Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាការី 1 - ព្រះគម្ពីរខ្មែរសាកល


អំពាវនាវឲ្យកែប្រែចិត្ត

1 នៅ​ខែ​ទីប្រាំបី ឆ្នាំ​ទីពីរ​នៃ​រជ្ជកាលរបស់​ដារីយុស ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​ព្យាការី​សាការី​កូន​របស់​បេរេគា​ដែលជា​កូន​របស់​អ៊ីដោ​ថា​៖

2 “ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធយ៉ាងក្រេវក្រោធ​នឹង​ដូនតា​របស់អ្នករាល់គ្នា​។

3 ដោយហេតុនេះ ចូរ​ប្រាប់​ពួកគេ​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “ចូរ​ត្រឡប់មក​ឯ​យើង​វិញ​——​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​——​នោះ​យើង​នឹង​ត្រឡប់មក​ឯ​អ្នករាល់គ្នា​វិញ​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។

4 កុំឲ្យ​បាន​ដូចជា​ដូនតា​របស់អ្នករាល់គ្នា ដែល​ពួក​ព្យាការី​ពីមុន​បាន​ស្រែកហៅ​ទៅ​ពួកគាត់​ថា​: “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ឥឡូវនេះ ចូរ​បែរចេញ​ពី​ផ្លូវ​អាក្រក់​របស់អ្នករាល់គ្នា និង​ទង្វើ​អាក្រក់​របស់អ្នករាល់គ្នា​ចុះ” ប៉ុន្តែ​ពួកគាត់​មិន​បាន​ស្ដាប់តាម ឬ​យកចិត្តទុកដាក់​នឹង​យើង​ឡើយ​។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា’។

5 ដូនតា​របស់អ្នករាល់គ្នា តើ​ពួកគាត់​នៅ​ឯណា​? ហើយ​ពួក​ព្យាការី​ទាំងនោះ តើ​រស់នៅ​ជារៀងរហូត​ឬ​?

6 យ៉ាងណាមិញ ពាក្យ​របស់យើង និង​បទបញ្ញត្តិ​របស់យើង ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នកបម្រើ​របស់យើង តើ​មិន​បាន​តាមទាន់​ដូនតា​របស់អ្នករាល់គ្នា​ទេ​ឬ​? ដូច្នេះ ពួកគាត់​បាន​បែរមកវិញ ហើយ​ពោលថា​: ‘ដូចដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​សម្រេចព្រះហឫទ័យ​ធ្វើ​ដល់​យើង​ស្របតាម​ផ្លូវ​របស់យើង និង​ទង្វើ​របស់យើង​យ៉ាងណា ព្រះអង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាងនោះដែរ’”។


និមិត្តពេលយប់

7 នៅ​ថ្ងៃ​ទី២៤ ខែ​ទីដប់មួយ​ដែល​ត្រូវជា​ខែ​សេបាទ ក្នុង​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាលរបស់​ដារីយុស ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​ព្យាការី​សាការី​កូន​របស់​បេរេគា​ដែលជា​កូន​របស់​អ៊ីដោ​ដូចតទៅ​:


និមិត្តទីមួយ: អ្នកជិះសេះ

8 ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។

9 ពេលនោះ ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ទាំងនេះ​ជា​អ្វី”។

10 នោះ​បុរស​ដែល​ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ក៏​ឆ្លើយឡើង​ថា​៖ “ទាំងនេះ​ជា​ពួកដែល​ព្រះយេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរល្បាត​ផែនដី”។

11 ពួកគេ​តប​នឹង​ទូតសួគ៌​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​នោះ​ថា​៖ “ពួកយើង​បាន​ដើរល្បាត​ផែនដី នោះ​មើល៍! ផែនដី​ទាំងមូល​នៅស្ថិតស្ថេរ និង​ស្ងប់ស្ងាត់”។

12 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ពោល​ថា​៖ “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ តើ​ព្រះអង្គ​មិន​អាណិតមេត្តា​ដល់​យេរូសាឡិម និង​ទីក្រុង​ទាំងឡាយ​នៃ​យូដា ដែល​ព្រះអង្គ​បាន​ព្រះពិរោធ​អស់រយៈពេល​ចិតសិប​ឆ្នាំ​មកហើយនោះ ដល់ពេលណា​ទៀត​?”។

13 ពេលនោះ ព្រះយេហូវ៉ា​ទ្រង់​ឆ្លើយ​នឹង​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ដោយ​ពាក្យ​ល្អ និង​ពាក្យ​នៃ​ការកម្សាន្តចិត្ត​។

14 ដូច្នេះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ចូរ​ប្រកាស​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ប្រច័ណ្ឌ​យេរូសាឡិម និង​ស៊ីយ៉ូន ដោយ​ការប្រច័ណ្ឌ​យ៉ាងខ្លាំង​។

15 យើង​ក៏​ខឹង​ដោយ​កំហឹង​ដ៏ខ្លាំង​នឹង​បណ្ដា​ប្រជាជាតិ​ឥតកង្វល់​ដែរ ដ្បិត​យើង​បាន​ខឹង​តែបន្តិច ប៉ុន្តែ​ពួកគេ​បាន​បង្កើន​មហន្តរាយ​វិញ”។

16 ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ត្រឡប់មក​ឯ​យេរូសាឡិម​វិញ​ជាមួយនឹង​សេចក្ដីមេត្តា​ហើយ​។ ដំណាក់​របស់យើង​នឹង​ត្រូវបាន​សង់ឡើងវិញ​នៅ​ទីនេះ ហើយ​ខ្សែរង្វាស់​នឹង​ត្រូវបាន​សន្ធឹង​នៅលើ​យេរូសាឡិម”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ’។

17 “ចូរ​ប្រកាស​ម្ដងទៀត​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “ទីក្រុង​ទាំងឡាយ​របស់យើង​នឹង​រីកសាយ​ដោយ​សេចក្ដីចម្រើន​ម្ដងទៀត ហើយ​ព្រះយេហូវ៉ា​នឹង​កម្សាន្តចិត្ត​ស៊ីយ៉ូន​ម្ដងទៀត ព្រមទាំង​ជ្រើសរើស​យេរូសាឡិម​ម្ដងទៀត​ផង”’”។


និមិត្តទីពីរ: ស្នែងបួន និងជាងដំដែកបួននាក់

18 ខ្ញុំ​បាន​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ស្នែង​បួន​។

19 ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ថា​៖ “តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់កម្ចាយ​យូដា អ៊ីស្រាអែល និង​យេរូសាឡិម”។

20 បន្ទាប់មក ព្រះយេហូវ៉ា​ទ្រង់​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ជាងដំដែក​បួន​នាក់​។

21 ខ្ញុំ​ទូល​សួរថា​៖ “តើ​អ្នកទាំងនោះ​មក​ធ្វើ​អ្វី​?”។ ព្រះអង្គ​ក៏​មានបន្ទូល​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​កម្ចាត់កម្ចាយ​យូដា រហូតដល់​គ្មាន​អ្នកណា​បាន​ងើប​ក្បាល​ឡើង ប៉ុន្តែ​អ្នកទាំងនោះ​បាន​មក​ដើម្បី​បំភ័យ​ស្នែងទាំងនេះ ហើយ​វាយទម្លាក់​ស្នែង​របស់​បណ្ដា​ប្រជាជាតិ​ដែល​បាន​លើក​ស្នែង​ឡើង​ទាស់នឹង​ដែនដី​យូដា​ដើម្បី​កម្ចាត់កម្ចាយ​គេ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម