Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 48 - ព្រះគម្ពីរខ្មែរសាកល


លើកតម្កើងទីក្រុងរបស់ព្រះមហាក្សត្រ
ចម្រៀង​មួយ ជា​បទតម្កើង​របស់​កូនចៅ​កូរ៉ា​។

1 ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង នៅ​ទីក្រុង​របស់​ព្រះ​នៃយើង គឺនៅលើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!

2 ភ្នំ​ស៊ីយ៉ូន​នៅ​ទិសខាងជើង​ដ៏ឆ្ងាយ ជា​ទីក្រុង​របស់​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម ដែល​មាន​កម្ពស់​ដ៏ស្រស់ស្អាត ជា​សេចក្ដីរីករាយ​នៃ​ផែនដី​ទាំងមូល​។

3 ព្រះ​គង់​នៅក្នុង​បន្ទាយ​នៃ​ទីក្រុងនោះ ព្រះអង្គ​សម្ដែង​អង្គទ្រង់​ជា​ទីពឹងជ្រក​។

4 មើល៍! បណ្ដា​ស្ដេច​បាន​ជួបជុំគ្នា ពួកគេ​បាន​យាង​ឆ្លងកាត់​ជាមួយគ្នា​។

5 ពួកគេ​បាន​ឃើញ​ទីក្រុងនោះ ក៏​ភ្ញាក់ផ្អើល ពួកគេ​បាន​តក់ស្លុត ហើយ​ប្រញាប់រត់ចេញ​។

6 នៅ​ទីនោះ ការញ័ររន្ធត់​បាន​ចាប់​ពួកគេ​; មាន​ការឈឺចុកចាប់​ដូច​ស្ត្រី​កំពុង​សម្រាលកូន​។

7 ឱព្រះអើយ ព្រះអង្គ​កម្ទេច​សំពៅ​តើស៊ីស ដោយ​ខ្យល់ទិសខាងកើត​។

8 ដូចដែល​យើង​បាន​ឮ​យ៉ាងណា យើង​ក៏​ឃើញ​យ៉ាងនោះដែរ ក្នុង​ទីក្រុង​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ទីក្រុង​របស់​ព្រះ​នៃយើង គឺថា​ព្រះ​នឹង​ធ្វើឲ្យ​ទីក្រុងនោះ​ស្ថិតស្ថេរ​ជារៀងរហូត​។ សេឡា

9 ឱ​ព្រះ​អើយ នៅកណ្ដាល​ព្រះវិហារ​របស់ព្រះអង្គ យើងខ្ញុំ​រិះគិត​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​!

10 ឱ​ព្រះ​អើយ ដូចដែល​ព្រះនាម​របស់ព្រះអង្គ​ជា​យ៉ាងណា ការសរសើរតម្កើង​ដល់​ព្រះអង្គ​ក៏​ជា​យ៉ាងនោះដែរ គឺ​ទៅដល់​ចុងបំផុត​នៃ​ផែនដី​! ព្រះហស្តស្ដាំ​របស់ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។

11 សូមឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​អរសប្បាយ សូមឲ្យ​កូនស្រី​យូដា​បាន​ត្រេកអរ ដោយព្រោះ​ការជំនុំជម្រះ​របស់ព្រះអង្គ​។

12 ចូរ​ដើរជុំវិញ​ស៊ីយ៉ូន ហើយ​ឡោមព័ទ្ធ​ទីក្រុងនោះ ចូរ​រាប់​ប៉ម​ទាំងឡាយ​របស់នាង

13 ចូរ​ផ្ចង់ចិត្ត​អ្នករាល់គ្នា​ចំពោះ​កំពែង​របស់នាង ចូរ​ដើរត្រួតពិនិត្យ​បន្ទាយ​របស់នាង​ចុះ ដើម្បី​រៀបរាប់ប្រាប់​ដល់​ជំនាន់​ក្រោយ

14 ថា​ព្រះ​មួយ​អង្គ​នេះ ជា​ព្រះ​របស់យើង​ជារៀងរហូតអស់កល្បជានិច្ច ព្រះអង្គ​នឹង​នាំផ្លូវ​យើង​រហូតដល់​ទីបញ្ចប់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម