Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ កូរិន‌ថូស 15 - ព្រះគម្ពីរខ្មែរសាកល


ការរស់ឡើងវិញជាស្នូលនៃដំណឹងល្អ

1 បងប្អូន​អើយ ឥឡូវនេះ​ខ្ញុំ​ចង់​បញ្ជាក់​ដល់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា គឺ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល ព្រមទាំង​ឈរមាំ​តាមរយៈ​ដំណឹងល្អនោះ​។

2 ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយសារតែ​ដំណឹងល្អនោះ លើកលែងតែ​អ្នករាល់គ្នា​បាន​ជឿ​ដោយ​គ្មានហេតុផល​។

3 ដ្បិត​សេចក្ដី​សំខាន់ជាងគេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់យើង ស្របតាម​ព្រះគម្ពីរ

4 ហើយ​ត្រូវគេ​បញ្ចុះ រួច​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ស្របតាម​ព្រះគម្ពីរ

5 ព្រមទាំង​លេចមក​ដល់​កេផាស ហើយ​បន្ទាប់មក​បាន​លេចមក​ដល់​សាវ័ក​ទាំង​ដប់ពីរ​នាក់

6 ក្រោយមក ព្រះអង្គ​បាន​លេចមក​ដល់​បងប្អូន​ជាង​ប្រាំរយ​នាក់​ក្នុងពេលតែមួយ ក្នុងចំណោម​បងប្អូនទាំងនោះ ភាគច្រើន​នៅរស់​រហូតមកដល់​ពេលនេះ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ដេកលក់​ទៅហើយ​;

7 ក្រោយមកទៀត ព្រះអង្គ​បាន​លេចមក​ដល់​យ៉ាកុប រួច​លេចមក​ដល់​សាវ័ក​ទាំងអស់​ដែរ

8 នៅទីបំផុត ព្រះអង្គ​បាន​លេចមក​ដល់​ខ្ញុំ ដែល​ដូចជា​កូនកើតមិនគ្រប់ខែ​នេះ​ដែរ​។

9 ជាការពិត ខ្ញុំ​ជា​អ្នក​តូចជាងគេ​ក្នុងចំណោម​ពួក​សាវ័ក ហើយ​មិន​ស័ក្ដិសម​នឹង​ត្រូវគេ​ហៅថា​សាវ័ក​ទេ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​។

10 ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។

11 ដូច្នេះ ទោះបីជា​ខ្ញុំ​ក្ដី អ្នកទាំងនោះ​ក្ដី យើង​ប្រកាស​ដំណឹងល្អ​យ៉ាងដូច្នោះ ហើយ​អ្នករាល់គ្នា​ក៏​បាន​ជឿ​យ៉ាងដូច្នោះ​ដែរ​។


ការរស់ឡើងវិញជាស្នូលនៃជំនឿ

12 ប្រសិនបើ​ព្រះ​គ្រីស្ទ​ត្រូវគេ​ប្រកាស​ថា ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ម្ដេចក៏​មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ដូច្នេះ​?

13 ប្រសិនបើ​គ្មាន​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​មែន ព្រះ​គ្រីស្ទ​ក៏មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ដែរ​។

14 ហើយ​ប្រសិនបើ​ព្រះ​គ្រីស្ទ​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ​ការប្រកាស​របស់យើង​ក៏​ឥតប្រយោជន៍ ហើយ​ជំនឿ​របស់អ្នករាល់គ្នា​ក៏​ឥតប្រយោជន៍​ដែរ​។

15 មិនត្រឹមតែប៉ុណ្ណោះ​ទេ យើង​នឹង​ត្រូវគេ​ចាត់ទុកថា​ជា​សាក្សីភូតភរ​អំពី​ព្រះ ដ្បិត​ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ព្រះអង្គ​ក៏​មិន​បាន​លើក​ព្រះគ្រីស្ទ​ឲ្យរស់ឡើងវិញ​ដែរ ប៉ុន្តែ​យើង​បាន​ធ្វើបន្ទាល់​អំពី​ព្រះ​ថា​ព្រះអង្គ​បាន​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​។

16 ពោលគឺ ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ព្រះ​គ្រីស្ទ​ក៏មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ដែរ​។

17 ហើយ​ប្រសិនបើ​ព្រះ​គ្រីស្ទ​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ ជំនឿ​របស់អ្នករាល់គ្នា​ក៏​ឥតខ្លឹមសារ ថែមទាំង​អ្នករាល់គ្នា​ក៏​នៅតែ​ស្ថិតនៅ​ក្នុង​បាប​របស់អ្នករាល់គ្នា​ដដែល​;

18 ដូច្នេះ អ្នក​ដែល​ដេកលក់​ក្នុង​ព្រះ​គ្រីស្ទ ក៏​វិនាស​ហើយ​ដែរ​។

19 ប្រសិនបើ​យើង​យក​ព្រះ​គ្រីស្ទ​ជាទីសង្ឃឹម​បានតែ​នៅក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​គួរឲ្យអាណិត​ជាងគេ​ក្នុងចំណោម​មនុស្ស​ទាំងអស់​។


ការរស់ឡើងវិញជាការធានាដល់យើង

20 ប៉ុន្តែ​ឥឡូវនេះ ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ជា​ផលដំបូង​នៃ​អ្នក​ដែល​បាន​ដេកលក់​។

21 ដ្បិត​ដោយសារ​សេចក្ដីស្លាប់​បានចូលមក​តាមរយៈ​មនុស្ស​ម្នាក់ ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ក៏​ចូលមក​តាមរយៈ​មនុស្ស​ម្នាក់​ដែរ​។

22 ជាការពិត ដូចដែល​មនុស្ស​ទាំងអស់​ស្លាប់​ក្នុង​អ័ដាម​យ៉ាងណា មនុស្ស​ទាំងអស់​នឹង​ត្រូវបាន​ប្រោសឲ្យរស់ឡើងវិញ​ក្នុង​ព្រះ​គ្រីស្ទ​យ៉ាងនោះ​ដែរ

23 ប៉ុន្តែ​ម្នាក់ៗ​នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ តាម​លំដាប់​រៀងៗខ្លួន គឺ​ព្រះ​គ្រីស្ទ​ជា​ផលដំបូង បន្ទាប់មក​គឺ​មនុស្ស​របស់​ព្រះ​គ្រីស្ទ នៅពេល​ព្រះអង្គ​យាងមកវិញ

24 បន្ទាប់មកទៀត ជា​ទីបញ្ចប់​។ ពេលនោះ ព្រះអង្គ​ប្រគល់​អាណាចក្រ​ដល់​ព្រះដែលជាព្រះបិតា ក្រោយពី​បំផ្លាញ​អស់ទាំង​អំណាចគ្រប់គ្រង សិទ្ធិអំណាច និង​ឫទ្ធិអំណាច

25 ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។

26 ខ្មាំងសត្រូវ​ចុងក្រោយ​ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្ដីស្លាប់

27 ដ្បិត “ព្រះ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ទ”។ ក៏ប៉ុន្តែ​នៅពេល​មាន​ចែង​ថា “អ្វីៗ​ទាំងអស់” ត្រូវបាន​ធ្វើឲ្យចុះចូល នោះ​ច្បាស់​ហើយ​ថា មិនមែនរួមបញ្ចូល​ទាំង​ព្រះអង្គ​ដែល​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅក្រោម​ព្រះគ្រីស្ទ​នោះ​ឡើយ​។

28 កាលណា​អ្វីៗ​ទាំងអស់​ត្រូវបាន​ធ្វើឲ្យចុះចូល​នៅក្រោម​ព្រះអង្គ​ហើយ នោះ​ព្រះបុត្រា​ផ្ទាល់​នឹង​ចុះចូល​នៅក្រោម​ព្រះ​ដែល​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នៅក្រោម​ព្រះអង្គ​ដែរ ដើម្បីឲ្យ​ព្រះ​បាន​ធ្វើជា​អ្វីៗ​ទាំងអស់​លើ​គ្រប់ការទាំងអស់​។


អំណាចនៃការរស់ឡើងវិញ

29 បើមិនដូច្នោះទេ តើ​ពួក​ដែល​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់ នឹង​ធ្វើ​ដូចម្ដេច​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ទេ ហេតុអ្វីបានជា​ពួកគេ​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់​ដូច្នេះ​?

30 រីឯ​យើង​វិញ ហេតុអ្វីបានជា​យើង​ស្ថិតក្នុងភាពគ្រោះថ្នាក់​គ្រប់​ពេលវេលា​ដូច្នេះ​?

31 បងប្អូន​អើយ ខ្ញុំ​សូម​បញ្ជាក់ដោយនូវ​មោទនភាព​ចំពោះ​អ្នករាល់គ្នា​ដែល​ខ្ញុំ​មាន​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ថា ខ្ញុំ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​!

32 ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។

33 កុំ​ចាញ់បោក​ឡើយ​! “មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ”។

34 ចូរ​ភ្ញាក់ខ្លួនឡើង ហើយ​ឈប់​ប្រព្រឹត្តបាប ដ្បិត​មាន​អ្នកខ្លះ​មិនស្គាល់​ព្រះ​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។


រូបកាយដែលរស់ឡើងវិញ

35 ប៉ុន្តែ​នឹង​មាន​អ្នកខ្លះ​សួរថា​៖ “តើ​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​យ៉ាងដូចម្ដេច​? តើ​ពួកគេ​នឹង​មក​ដោយ​រូបកាយ​បែបណា​?”។

36 មនុស្ស​ល្ងីល្ងើ​អើយ​! អ្វីដែល​អ្នក​ព្រោះ មិន​ទទួលជីវិត​ទេ លុះត្រាតែ​វា​ងាប់

37 ហើយ​អ្វីដែល​អ្នក​បាន​ព្រោះ​នោះ មិនមែន​ជា​រូបរាង​ដែល​ត្រូវ​ដុះឡើង​នោះ​ទេ គឺ​ជា​គ្រាប់​ទទេ​ប៉ុណ្ណោះ ដូចជា​គ្រាប់​ស្រូវសាលី ឬ​គ្រាប់​អ្វី​ផ្សេងទៀត​។

38 ប៉ុន្តែ​ព្រះ​ប្រទាន​ឲ្យ​វា​មាន​រូបរាង​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​ឲ្យ​គ្រាប់​នីមួយៗ​មាន​រូបរាង​របស់វាផ្ទាល់​។

39 គ្រប់ទាំង​សាច់​ក៏​មិន​ដូចគ្នា​ដែរ មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​មាន​សាច់​ម្យ៉ាង បក្សាបក្សី​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​ក៏​មាន​សាច់​ម្យ៉ាង​ដែរ​។

40 មាន​រូបកាយ​នៃស្ថានសួគ៌ និង​រូបកាយ​នៃផែនដី ប៉ុន្តែ​សិរីរុងរឿង​នៃស្ថានសួគ៌​គឺ​ម្យ៉ាង ហើយ​សិរីរុងរឿង​នៃផែនដី​ក៏​ម្យ៉ាង​ដែរ​។

41 រស្មី​ព្រះអាទិត្យ​គឺ​ម្យ៉ាង រស្មី​ព្រះចន្ទ​ក៏​ម្យ៉ាង រស្មី​ផ្កាយ​ក៏​ម្យ៉ាង ហើយ​សូម្បីតែ​រស្មី​ផ្កាយ​មួយ ក៏​ខុសពី​ផ្កាយ​មួយ​ទៀត​ដែរ​។

42 ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវបាន​សាបព្រោះ​ក្នុង​ភាពដែលតែងតែសាបសូន្យ ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ក្នុង​ភាពដែលមិនចេះសាបសូន្យ​;

43 ត្រូវបាន​សាបព្រោះ​ក្នុង​ភាពអាប់យស ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ក្នុង​សិរីរុងរឿង​; ត្រូវបាន​សាបព្រោះ​ក្នុង​ភាពខ្សោយ ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ទាំង​ប្រកបដោយ​អំណាច​;

44 ត្រូវបាន​សាបព្រោះ​ជា​រូបកាយ​ខាងសាច់ឈាម ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ជា​រូបកាយ​ខាងវិញ្ញាណ​។ ប្រសិនបើ​មាន​រូបកាយ​ខាងសាច់ឈាម ក៏​មាន​រូបកាយ​ខាងវិញ្ញាណ​ដែរ​។

45 មាន​សរសេរ​ទុកមក​ដូច្នេះ​ដែរ​ថា​: “អ័ដាម​មនុស្ស​ដំបូងបានជា​អ្នក​មានជីវិត” រីឯ​អ័ដាម​ចុងក្រោយ បានជា​វិញ្ញាណ​ផ្ដល់ជីវិត​។

46 យ៉ាងណាមិញ មិនមែន​រូបកាយ​ខាងវិញ្ញាណ​ទេ ដែល​មក​មុន គឺ​រូបកាយ​ខាងសាច់ឈាម​វិញ​; លុះក្រោយមក ទើប​មាន​រូបកាយ​ខាងវិញ្ញាណ​។

47 មនុស្ស​ទីមួយ​មកពី​ផែនដី គឺជា​របស់ធូលីដី​; មនុស្ស​ទីពីរ​មកពី​ស្ថានសួគ៌​។

48 ដូចដែល​មនុស្សម្នាក់​នៃធូលីដី​ជា​យ៉ាងណា អស់អ្នក​នៃធូលីដី​ក៏​ជា​យ៉ាងនោះ​ដែរ​; ដូចដែល​មនុស្សម្នាក់​នៃស្ថានសួគ៌​ជា​យ៉ាងណា អស់អ្នក​នៃស្ថានសួគ៌​ក៏​ជា​យ៉ាងនោះ​ដែរ​។

49 ដូចដែល​យើង​មាន​លក្ខណៈ​មនុស្សម្នាក់​នៃធូលីដី​យ៉ាងណា យើង​ក៏​នឹង​មាន​លក្ខណៈ​មនុស្សម្នាក់​នៃស្ថានសួគ៌​យ៉ាងនោះ​ដែរ​។


ការរស់ឡើងវិញដ៏មានជ័យជម្នះ

50 បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា សាច់​និង​ឈាម មិនអាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បានឡើយ ហើយ​អ្វីដែលតែងតែសាបសូន្យ ក៏មិន​អាច​ទទួល​អ្វីដែលមិនចេះសាបសូន្យ​ជាមរតក​បាន​ដែរ​។

51 មើល៍! ខ្ញុំ​សូម​ប្រាប់​អាថ៌កំបាំង​មួយ​ដល់​អ្នករាល់គ្នា គឺថា យើង​ទាំងអស់គ្នា​នឹង​មិន​ដេកលក់​ទេ គឺ​យើង​ទាំងអស់គ្នា​នឹង​ត្រូវបាន​ផ្លាស់ប្រែ​វិញ

52 ក្នុង​មួយរំពេច ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សំឡេង​ត្រែ​ចុងក្រោយ​។ ពិតមែនហើយ នឹង​មាន​សំឡេងត្រែផ្លុំឡើង ហើយ​មនុស្សស្លាប់​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ជា​អមតៈ រីឯ​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្រែ​;

53 ដ្បិត​ភាពដែលរមែងតែងតែសាបសូន្យ​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះសាបសូន្យ ហើយ​ភាពដែលរមែងតែងតែស្លាប់​នេះ ត្រូវតែ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះស្លាប់​។

54 កាលណា​ភាពដែលរមែងតែងតែសាបសូន្យ​នេះ បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះសាបសូន្យ ហើយ​ភាពដែលរមែងតែងតែស្លាប់​នេះ​បំពាក់ខ្លួន​ដោយ​ភាពដែលមិនចេះស្លាប់ ពេលនោះ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​នឹង​បាន​សម្រេច ដែលថា​: “សេចក្ដីស្លាប់​ត្រូវ​ជ័យជម្នះ​លេប​បាត់ហើយ​!” ។

55 “សេចក្ដីស្លាប់​អើយ​! តើ​ជ័យជម្នះ របស់ឯង​នៅ​ឯណា​? សេចក្ដីស្លាប់​អើយ​! តើ​ទ្រនិច​របស់ឯង​នៅ​ឯណា​? ”។

56 ទ្រនិច​នៃ​សេចក្ដីស្លាប់ គឺ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យវិន័យ​។

57 ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​ជ័យជម្នះ​ដល់​យើង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​!

58 បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម