Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ាកុប 2 - ព្រះគម្ពីរខ្មែរសាកល


កុំលំអៀងឡើយ

1 បងប្អូន​របស់ខ្ញុំ​អើយ ចូរ​កាន់ខ្ជាប់​នូវ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ជា​ព្រះអម្ចាស់​នៃ​សិរីរុងរឿង ដោយ​គ្មាន​ការលំអៀង​ឡើយ​។

2 ដ្បិត​ប្រសិនបើ​មាន​មនុស្ស​ម្នាក់​ចូលមក​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ទាំង​ពាក់ចិញ្ចៀនមាស និង​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង ហើយ​មាន​អ្នកក្រ​ម្នាក់​ស្លៀក​សម្លៀកបំពាក់​កខ្វក់​ចូលមក​ដែរ

3 អ្នករាល់គ្នា​ក៏​ឲ្យតម្លៃ​ដល់​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​នោះ ហើយ​និយាយថា​៖ “សូម​លោក​អញ្ជើញ​អង្គុយ​នៅ​កន្លែង​ល្អ​នេះ​ចុះ” រួច​និយាយ​ទៅ​អ្នកក្រ​ថា​៖ “ឯង​ឈរ​នៅ​ទីនោះ” ឬ​ថា​៖ “អង្គុយ​នៅ​ទៀប​កំណល់ជើង​អញ​ទៅ”

4 តើ​អ្នករាល់គ្នា​មិន​បាន​ប្រកាន់ថាមានភាពខុសគ្នា​នៅក្នុងចំណោម​អ្នករាល់គ្នា ហើយ​បាន​ក្លាយជា​អ្នកវិនិច្ឆ័យ​ដែលមាន​គំនិត​អាក្រក់​ទេ​ឬ​?

5 បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?

6 ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?

7 មិនមែន​ជា​ពួកគេ​ទេ​ឬ ដែល​ជេរប្រមាថ​ព្រះនាម​ដ៏ល្អ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ហៅ​តាមព្រះនាមនោះ​?

8 ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​ព្រះរាជ​ក្រឹត្យវិន័យ​ស្របតាម​បទគម្ពីរ​ដែលថា‍​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង” នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។

9 ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​មានចិត្តលំអៀង នោះ​អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប ហើយ​អ្នករាល់គ្នា​ត្រូវ​ក្រឹត្យវិន័យ​ថ្កោលទោស​ជា​មនុស្សបំពាន​។

10 ដ្បិត​អ្នកណាក៏ដោយដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំងមូល ប៉ុន្តែ​ជំពប់​ក្នុង​មួយ​ចំណុច អ្នកនោះ​ត្រឡប់ជា​មានកំហុស​នឹង​ក្រឹត្យវិន័យ​ទាំងមូល​។

11 ជាការពិត ព្រះអង្គ​ដែល​មានបន្ទូលថា​:“កុំ​ផិតក្បត់” ក៏​មានបន្ទូលថា​:“កុំ​សម្លាប់មនុស្ស” ដែរ​។ ដូច្នេះ ប្រសិនបើ​អ្នក​មិន​បាន​ផិតក្បត់ ប៉ុន្តែ​បាន​សម្លាប់មនុស្ស​វិញ នោះ​អ្នក​បាន​ក្លាយជា​មនុស្សបំពាន​ក្រឹត្យវិន័យ​ហើយ​។

12 ចូរ​និយាយ​ដូច្នេះ និង​ប្រព្រឹត្ត​ដូច្នេះ ដូចជា​អ្នកដែល​រៀបនឹង​ត្រូវ​ជំនុំជម្រះ​តាម​ក្រឹត្យវិន័យ​នៃ​សេរីភាព​ចុះ​។

13 ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


ជំនឿ និងការប្រព្រឹត្ត

14 បងប្អូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មាន​អ្នកណា​និយាយថា​ខ្លួន​មាន​ជំនឿ ប៉ុន្តែ​គ្មាន​ការប្រព្រឹត្ត តើ​មាន​ប្រយោជន៍​អ្វី​? ជំនឿ​បែប​នេះ​មិន​អាច​សង្គ្រោះ​អ្នកនោះ​បាន​ទេ‍ មែនទេ​?

15 ប្រសិនបើ​មាន​បងប្អូនប្រុស ឬ​បងប្អូនស្រី​ណាម្នាក់​គ្មានសម្លៀកបំពាក់ ទាំង​ខ្វះ​អាហារ​ប្រចាំថ្ងៃ

16 ហើយ​មាន​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ​! ចូរឲ្យបាន​កក់ក្ដៅ ហើយ​ឲ្យបាន​ឆ្អែត​ចុះ​!” ប៉ុន្តែ​មិន​ឲ្យ​អ្វីៗ​ដែល​ពួកគេ​ត្រូវការ​សម្រាប់​រូបកាយ​ទេ តើ​មាន​ប្រយោជន៍​អ្វី​?

17 ជំនឿ​ក៏​ដូច្នោះ​ដែរ ប្រសិនបើ​គ្មាន​ការប្រព្រឹត្ត នោះក៏​ស្លាប់​ដោយ​ឯកឯង​ហើយ​។

18 ក៏ប៉ុន្តែ​មាន​អ្នកខ្លះ​នឹង​និយាយថា​៖ “អ្នក​មាន​ជំនឿ រីឯខ្ញុំ​មាន​ការប្រព្រឹត្ត”។ ដូច្នេះ ចូរ​បង្ហាញ​ជំនឿ​របស់អ្នក​ដែល​គ្មាន​ការប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់ខ្ញុំ​តាមរយៈ​ការប្រព្រឹត្ត​របស់ខ្ញុំ​ឲ្យ​អ្នក​ឃើញ​ដែរ​។

19 អ្នក​ជឿ​ថា​មាន​ព្រះ​តែមួយអង្គគត់ នោះ​អ្នក​ធ្វើ​បាន​ល្អ​ហើយ​! សូម្បីតែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រមទាំង​ញ័ររន្ធត់​ផង​។

20 ឱ មនុស្ស​ឥតប្រយោជន៍​អើយ! តើ​អ្នក​ចង់​ដឹង​ថា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ឥតប្រយោជន៍​ឬ‍?

21 អ័ប្រាហាំ​ដូនតា​របស់យើង ត្រូវបាន​រាប់ជាសុចរិត​ដោយ​បាន​ថ្វាយ​អ៊ីសាក​កូនប្រុស​របស់​លោក​នៅលើ​អាសនា តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​?

22 អ្នក​ឃើញ​ថា ជំនឿ​បាន​ធ្វើការជាមួយ​ការប្រព្រឹត្ត​របស់​លោក ហើយ​ដោយសារតែ​ការប្រព្រឹត្ត ជំនឿ​ក៏​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​។

23 ដូច្នេះ បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់” លោក​ក៏​ត្រូវបាន​ហៅថា “មិត្តសម្លាញ់​របស់​ព្រះ”។

24 អ្នករាល់គ្នា​ឃើញ​ថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត មិនមែន​ដោយសារតែ​ជំនឿ​ប៉ុណ្ណោះទេ​។

25 ដូចគ្នាដែរ រ៉ាហាប​ស្ត្រីពេស្យា​ក៏​ត្រូវបាន​រាប់ជាសុចរិត​នៅពេល​ទទួល​ពួក​អ្នកនាំសារ​ឲ្យស្នាក់នៅ ហើយ​ឲ្យ​គេ​ចេញទៅ​តាម​ផ្លូវ​ផ្សេងទៀត តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​?

26 ជាការពិត រូបកាយ​ដែល​គ្មាន​វិញ្ញាណ​គឺ​ស្លាប់​យ៉ាងណា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ស្លាប់​យ៉ាងនោះ​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម