សាការី 8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះសន្យាចំពោះក្រុងស៊ីយ៉ូន 1 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំដូចតទៅ៖ 2 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «យើងប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន យើងប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង។ 3 យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ 4 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នឹងមានមនុស្សចាស់ ទាំងប្រុសទាំងស្រី អង្គុយនៅតាមផ្លូវក្រុងយេរូសាឡិម គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ។ 5 នៅក្នុងទីក្រុងនឹងមានកូនប្រុស កូនស្រីកំពុងលេងនៅតាមផ្លូវ»។ 6 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «គ្រានោះ បើការនេះមើលទៅប្លែកភ្នែកដល់សំណល់ជនជាតិនេះ តើត្រូវប្លែកភ្នែកដល់យើងដែរឬ?» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 7 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។ 8 យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។ 9 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ សព្វថ្ងៃនេះ ឯងរាល់គ្នាឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបានប្រកាសនៅក្នុងគ្រាចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 10 ដ្បិតមុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតយើងបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន»។ 11 ប៉ុន្តែ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះសំណល់ជនជាតិនេះ ដូចកាលពីមុនទៀតទេ 12 ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។ 13 ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។ 14 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ដូចដែលបុព្វបុរសរបស់អ្នកបានបណ្ដាលឲ្យយើងក្រោធ នោះយើងបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តជាយ៉ាងណា 15 សព្វថ្ងៃនេះ យើងគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 16 នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា 17 កុំឲ្យអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតយើងស្អប់អំពើទាំងអស់នេះណាស់» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ពិធីជប់លៀងយ៉ាងសប្បាយ 18 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំ 19 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ មនុស្សជាច្រើនចូលក្រុងយេរ៉ូសាឡិម 20 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក 21 ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។ 22 ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។ 23 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។ |
© 2016 United Bible Societies
Bible Society in Cambodia