ដូច្នេះឥឡូវនេះ ព្រះអម្ចាស់នៃទូលបង្គំអើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ក្ដីសង្ឃឹមរបស់ទូលបង្គំនៅក្នុងព្រះអង្គហើយ!
ហេព្រើរ 6:19 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន Khmer Christian Bible យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន អាល់គីតាប សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង |
ដូច្នេះឥឡូវនេះ ព្រះអម្ចាស់នៃទូលបង្គំអើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ក្ដីសង្ឃឹមរបស់ទូលបង្គំនៅក្នុងព្រះអង្គហើយ!
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ? ហេតុអ្វីបានជាជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលនៅចំពោះខ្ញុំ និងសម្រាប់ព្រះរបស់ខ្ញុំ៕
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះនៅចំពោះខ្ញុំ គឺព្រះរបស់ខ្ញុំ៕
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។
ពួកអ្នកទោសដែលមានសេចក្ដីសង្ឃឹមអើយ ចូរត្រឡប់មកបន្ទាយវិញចុះ! ថ្ងៃនេះយើងប្រកាសថា យើងនឹងសងអ្នកទ្វេដង។
ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា
នៅពេលប៉ូលឃើញថា ពួកគេមួយប៉ែកជាពួកសាឌូស៊ី និងមួយប៉ែកទៀតជាពួកផារិស៊ី គាត់ក៏ស្រែកឡើងនៅកណ្ដាលក្រុមប្រឹក្សាថា៖ “បងប្អូនអើយ! ខ្ញុំជាពួកផារិស៊ីម្នាក់ ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំកំពុងត្រូវបានកាត់ក្ដីអំពីសេចក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់មនុស្សស្លាប់!”។
ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។
ដូច្នេះ ពួកគេកាត់យុថ្កាទុកចោលនៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចេញ ហើយលើកក្ដោងឲ្យត្រូវខ្យល់ តម្រង់ទៅរកឆ្នេរនោះ។
នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា
នៅពេលគ្មានសង្ឃឹម អ័ប្រាហាំនៅតែជឿទាំងសង្ឃឹម ដូច្នេះលោកបានជាឪពុករបស់ប្រជាជាតិជាច្រើន ស្របតាមសេចក្ដីដែលមានចែងទុកមកថា:“ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។
ការស៊ូទ្រាំនាំឲ្យមានអត្តចរិតដែលត្រូវបានពិសោធ ហើយអត្តចរិតដែលត្រូវបានពិសោធនាំឲ្យមានសេចក្ដីសង្ឃឹម
ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕
ក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានលើកយើងឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទ ព្រមទាំងឲ្យយើងអង្គុយជាមួយព្រះអង្គនៅលើមេឃផង
ព្រះសព្វព្រះហឫទ័យឲ្យពួកវិសុទ្ធជនដឹងក្នុងចំណោមសាសន៍ដទៃថា ភាពបរិបូរនៃសិរីរុងរឿងរបស់អាថ៌កំបាំងនោះជាយ៉ាងណា; អាថ៌កំបាំងនោះគឺព្រះគ្រីស្ទដែលគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីរុងរឿង!
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទហើយ នោះចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ចុះនៅខាងស្ដាំព្រះ។
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
ដោយហេតុនេះ ចូរឲ្យយើងចូលទៅជិតបល្ល័ង្កនៃព្រះគុណដោយភាពក្លាហាន ដើម្បីអាចទទួលសេចក្ដីមេត្តា និងដើម្បីអាចរកបានព្រះគុណជាជំនួយនៅពេលត្រូវការ៕
រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់