែរសាកល


ដំណឹងល្អរបស់ព្រះសម្រាប់រ៉ូម

1 ពី​ខ្ញុំ ប៉ូល បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក ទាំង​ត្រូវបាន​ញែកចេញ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។

2 ដំណឹងល្អនេះ​ជា​អ្វីដែល​ព្រះអង្គ​បាន​សន្យាទុកមុន តាមរយៈ​បណ្ដា​ព្យាការី​របស់​ព្រះអង្គ នៅក្នុង​ព្រះគម្ពីរ​ដ៏វិសុទ្ធ

3 អំពី​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បើគិតតាម​សាច់ឈាម ព្រះអង្គ​ប្រសូត​មកពី​ពូជពង្ស​របស់​ដាវីឌ

4 ហើយ​បើគិតតាម​ព្រះវិញ្ញាណ​នៃ​សេចក្ដីវិសុទ្ធ ព្រះអង្គ​ត្រូវបាន​តែងតាំង​ជា​ព្រះបុត្រារបស់ព្រះ​ក្នុង​ព្រះចេស្ដា ដោយ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

5 យើង​បាន​ទទួល​ព្រះគុណ និង​មុខងារជាសាវ័ក តាមរយៈ​ព្រះអង្គ ដើម្បីឲ្យ​មាន​ការស្ដាប់បង្គាប់​ដែលមកពី​ជំនឿ ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់ ដើម្បី​ព្រះនាម​របស់​ព្រះអង្គ​។

6 ក្នុងចំណោម​ប្រជាជាតិទាំងនោះ ក៏​មាន​អ្នករាល់គ្នា​ដែរ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ​ឲ្យទៅជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។

7 ជូនចំពោះ​អស់អ្នក​ដ៏ជាទីស្រឡាញ់​របស់​ព្រះ ដែល​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន ដែល​រស់នៅ​រ៉ូម​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


ប៉ូលមានបំណងទៅរ៉ូម

8 ជាបឋម ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ អំពី​អ្នក​ទាំងអស់គ្នា ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ត្រូវបាន​ប្រកាស​នៅ​ទូទាំង​ពិភពលោក​។

9 ជាការពិត ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់ខ្ញុំ ក្នុង​ការប្រកាស​ដំណឹងល្អ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ គឺជា​សាក្សី​របស់ខ្ញុំ ថា​ខ្ញុំ​នឹកចាំ​អំពី​អ្នករាល់គ្នា​ឥតឈប់ឈរ​យ៉ាងណា

10 ទាំង​ទូល​អង្វរ​ជានិច្ច​នៅក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ថា ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ខ្ញុំ​គង់តែ​មករក​អ្នករាល់គ្នា​ក្នុងថ្ងៃណាមួយ​ដោយជោគជ័យ​។

11 ដ្បិត​ខ្ញុំ​ចង់​ជួប​អ្នករាល់គ្នា​ខ្លាំងណាស់ ដើម្បី​បាន​ចែក​អំណោយទាន​ខាងវិញ្ញាណ​ខ្លះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រឹងមាំ

12 ពោលគឺ ដើម្បីឲ្យ​យើង​បាន​លើកទឹកចិត្តគ្នាទៅវិញទៅមក​ពេល​នៅជាមួយ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់​ម្នាក់ៗ ទាំង​ខ្ញុំ និង​អ្នករាល់គ្នា​។

13 បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។

14 ខ្ញុំ​មាន​កាតព្វកិច្ច​ចំពោះ​ទាំង​ជនជាតិក្រិក និង​ជនជាតិដែលគ្មានអារ្យធម៌ ទាំង​មនុស្ស​មានប្រាជ្ញា និង​មនុស្ស​ល្ងង់ខ្លៅ​។

15 ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​ឆេះឆួល​ចង់​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដែល​នៅ​រ៉ូម​ដែរ​។


មនុស្សសុចរិតនឹងរស់ដោយជំនឿ

16 ពិតមែនហើយ ខ្ញុំ​មិន​អៀនខ្មាស​អំពី​ដំណឹងល្អ​ទេ ពីព្រោះ​ដំណឹងល្អនេះ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​ការសង្គ្រោះ​ដល់​អស់អ្នក​ដែល​ជឿ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ​។

17 ដ្បិត​សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​នៅក្នុង​ដំណឹងល្អនេះ ដោយ​ចាប់ផ្ដើមពី​ជំនឿ​ទៅក្នុង​ជំនឿ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ”។


បាបរបស់មនុស្សលោក

18 ជាការពិត ព្រះពិរោធ​របស់​ព្រះ​កំពុង​ត្រូវបាន​សម្ដែង​ចេញពី​លើមេឃ ទាស់នឹង​គ្រប់ទាំង​ការមិនគោរពព្រះ និង​សេចក្ដីទុច្ចរិត របស់​មនុស្ស​ដែល​បង្អាក់​សេចក្ដីពិត​ដោយ​សេចក្ដីទុច្ចរិត

19 ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​អំពី​ព្រះ​បាន នោះ​ជាក់ច្បាស់​ដល់​ពួកគេ​ហើយ ពីព្រោះ​ព្រះ​បាន​សម្ដែង​ដល់​ពួកគេ​។

20 ពោលគឺ តាំងពី​ការនិម្មិតបង្កើតពិភពលោក​មកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះ​ដែល​យើង​មើលមិនឃើញ គឺ​ព្រះចេស្ដា​ដ៏អស់កល្ប​របស់​ព្រះអង្គ និង​លក្ខណៈជាព្រះ ត្រូវគេ​ឃើញច្បាស់ ហើយ​ត្រូវគេ​យល់ តាមរយៈ​អ្វីៗ​ដែល​បាន​បង្កើតមក ធ្វើឲ្យ​គេ​មិនអាចដោះសាបានឡើយ​។

21 ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។

22 ពួកគេ​អះអាងថា​ខ្លួនឯង​ជា​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​បែរជា​លេលា​ទៅវិញ

23 រហូតដល់​ជំនួស​សិរីរុងរឿង​នៃ​ព្រះ​ដ៏អមតៈ ដោយ​រូបសំណាក​ដែល​ប្រដូចនឹង​មនុស្ស បក្សាបក្សី សត្វជើងបួន និង​សត្វលូនវារ ដែលរមែងតែងតែស្លាប់​។

24 ដោយហេតុនេះ ព្រះ​បាន​ប្រគល់​ពួកគេ​ទៅ​ភាពស្មោកគ្រោក តាម​តណ្ហា​នៃ​ចិត្ត​របស់​ពួកគេ ធ្វើឲ្យ​ពួកគេ​បន្ថោក​រូបកាយ​របស់​ខ្លួនពួកគេ​ទៅវិញទៅមក​។

25 ពួកគេ​បាន​ជំនួស​សេចក្ដីពិត​របស់​ព្រះ ដោយ​សេចក្ដីកុហក ហើយ​ថ្វាយបង្គំ និង​បម្រើ​អ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាង​ព្រះអង្គ​ដែល​និម្មិតបង្កើត​។ ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត​! អាម៉ែន​។


ការខូចសីលធម៌របស់មនុស្សជាតិ

26 ហេតុនេះហើយបានជា​ព្រះ​ប្រគល់​ពួកគេ​ទៅក្នុង​តណ្ហា​ថោកទាប ហើយ​សូម្បីតែ​ស្រី‍ៗ​របស់​ពួកគេ​ក៏​ប្ដូរ​ទំនាក់ទំនង​តាមធម្មជាតិ ទៅនឹង​ទំនាក់ទំនង​ដែល​ខុសធម្មជាតិ​វិញ

27 រីឯ​ប្រុស​ៗ​ក៏​ដូចគ្នាដែរ ពួកគេ​បាន​បោះបង់ចោល​ទំនាក់ទំនង​តាមធម្មជាតិ​ជាមួយ​មនុស្សស្រី ហើយ​ពុះកញ្ជ្រោល​ក្នុង​តណ្ហា​នឹង​គ្នាទៅវិញទៅមក គឺ​ប្រុស​ប្រព្រឹត្ត​អំពើគួរឲ្យអាម៉ាស់​ជាមួយនឹង​ប្រុស ហើយក៏​ទទួល​ទោស​ដែល​សម​នឹង​កំហុស​របស់​ពួកគេ​មកលើ​ខ្លួន​។

28 ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។

29 ពួកគេ​ពោរពេញ​ទៅដោយ​សេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និង​សេចក្ដីព្យាបាទ​គ្រប់យ៉ាង​។ ពួកគេ​ពេញ​ដោយ​ការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និង​ការព្យាបាទ​។ ពួកគេជា​មនុស្ស​និយាយដើមគេ

30 មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើត​អំពើ​អាក្រក់ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ

31 មនុស្ស​ល្ងីល្ងើ មនុស្ស​មិនស្មោះត្រង់ មនុស្ស​គ្មានមនោសញ្ចេតនា និង​មនុស្ស​គ្មានមេត្តា​។

32 ទោះបីជា​ពួកគេ​ស្គាល់​បទបញ្ញត្តិ​របស់​ព្រះ​ដែល​ថា អ្នក​ដែល​ប្រព្រឹត្ត​បែបនេះ សមតែ​ស្លាប់​ក៏ដោយ ក៏​ពួកគេ​មិនគ្រាន់តែ​ប្រព្រឹត្ត​ខ្លួនឯង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​យល់ស្រប​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើទាំងនេះ​ទៀតផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម