Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 4 - ព្រះគម្ពីរខ្មែរសាកល


អ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ

1 បើដូច្នេះ តើ​យើង​នឹង​និយាយថា អ័ប្រាហាំដូនតា​របស់យើង​ខាងសាច់ឈាម ទទួលបាន​អ្វី​?

2 ជាការពិត ប្រសិនបើ​អ័ប្រាហាំ​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត នោះ​លោក​មាន​អ្វីនឹង​អួតអាង ប៉ុន្តែ​នៅចំពោះ​ព្រះ លោក​គ្មាន​អ្វី​អួតអាង​ទេ​។

3 តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់”។

4 ចំពោះ​អ្នក​ដែល​ធ្វើការ ថ្លៃឈ្នួល​មិន​រាប់​ជា​គុណ​ទេ គឺ​ជា​អ្វីដែលត្រូវទទួល

5 រីឯ​ចំពោះ​អ្នក​ដែល​មិន​ធ្វើការ តែ​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​រាប់​មនុស្ស​មិនគោរពព្រះ​ជាសុចរិត នោះ​ជំនឿ​របស់​អ្នកនោះ​បាន​រាប់​ជា​សេចក្ដីសុចរិត​វិញ​។


ដាវីឌអបអរនឹងការរាប់ជាសុចរិត

6 ដូចដែល​ដាវីឌ​បាន​ថ្លែង​ដែរ អំពី​ភាពមានពរ​របស់​អ្នក​ដែល​ព្រះ​រាប់ជា​សុចរិត​ដោយឡែកពី​ការប្រព្រឹត្ត ថា​៖

7 “មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការឥតច្បាប់​របស់ខ្លួន ហើយ​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​។

8 មានពរ​ហើយ អ្នក​ដែល​ព្រះអម្ចាស់​មិន​រាប់ថា​មាន​បាប”។


អ័ប្រាហាំត្រូវបានរាប់ជាសុចរិតមុនទទួលពិធីកាត់ស្បែក

9 បើដូច្នេះ តើ​ភាពមានពរ​គឺ​សម្រាប់​តែ​អ្នកដែលទទួលពិធីកាត់ស្បែក ឬ​សម្រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ដែរ​? យើង​និយាយថា​៖“ជំនឿ​របស់​អ័ប្រាហាំ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់”

10 ចុះ​លោក​ត្រូវបាន​រាប់ជា​សុចរិត​យ៉ាងដូចម្ដេច​? ក្រោយពី​ទទួលពិធីកាត់ស្បែក ឬ​នៅពេល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​? មិនមែន​ក្រោយពី​ទទួលពិធីកាត់ស្បែក​ទេ គឺ​នៅពេល​មិនទាន់ទទួលពិធីកាត់ស្បែក​វិញ​។

11 ហើយ​លោក​បាន​ទទួល​សញ្ញា​នៃ​ពិធីកាត់ស្បែក ជា​ត្រា​បញ្ជាក់ថា​កាល​លោក​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ លោក​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ហើយ ដើម្បីឲ្យ​លោក​ទៅជា​ឪពុក​របស់​អស់អ្នក​ដែល​ជឿ​ដោយ​មិនបានទទួលពិធីកាត់ស្បែក និង​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​រាប់ជា​សុចរិត​ដែរ​;

12 ព្រមទាំង​ទៅជា​ឪពុក​របស់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ ហើយ​មិនគ្រាន់តែ​អ្នកដែលទទួលពិធីកាត់ស្បែក​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ទៅជា​ឪពុក​ដល់​អ្នក​ដែល​ដើរតាម​លម្អាន​នៃ​ជំនឿ​របស់​អ័ប្រាហាំដូនតា​របស់យើង​ទៀតផង ជាជំនឿដែលលោកមាន កាល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​។


សេចក្ដីសន្យាក្លាយជាការពិតតាមរយៈជំនឿ

13 ជាការពិត សេចក្ដីសន្យា​ដល់​អ័ប្រាហាំ ឬ​ដល់​ពូជពង្ស​របស់​លោក ដែល​ថា​លោក​នឹង​ទទួល​ពិភពលោក​ជាមរតក​នោះ មិន​បានប្រទានមក​តាមរយៈ​ក្រឹត្យវិន័យ​ទេ គឺ​តាមរយៈ​សេចក្ដីសុចរិត​ដែលមកពី​ជំនឿ​វិញ​។

14 នេះគឺដោយសារ បើ​ពួក​អ្នក​ដែល​អាងលើ​ក្រឹត្យវិន័យ​ជា​អ្នកទទួលមរតក នោះ​ធ្វើឲ្យ​ជំនឿ​ទៅជាឥតប្រយោជន៍ ហើយ​សេចក្ដីសន្យា​ក៏​ទៅជាមោឃៈ​ដែរ​។

15 ដ្បិត​ក្រឹត្យវិន័យ​នាំឲ្យមាន​ព្រះពិរោធ ដូច្នេះ​កន្លែងណាដែល​គ្មាន​ក្រឹត្យវិន័យ កន្លែងនោះ​ក៏គ្មាន​ការល្មើស​ដែរ​។

16 នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា

17 ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន”។ ព្រះអង្គ​ដែល​លោក​បាន​ជឿ គឺជា​ព្រះ​ដែល​ផ្ដល់ជីវិត​ដល់​មនុស្សស្លាប់ និង​ហៅ​អ្វីៗ​ដែល​គ្មាន​ឲ្យ​ទៅជា​មាន​វិញ​។

18 នៅពេល​គ្មាន​សង្ឃឹម អ័ប្រាហាំ​នៅតែ​ជឿ​ទាំង​សង្ឃឹម ដូច្នេះ​លោក​បានជាឪពុក​របស់​ប្រជាជាតិ​ជាច្រើន ស្របតាម​សេចក្ដី​ដែល​មាន​ចែង​ទុកមក​ថា​:“ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។

19 ទោះបីជា​លោក​ពិចារណា​អំពី​រូបកាយ​របស់​ខ្លួន​ដែល​ដូចជា​ស្លាប់​ហើយ ដោយ​លោក​មាន​អាយុ​ប្រមាណ​មួយរយឆ្នាំ និង​ទោះបីជា​លោក​ពិចារណា​អំពី​ផ្ទៃ​របស់​សារ៉ា​ដែល​ស្លាប់​ក៏ដោយ ក៏​លោក​មិន​បាន​ចុះខ្សោយ​នៅក្នុង​ជំនឿ​ឡើយ​។

20 លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្ដីសន្យា​របស់​ព្រះ ដោយ​ភាពឥតជំនឿ​ឡើយ ផ្ទុយទៅវិញ លោក​បាន​ទទួលកម្លាំង​ដោយសារតែ​ជំនឿ ទាំង​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ

21 ព្រមទាំង​ជឿអស់ពីចិត្ត​ថា ព្រះ​អាច​ធ្វើ​អ្វីដែល​ព្រះអង្គ​បាន​សន្យា​។

22 ដោយហេតុនេះ ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​លោក​។

23 យ៉ាងណាមិញ ការដែល“ត្រូវបាន​រាប់​ជាសេចក្ដីសុចរិត​ដល់​គាត់” មិនមែន​សរសេរ​ទុកមក​សម្រាប់​តែ​លោក​ប៉ុណ្ណោះទេ

24 គឺ​សម្រាប់​យើង​ដែរ​។ យើង​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នឹង​ត្រូវបាន​រាប់ជា​សុចរិត​។

25 ព្រះអម្ចាស់យេស៊ូវ​ត្រូវបាន​ប្រគល់​ទៅ ដោយសារតែ​ការបំពាន​របស់យើង​; ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម