អេសាយ 35:6 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មនុស្សខ្វិននឹងលោតដូចប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងដោយអំណរ។ ដ្បិតនឹងមានទឹកផុសចេញនៅទីរហោស្ថាន នឹងមានជ្រោះទឹកនៅវាលខ្សាច់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង ដ្បិតនៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ អាល់គីតាប មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។ |
មានទន្លេមួយ ដែលដៃទន្លេរបស់វាធ្វើឲ្យទីក្រុងរបស់ព្រះអរសប្បាយ; ទីក្រុងនោះជាដំណាក់ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។
ព្រះអម្ចាស់អើយ សូមបើកបបូរមាត់របស់ទូលបង្គំផង នោះមាត់របស់ទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
នៅថ្ងៃមហាពិឃាត នៅពេលប៉មនានារលំ នឹងមានជ្រោះហូរដោយទឹកនៅលើគ្រប់ទាំងភ្នំខ្ពស់ និងគ្រប់ទាំងទីទួលខ្ពស់។
ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។
ចិត្តរបស់អ្នកដែលតក់ក្រហល់នឹងមានការយល់ច្បាស់ ហើយមានចំណេះដឹង អណ្ដាតរបស់អ្នកដែលត្រដិតនឹងនិយាយលឿន ហើយច្បាស់វិញ។
ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។
ចូរឲ្យទីរហោស្ថាន និងទីក្រុងទាំងឡាយក្នុងនោះ គឺភូមិនានាដែលជនជាតិកេដាររស់នៅ បន្លឺសំឡេងឡើង! ចូរឲ្យអ្នកដែលរស់នៅសិឡាច្រៀងដោយអំណរ ចូរឲ្យពួកគេស្រែកពីកំពូលភ្នំចុះ!
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
នៅពេលព្រះអង្គទ្រង់នាំពួកគេដើរកាត់ទីរហោស្ថាន ពួកគេមិនបានស្រេកទឹកឡើយ ព្រះអង្គបានបង្ហូរទឹកចេញពីថ្មដាសម្រាប់ពួកគេ គឺព្រះអង្គបានបំបែកថ្មដា ហើយទឹកក៏ហូរចេញមក។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីយេរូសាឡិម ពាក់កណ្ដាលនៃទឹកនោះនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលទៀតនឹងហូរទៅសមុទ្រនៅទិសខាងលិច វានឹងបានដូច្នោះទាំងក្នុងរដូវក្ដៅ និងក្នុងរដូវរងា។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។
មានមនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិននាំគ្នាចូលមកជិតព្រះយេស៊ូវនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
រំពេចនោះ មាត់របស់លោកត្រូវបានបើក ហើយអណ្ដាតក៏រលាស់បាន រួចលោកចាប់ផ្ដើមពោលសរសើរតម្កើងព្រះ។
មានកាលមួយ ព្រះយេស៊ូវកំពុងដេញអារក្សមួយដែលធ្វើឲ្យមនុស្សគ។ នៅពេលអារក្សចេញទៅហើយ មនុស្សគនោះក៏និយាយបាន ហើយហ្វូងមនុស្សក៏ភ្ញាក់ផ្អើល។
មានបុរសម្នាក់ខ្វិនពីកំណើតត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។
ដ្បិតមានមនុស្សជាច្រើនដែលមានវិញ្ញាណអសោចចូល វិញ្ញាណទាំងនោះក៏ចេញមកទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ព្រមទាំងមានមនុស្សជាច្រើនដែលស្លាប់មួយចំហៀងខ្លួន និងខ្វិនត្រូវបានប្រោសឲ្យជាដែរ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
បន្ទាប់មក ទូតសួគ៌នោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេនៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។