សាការី 8:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘យើងនឹងត្រឡប់មកស៊ីយ៉ូន ហើយស្នាក់នៅកណ្ដាលយេរូសាឡិម នោះយេរូសាឡិមនឹងត្រូវបានហៅថា “ទីក្រុងនៃសេចក្ដីពិត” ហើយភ្នំរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងត្រូវបានហៅថា “ភ្នំដ៏វិសុទ្ធ”’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ |
ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង នៅទីក្រុងរបស់ព្រះនៃយើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ!
ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎! ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌ ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
រួចយើងនឹងស្ដារពួកចៅក្រមរបស់អ្នកឡើងវិញដូចពីដើម ក៏នឹងស្ដារពួកទីប្រឹក្សារបស់អ្នកឡើងវិញដូចគ្រាដំបូង។ ក្រោយមក អ្នកនឹងត្រូវគេហៅថា ‘ទីក្រុងនៃសេចក្ដីសុចរិត’ និង ‘ទីក្រុងស្មោះត្រង់’”។
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងរស់នៅក្នុងចម្ការសម្បូរផល។
ពួកកូនចៅរបស់អ្នកដែលធ្វើបាបអ្នក នឹងមកឱនចុះនៅចំពោះអ្នក អស់អ្នកដែលធ្លាប់មើលងាយអ្នក នឹងក្រាបចុះនៅទៀបបាតជើងរបស់អ្នក។ ពួកគេនឹងហៅអ្នកថា “ទីក្រុងរបស់ព្រះយេហូវ៉ា” ក៏នឹងហៅថា “ស៊ីយ៉ូនរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល”។
ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា តោនឹងស៊ីចំបើងដូចគោ រីឯពស់នឹងមានធូលីជាអាហាររបស់វា វានឹងមិនធ្វើអាក្រក់ ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
ពួកគេនឹងនាំបងប្អូនទាំងអស់របស់អ្នករាល់គ្នាចេញមកពីអស់ទាំងប្រជាជាតិ ទុកជាតង្វាយដល់ព្រះយេហូវ៉ា ដោយឲ្យជិះសេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និងអូដ្ឋមកយេរូសាឡិមភ្នំដ៏វិសុទ្ធរបស់យើង ដូចដែលកូនចៅអ៊ីស្រាអែលនាំតង្វាយមកដំណាក់របស់ព្រះយេហូវ៉ា ក្នុងភាជនៈបរិសុទ្ធ។
មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: “យើងបានត្រឡប់មកឯយេរូសាឡិមវិញជាមួយនឹងសេចក្ដីមេត្តាហើយ។ ដំណាក់របស់យើងនឹងត្រូវបានសង់ឡើងវិញនៅទីនេះ ហើយខ្សែរង្វាស់នឹងត្រូវបានសន្ធឹងនៅលើយេរូសាឡិម”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ’។
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកមេដឹកនាំរបស់យូដាបានដូចជាចង្ក្រានភ្លើងនៅកណ្ដាលអុស និងដូចជាចន្លុះភ្លើងនៅកណ្ដាលកណ្ដាប់ស្រូវ។ គេនឹងស៊ីបំផ្លាញអស់ទាំងជាតិសាសន៍ដែលនៅជុំវិញ ទាំងខាងស្ដាំ ទាំងខាងឆ្វេង រីឯពួកអ្នកយេរូសាឡិមនឹងរស់នៅកន្លែងរបស់ខ្លួនម្ដងទៀត ក្នុងយេរូសាឡិម។
ទឹកដីទាំងមូលចាប់ពីកេបា រហូតដល់រីម៉ូននៅខាងត្បូងយេរូសាឡិម នឹងត្រឡប់ជាដូចវាលរហោស្ថាន ប៉ុន្តែយេរូសាឡិមនឹងនៅខ្ពស់ ហើយស្ថិតនៅកន្លែងដើម គឺចាប់ពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងនៃទ្វារដំបូង និងរហូតដល់ទ្វារជ្រុងកំពែង ព្រមទាំងពីប៉មហាណានាល រហូតដល់ទីបញ្ជាន់ផ្លែរបស់ស្ដេច។
នេះជាការដែលអ្នករាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ហើយត្រូវអនុវត្តសេចក្ដីពិតត្រង់ និងការកាត់ក្ដីសម្រាប់សេចក្ដីសុខសាន្ត នៅក្នុងទ្វារក្រុងរបស់អ្នករាល់គ្នា។
“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ការតមអាហារនៃខែទីបួន ការតមអាហារនៃខែទីប្រាំ ការតមអាហារនៃខែទីប្រាំពីរ និងការតមអាហារនៃខែទីដប់ នឹងត្រឡប់ជាសេចក្ដីរីករាយ និងអំណរ ហើយជាពិធីបុណ្យដ៏រីករាយដល់វង្សត្រកូលយូដាវិញ ដូច្នេះចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្តចុះ’។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។
ទូតសួគ៌នោះក៏នាំខ្ញុំដែលលង់ក្នុងវិញ្ញាណទៅលើភ្នំមួយដ៏ធំ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមដែលចុះមកពីលើមេឃមកពីព្រះ។
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕
ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្កថា៖ “មើល៍! លំនៅរបស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ។