ម៉ាថាយ 27 - ព្រះគម្ពីរខ្មែរសាកលព្រះយេស៊ូវត្រូវគេប្រគល់ទៅពីឡាត់ 1 លុះព្រលឹមឡើង ពួកនាយកបូជាចារ្យ និងពួកចាស់ទុំទាំងអស់របស់ប្រជាជនបានពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីប្រហារជីវិតព្រះអង្គ។ 2 ពួកគេចងព្រះយេស៊ូវ ហើយនាំទៅប្រគល់ឲ្យអភិបាលពីឡាត់។ យូដាសសម្លាប់ខ្លួន 3 ពេលនោះ យូដាសដែលក្បត់ព្រះយេស៊ូវឃើញថាព្រះអង្គត្រូវគេផ្ដន្ទាទោស ក៏មានវិប្បដិសារី ហើយប្រគល់កាក់ប្រាក់សាមសិបនោះទៅពួកនាយកបូជាចារ្យ និងពួកចាស់ទុំវិញ 4 ទាំងនិយាយថា៖ “ខ្ញុំបានប្រព្រឹត្តបាប ដោយក្បត់នឹងឈាមដែលគ្មានទោស”។ ប៉ុន្តែពួកគេតបថា៖ “តើរឿងនេះជាអ្វីនឹងយើង? អ្នកទទួលខុសត្រូវខ្លួនឯងទៅ!”។ 5 យូដាសបោះកាក់ប្រាក់ទាំងនោះទៅក្នុងព្រះវិហារ ហើយចាកចេញទៅ រួចគាត់ក៏ទៅចងកសម្លាប់ខ្លួន។ 6 ពួកនាយកបូជាចារ្យរើសកាក់ប្រាក់ទាំងនោះ ហើយពោលថា៖ “ការដែលដាក់កាក់ប្រាក់ទាំងនេះក្នុងឃ្លាំងព្រះវិហារខុសច្បាប់ហើយ ពីព្រោះជាថ្លៃឈាម”។ 7 បន្ទាប់ពីពិគ្រោះគ្នាហើយ ពួកគេក៏ទិញដីរបស់ជាងស្មូនដោយកាក់ប្រាក់ទាំងនោះ ទុកជាកន្លែងបញ្ចុះសពជនបរទេស។ 8 ហេតុនេះហើយបានជាដីនោះត្រូវគេហៅថា “វាលឈាម” រហូតមកដល់សព្វថ្ងៃ។ 9 ដូច្នេះ សេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីយេរេមាត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ពួកគេបានយកកាក់ប្រាក់សាមសិប ជាតម្លៃដែលអ្នកនោះត្រូវគេវាយតម្លៃ គឺតម្លៃដែលកូនចៅអ៊ីស្រាអែលបានវាយតម្លៃ 10 ហើយបង់កាក់ប្រាក់ទាំងនោះទិញដីរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់ខ្ញុំ”។ ព្រះយេស៊ូវនៅមុខពីឡាត់ 11 ព្រះយេស៊ូវទ្រង់ឈរនៅមុខអភិបាល ហើយអភិបាលក៏សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលថា៖“គឺលោកនិយាយទេ”។ 12 នៅពេលព្រះអង្គត្រូវពួកនាយកបូជាចារ្យ និងពួកចាស់ទុំចោទប្រកាន់ ព្រះអង្គមិនបានតបអ្វីឡើយ។ 13 ពេលនោះ ពីឡាត់ក៏សួរព្រះអង្គថា៖ “តើអ្នកមិនឮពួកគេធ្វើបន្ទាល់ទាស់នឹងអ្នកជាច្រើនដល់ម្ល៉េះទេឬ?”។ 14 ប៉ុន្តែព្រះអង្គមិនតបអ្វីនឹងលោកឡើយ សូម្បីតែមួយម៉ាត់ ធ្វើឲ្យអភិបាលភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យេស៊ូវ ឬបារ៉ាបាស 15 រៀងរាល់ពិធីបុណ្យនោះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យប្រជាជន តាមដែលពួកគេចង់បាន។ 16 ពេលនោះ មានអ្នកទោសល្បីម្នាក់ដែលគេហៅថាបារ៉ាបាស។ 17 ដូច្នេះ នៅពេលហ្វូងមនុស្សបានផ្ដុំគ្នា ពីឡាត់សួរពួកគេថា៖ “តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា? បារ៉ាបាស ឬយេស៊ូវដែលហៅថាព្រះគ្រីស្ទ?”។ 18 តាមពិត ពីឡាត់ដឹងរួចហើយថា ពួកគេប្រគល់ព្រះអង្គមកព្រោះតែការឈ្នានីស។ 19 ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។ 20 ប៉ុន្តែពួកនាយកបូជាចារ្យ និងពួកចាស់ទុំបានបញ្ចុះបញ្ចូលហ្វូងមនុស្ស ឲ្យទាមទារបារ៉ាបាស ហើយឲ្យបំផ្លាញជីវិតព្រះយេស៊ូវវិញ។ 21 អភិបាលសួរពួកគេថា៖ “ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា?”។ ពួកគេឆ្លើយថា៖ “បារ៉ាបាស!”។ 22 ពីឡាត់ក៏សួរពួកគេថា៖ “បើដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវដែលហៅថាព្រះគ្រីស្ទ?”។ ពួកគេគ្រប់គ្នានិយាយថា៖ “ឆ្កាងវាទៅ!”។ 23 ពីឡាត់មានប្រសាសន៍ថា៖ “ហេតុអ្វី? តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី?”។ ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងថា៖ “ឆ្កាងវាទៅ!”។ 24 នៅពេលពីឡាត់ឃើញថា ធ្វើអ្វីក៏ឥតបានការ ផ្ទុយទៅវិញ បែរជាកើតចលាចល លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា៖ “ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងទៅ!”។ 25 ប្រជាជនទាំងអស់ឆ្លើយថា៖ “ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ!”។ 26 ពេលនោះ ពីឡាត់ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។ ការចំអកពីពួកទាហាន 27 បន្ទាប់មក ពួកទាហានរបស់អភិបាលនាំព្រះយេស៊ូវទៅក្នុងវិមានអភិបាល ហើយប្រមូលកងទាហានទាំងមូលមកនៅជុំវិញព្រះអង្គ។ 28 នៅពេលដោះព្រះពស្ត្រព្រះអង្គចេញ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមឆ្អៅឲ្យព្រះអង្គ 29 ហើយក្រងមែកបន្លាជាមកុដ បំពាក់លើព្រះសិររបស់ព្រះអង្គ ព្រមទាំងដាក់ដើមត្រែងក្នុងព្រះហស្តស្ដាំរបស់ព្រះអង្គ រួចលុតជង្គង់នៅមុខព្រះអង្គ ចំអកឡកឡឺយដាក់ព្រះអង្គថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!”។ 30 ពួកគេស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គម្ដងហើយម្ដងទៀត។ 31 នៅពេលចំអកឡកឡឺយដាក់ព្រះអង្គរួចហើយ ពួកគេក៏ដោះអាវវែងនោះចេញ ហើយពាក់ព្រះពស្ត្ររបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គទៅឆ្កាង។ ឆ្កាងនៅចន្លោះចោរប្លន់ពីរនាក់ 32 នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។ 33 លុះមកដល់កន្លែងមួយដែលគេហៅថា “គាល់កូថា” (គាល់កូថា មានអត្ថន័យប្រែថា ទីលលាដ៍ក្បាល) 34 ពួកគេក៏យកស្រាទំពាំងបាយជូរដែលបានលាយនឹងទឹកប្រមាត់ឲ្យព្រះអង្គផឹក។ ប៉ុន្តែពេលភ្លក់ហើយ ព្រះអង្គមិនព្រមផឹកទេ។ 35 ក្រោយពីឆ្កាងព្រះយេស៊ូវហើយ ពួកគេក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត 36 រួចអង្គុយយាមព្រះអង្គនៅទីនោះ។ 37 នៅខាងលើព្រះសិររបស់ព្រះអង្គ ពួកគេបិទផ្លាកសញ្ញាអំពីទោសរបស់ព្រះអង្គ ដែលមានសរសេរថា “នេះជាយេស៊ូវ ស្ដេចនៃជនជាតិយូដា”។ 38 ពេលនោះ មានចោរប្លន់ពីរនាក់ត្រូវគេឆ្កាងជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។ 39 ពួកអ្នកដែលដើរកាត់ទីនោះក៏ជេរប្រមាថព្រះអង្គទាំងគ្រវីក្បាល 40 ហើយពោលថា៖ “អ្នកដែលកម្ទេចព្រះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ បើសិនអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរសង្គ្រោះខ្លួនឯង ហើយចុះពីឈើឆ្កាងមក!”។ 41 ពួកនាយកបូជាចារ្យជាមួយពួកគ្រូវិន័យ និងពួកចាស់ទុំក៏ចំអកឡកឡឺយដាក់ព្រះអង្គដូចគ្នាដែរ ថា៖ 42 “វាបានសង្គ្រោះអ្នកដទៃ ប៉ុន្តែមិនអាចសង្គ្រោះខ្លួនឯងបានទេ។ វាជាស្ដេចអ៊ីស្រាអែលមែន! ចូរឲ្យវាចុះពីឈើឆ្កាងឥឡូវនេះមក នោះយើងនឹងជឿទុកចិត្តលើវា! 43 វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។ 44 ពួកចោរប្លន់ដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវក៏ត្មះតិះដៀលព្រះអង្គដូចគ្នាដែរ។ ការសុគតរបស់ព្រះយេស៊ូវ 45 ចាប់ពីម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ 46 ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។ 47 អ្នកខ្លះដែលឈរនៅទីនោះបានឮ ក៏ពោលថា៖ “អ្នកនេះកំពុងហៅអេលីយ៉ា!”។ 48 មានម្នាក់ក្នុងពួកគេរត់ទៅភ្លាម យកអេប៉ុងហ្ស៍បញ្ជោកដោយទឹកខ្មេះរុំនឹងដើមត្រែងឲ្យព្រះអង្គផឹក។ 49 រីឯអ្នកឯទៀតពោលថា៖ “ចាំមើលមើល៍! ក្រែងលោអេលីយ៉ាមកសង្គ្រោះវា”។ 50 ប៉ុន្តែព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងម្ដងទៀត រួចប្រគល់វិញ្ញាណរបស់ព្រះអង្គ។ 51 ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា 52 រូងផ្នូររបើកឡើង ហើយរូបកាយរបស់វិសុទ្ធជនជាច្រើនដែលបានដេកលក់ ក៏ត្រូវបានលើកឲ្យរស់ឡើងវិញ។ 53 ក្រោយពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ គេក៏ចេញមកពីរូងផ្នូរទាំងនោះ ចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងលេចមកដល់មនុស្សជាច្រើនផង។ 54 មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។ 55 នៅទីនោះ មានស្ត្រីជាច្រើនកំពុងមើលពីចម្ងាយ ពួកនាងជាអ្នកដែលទៅតាមព្រះយេស៊ូវតាំងពីនៅកាលីឡេ ព្រមទាំងបម្រើព្រះអង្គផង។ 56 ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុប និងយ៉ូសេ ព្រមទាំងមានម្ដាយរបស់ពួកកូនសេបេដេ។ ការបញ្ចុះព្រះសពព្រះយេស៊ូវ 57 លុះដល់ពេលល្ងាច មានអ្នកមានម្នាក់ឈ្មោះយ៉ូសែបអ្នកអើរីម៉ាថេបានមកដល់ ខ្លួនគាត់ផ្ទាល់ក៏ជាសិស្សរបស់ព្រះយេស៊ូវដែរ។ 58 គាត់ចូលទៅជួបពីឡាត់ សុំយកព្រះសពព្រះយេស៊ូវ ពីឡាត់ក៏បញ្ជាឲ្យប្រគល់ដល់គាត់។ 59 នៅពេលយកព្រះសពហើយ យ៉ូសែបក៏រុំព្រះសពនឹងក្រណាត់ផាឌិបស្អាត 60 រួចដាក់ក្នុងរូងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់លុងក្នុងថ្មដា។ បន្ទាប់ពីប្រមៀលថ្មដ៏ធំមួយខ្ទប់នឹងមាត់រូង គាត់ក៏ចាកចេញទៅ។ 61 ម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្នាក់ទៀតនៅទីនោះ អង្គុយទល់មុខរូងផ្នូរ។ ពួកទាហានយាមផ្នូរ 62 នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃក្រោយថ្ងៃរៀបចំបុណ្យ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីបានជួបជុំគ្នានៅមុខពីឡាត់ 63 ហើយនិយាយថា៖ “លោកម្ចាស់ យើងខ្ញុំចាំបានថា កាលអ្នកបោកប្រាស់នោះនៅរស់នៅឡើយ វាបាននិយាយថា: ‘ក្រោយពីបីថ្ងៃ ខ្ញុំនឹងត្រូវបានលើកឲ្យរស់ឡើងវិញ’។ 64 ដូច្នេះ សូមលោកបញ្ជាឲ្យគេការពារផ្នូរឲ្យតឹងរ៉ឹងរហូតដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចសពវា ហើយប្រាប់ប្រជាជនថាវាត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះការបោកប្រាស់ចុងក្រោយនេះ នឹងអាក្រក់ជាងលើកមុនទៅទៀត”។ 65 ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “អស់លោកយកទាហានយាមទៅ។ ចូរទៅការពារឲ្យតឹងរ៉ឹងតាមដែលអស់លោកអាចធ្វើបានចុះ”។ 66 ដូច្នេះ ពួកគេក៏ចាកចេញទៅចាត់ចែងការពារផ្នូរឲ្យតឹងរ៉ឹង ដោយបិទត្រាលើថ្មនៅមាត់រូងផ្នូរ ទាំងមានទាហានយាមផង៕ |