Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 42 - ព្រះគម្ពីរខ្មែរសាកល


ភាគ ២ (ទំនុកតម្កើង 42-72) ដង្ហក់រកព្រះ
ទំនុក​ម៉ាស្គីល ​របស់​កូនចៅ​កូរ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ឱ​ព្រះ​អើយ ដូចដែល​ក្ដាន់​ដង្ហក់រក​ជ្រោះទឹក​យ៉ាងណា ព្រលឹង​របស់ទូលបង្គំ​ក៏​ដង្ហក់រក​ព្រះអង្គ​យ៉ាងនោះដែរ​!

2 ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះ គឺ​ព្រះ​ដ៏មានព្រះជន្មរស់​។ តើ​ពេលណា​ទូលបង្គំ​ទៅ​ជួប​ព្រះភក្ត្រ​របស់​ព្រះ​បាន​?

3 ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។

4 នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។

5 ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ ហើយ​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែលមកពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។

6 ព្រះ​នៃទូលបង្គំ​អើយ ព្រលឹង​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ​ហើយ​! ដោយហេតុនេះ ទូលបង្គំ​នឹង​នឹកចាំ​ព្រះអង្គ ពី​ដែនដី​យ័រដាន់ និង​កំពូលភ្នំហ៊ើរម៉ូន ព្រមទាំង​ពី​ភ្នំ​មីតសារ​។

7 ទីជម្រៅ​ហៅ​រក​ទីជម្រៅ ដោយ​សូរ​នៃ​ទឹកធ្លាក់​របស់ព្រះអង្គ​; អស់ទាំង​រលកបែកផ្កាត្រែង និង​រលកដកពពារ​របស់ព្រះអង្គ​បាន​បោក​លើ​ទូលបង្គំ​។

8 នៅ​ពេលថ្ងៃ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ឲ្យមាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; នៅ​ពេលយប់ ចម្រៀង​របស់ព្រះអង្គ​នៅជាមួយ​ទូលបង្គំ ជា​សេចក្ដីអធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ​។

9 ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ដែលជា​ថ្មដា​របស់ខ្ញុំ​ថា​៖ “ហេតុអ្វីបានជា​ព្រះអង្គ​ភ្លេច​ទូលបង្គំ​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?”។

10 ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។

11 ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ​? ហេតុអ្វីបានជា​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែល​នៅចំពោះ​ខ្ញុំ និង​សម្រាប់​ព្រះ​របស់ខ្ញុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម