វិវរណៈ 19:7 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យយើងអរសប្បាយ ត្រេកអរយ៉ាងខ្លាំង ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គ! ដ្បិតដល់មង្គលការរបស់កូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនហើយដែរ។ Khmer Christian Bible ចូរយើងត្រេកអរ ហើយរីករាយជាខ្លាំងចុះ រួចថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលរៀបមង្គលការកូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ព្រះអង្គចុះ ដ្បិតដល់ពេលរៀបវិវាហមង្គលរបស់កូនចៀមហើយ ឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនជាស្រេចហើយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយា ថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច អាល់គីតាប យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងទ្រង់ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ |
សូមឲ្យភ្នំស៊ីយ៉ូនបានអរសប្បាយ សូមឲ្យកូនស្រីយូដាបានត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
ដើម្បីឲ្យទូលបង្គំបានថ្លែងអស់ទាំងពាក្យសរសើរតម្កើងព្រះអង្គ ហើយត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ តាមទ្វារក្រុងនៃកូនស្រីស៊ីយ៉ូន។
នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
ដ្បិតដូចដែលមនុស្សកំលោះរៀបការជាមួយស្រីក្រមុំយ៉ាងណា កូនប្រុសៗរបស់អ្នកនឹងរៀបការជាមួយអ្នកយ៉ាងនោះដែរ ហើយដូចដែលកូនកំលោះមានសេចក្ដីរីករាយចំពោះកូនក្រមុំយ៉ាងណា ព្រះរបស់អ្នកនឹងរីករាយចំពោះអ្នកយ៉ាងនោះដែរ។
អស់អ្នកដែលស្រឡាញ់យេរូសាឡិមអើយ ចូរអរសប្បាយជាមួយនាង ចូរត្រេកអរនឹងនាងចុះ។ អស់អ្នកដែលកាន់ទុក្ខចំពោះនាងអើយ ចូររីករាយនឹងនាងដោយសេចក្ដីរីករាយចុះ
នៅពេលអ្នករាល់គ្នាបានឃើញ ចិត្តរបស់អ្នករាល់គ្នានឹងរីករាយ ឆ្អឹងអ្នករាល់គ្នានឹងលូតលាស់ដូចស្មៅខ្ចី; ព្រះហស្តរបស់ព្រះយេហូវ៉ានឹងត្រូវបានសម្ដែងដល់បាវបម្រើរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ព្រះពិរោធនឹងសត្រូវរបស់ព្រះអង្គ។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
នៅពេលគាត់បានសញ្ជឹងគិតការទាំងនេះហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់គាត់ក្នុងយល់សប្តិ ហើយនិយាយថា៖ “យ៉ូសែបពូជពង្សដាវីឌអើយ កុំខ្លាចនឹងទទួលម៉ារាជាប្រពន្ធរបស់អ្នកឡើយ ពីព្រោះកូនដែលចាប់កំណើតនៅក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណដ៏វិសុទ្ធទេ។
“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យបុត្ររបស់ខ្លួន។
គឺដូចជាមនុស្សដែលកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រឡប់មកពីពិធីមង្គលការវិញ ដើម្បីបានបើកទ្វារជូនលោកភ្លាម កាលណាលោកមកដល់ ហើយគោះទ្វារ។
អ្នកដែលយកកូនក្រមុំ គឺកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្ដាប់គាត់ ក៏មានអំណរអរសប្បាយដោយសារតែសំឡេងរបស់កូនកំលោះ ដូច្នេះអំណររបស់ខ្ញុំនេះត្រូវបានបំពេញហើយ។
ខ្ញុំប្រច័ណ្ឌអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករាល់គ្នានឹងប្ដីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីបរិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ។
ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធ ដូចដែលព្រះគ្រីស្ទជាក្បាលរបស់ក្រុមជំនុំ ដែលអង្គទ្រង់ជាព្រះសង្គ្រោះនៃរូបកាយនោះដែរ។
អាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្តែខ្ញុំនិយាយដូច្នេះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំប៉ុណ្ណោះ។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
ក្រោយមក ទូតសួគ៌នោះក៏និយាយនឹងខ្ញុំថា៖ “ចូរសរសេរដូច្នេះថា មានពរហើយ អ្នកដែលត្រូវបានហៅឲ្យមកក្នុងពិធីជប់លៀងនៃមង្គលការរបស់កូនចៀម!” ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះ”។
ពេលនោះ ខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមថ្មី ចុះមកពីលើមេឃមកពីព្រះ ទាំងរៀបចំជាស្រេច ដូចកូនក្រមុំតុបតែងខ្លួនទទួលស្វាមី។
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។