សាការី 14 - ព្រះគម្ពីរខ្មែរសាកលជ័យជម្នះ និងការសោយរាជ្យរបស់ព្រះយេហូវ៉ា 1 មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាថ្ងៃដែលគេយកជ័យភណ្ឌពីអ្នក ចែកគ្នានៅកណ្ដាលអ្នក។ 2 ដ្បិតយើងនឹងប្រមូលប្រជាជាតិទាំងអស់មកដើម្បីច្បាំងនឹងយេរូសាឡិម។ ទីក្រុងនោះនឹងត្រូវបានចាប់យក ផ្ទះសម្បែងនឹងត្រូវបានប្លន់ ហើយស្រីៗនឹងត្រូវបានរំលោភ។ ពាក់កណ្ដាលនៃអ្នកក្រុងនឹងចេញទៅជាឈ្លើយសឹក ប៉ុន្តែប្រជាជនឯទៀតនឹងមិនត្រូវបានកាត់ចេញពីទីក្រុងនោះឡើយ។ 3 ពេលនោះ ព្រះយេហូវ៉ានឹងចេញទៅច្បាំងនឹងប្រជាជាតិទាំងនោះ ដូចថ្ងៃដែលព្រះអង្គច្បាំងក្នុងថ្ងៃនៃចម្បាំង។ 4 នៅថ្ងៃនោះ ព្រះបាទារបស់ព្រះអង្គនឹងឈរលើភ្នំដើមអូលីវ ដែលនៅទល់មុខយេរូសាឡិមនៅទិសខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវបានពុះជាពីរដោយជ្រលងភ្នំដ៏ធំក្រៃលែង ពីទិសខាងកើតទៅទិសខាងលិច រហូតដល់ពាក់កណ្ដាលនៃភ្នំនឹងរើចេញទៅទិសខាងជើង ហើយពាក់កណ្ដាលទៀតទៅទិសខាងត្បូង។ 5 អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។ 6 នៅថ្ងៃនោះ នឹងគ្មានពន្លឺ ហើយដួងពន្លឺនឹងកក។ 7 ថ្ងៃនោះជាថ្ងៃដ៏ប្លែកដែលព្រះយេហូវ៉ាទ្រង់ស្គាល់ គឺគ្មានពេលថ្ងៃ ឬពេលយប់ឡើយ ប៉ុន្តែនៅពេលល្ងាចនឹងមានពន្លឺ។ 8 នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីយេរូសាឡិម ពាក់កណ្ដាលនៃទឹកនោះនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលទៀតនឹងហូរទៅសមុទ្រនៅទិសខាងលិច វានឹងបានដូច្នោះទាំងក្នុងរដូវក្ដៅ និងក្នុងរដូវរងា។ 9 ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។ 10 ទឹកដីទាំងមូលចាប់ពីកេបា រហូតដល់រីម៉ូននៅខាងត្បូងយេរូសាឡិម នឹងត្រឡប់ជាដូចវាលរហោស្ថាន ប៉ុន្តែយេរូសាឡិមនឹងនៅខ្ពស់ ហើយស្ថិតនៅកន្លែងដើម គឺចាប់ពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងនៃទ្វារដំបូង និងរហូតដល់ទ្វារជ្រុងកំពែង ព្រមទាំងពីប៉មហាណានាល រហូតដល់ទីបញ្ជាន់ផ្លែរបស់ស្ដេច។ 11 គេនឹងរស់នៅក្នុងយេរូសាឡិម ហើយលែងមានការញែកចេញបំផ្លាញទៀតឡើយ គឺយេរូសាឡិមនឹងនៅដោយសុខដុមរមនាវិញ។ 12 គ្រោះកាចដែលព្រះយេហូវ៉ានឹងវាយអស់ទាំងប្រជាជាតិដែលបានច្បាំងនឹងយេរូសាឡិម គឺដូចតទៅ: សាច់ពួកគេនឹងរលួយទៅ ខណៈដែលពួកគេនៅឈរដោយជើង ភ្នែកពួកគេនឹងរលួយក្នុងរន្ធភ្នែក ហើយអណ្ដាតពួកគេនឹងរលួយក្នុងមាត់។ 13 នៅថ្ងៃនោះ ចលាចលយ៉ាងធំពីព្រះយេហូវ៉ានឹងកើតឡើងក្នុងពួកគេ បានជាម្នាក់ៗនឹងចាប់អ្នកជិតខាងរបស់ខ្លួនត្រង់ដៃ ហើយលើកដៃទាស់នឹងដៃអ្នកជិតខាងរបស់ខ្លួន។ 14 សូម្បីតែយូដាក៏នឹងច្បាំងនៅយេរូសាឡិម ហើយប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស និងប្រាក់ ព្រមទាំងសម្លៀកបំពាក់យ៉ាងច្រើនសន្ធឹក។ 15 រីឯគ្រោះកាចដូចគ្រោះកាចខាងលើ នឹងកើតមានដល់សេះ លាកាត់ អូដ្ឋ លា និងសត្វស្រុកទាំងអស់ដែលនៅក្នុងជំរំទាំងនោះដែរ។ 16 ពេលនោះនឹងមានកើតឡើងដូច្នេះ: អស់អ្នកដែលនៅសល់ពីគ្រប់ទាំងប្រជាជាតិដែលមកទាស់នឹងយេរូសាឡិម នឹងឡើងមករៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារ និងដើម្បីប្រារព្ធបុណ្យបោះជំរំ។ 17 ប្រសិនបើអម្បូរណានៅលើផែនដី មិនឡើងទៅយេរូសាឡិម ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារទេ នោះនឹងគ្មានភ្លៀងដល់ពួកគេឡើយ។ 18 ប្រសិនបើពូជអម្បូរអេហ្ស៊ីបមិនឡើងទៅ គឺមិនមកទេ នោះនឹងគ្មានភ្លៀងដល់ពួកគេដែរ ជាគ្រោះកាចដែលព្រះយេហូវ៉ានឹងវាយបណ្ដាប្រជាជាតិដែលមិនឡើងទៅប្រារព្ធបុណ្យបោះជំរំ។ 19 នេះហើយ ជាការដាក់ទោសដល់អេហ្ស៊ីប និងជាការដាក់ទោសដល់អស់ទាំងប្រជាជាតិដែលមិនឡើងមកប្រារព្ធបុណ្យបោះជំរំ។ 20 នៅថ្ងៃនោះ នឹងមានសរសេរនៅលើកណ្ដឹងសេះថា “វិសុទ្ធដល់ព្រះយេហូវ៉ា” ហើយឆ្នាំងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ាក៏នឹងបានដូចជាចាននៅមុខអាសនាដែរ។ 21 គ្រប់ទាំងឆ្នាំងនៅយេរូសាឡិម និងយូដា នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ានៃពលបរិវារ រហូតដល់អស់អ្នកដែលថ្វាយយញ្ញបូជានឹងមកយកឆ្នាំងទាំងនោះ ហើយស្ងោរសាច់ក្នុងវា។ នៅថ្ងៃនោះ នឹងគ្មានជនជាតិកាណាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារទៀតឡើយ៕៚ |