Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ កូរិនថូស 11 - ព្រះគម្ពីរខ្មែរសាកល


ពួកសាវ័កក្លែងក្លាយ

1 ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ទ្រាំ​នឹង​ភាពឆោតល្ងង់​បន្តិចបន្តួច​របស់ខ្ញុំ​! តាមពិត អ្នករាល់គ្នា​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់ហើយ​។

2 ខ្ញុំ​ប្រច័ណ្ឌ​អ្នករាល់គ្នា​ដោយ​សេចក្ដីប្រច័ណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ភ្ជាប់ពាក្យ​ឲ្យ​អ្នករាល់គ្នា​នឹង​ប្ដី​តែមួយគត់ គឺ​ទុកជា​ស្ត្រីព្រហ្មចារី​បរិសុទ្ធ​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ​។

3 ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។

4 ជាការពិត ប្រសិនបើ​មាន​អ្នកណា​មក​ប្រកាស​ព្រះយេស៊ូវ​មួយ​ផ្សេងទៀត ក្រៅពី​ព្រះយេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬមួយក៏​អ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេងទៀត ក្រៅពី​វិញ្ញាណ​ដែល​អ្នករាល់គ្នា​បាន​ទទួល‍ ឬ​ដំណឹងល្អ​ផ្សេងទៀត ក្រៅពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ទ្រាំ​អីក៏បានល្អម្ល៉េះ​!

5 ខ្ញុំ​យល់ឃើញថា ខ្ញុំ​មិន​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ ក្នុង​រឿង​អ្វីមួយឡើយ​។

6 ទោះបីជា​ខ្ញុំ​មិនពូកែ​ខាង​ពាក្យសម្ដី​ក៏ដោយ ក៏​មិន​ដូច្នោះ​ខាង​ចំណេះដឹង​ឡើយ​។ តាមពិត យើង​បាន​បញ្ជាក់​ការនេះ​ឲ្យច្បាស់​ដល់​អ្នករាល់គ្នា ដោយ​គ្រប់របៀប​ក្នុង​គ្រប់ការទាំងអស់​។

7 ឬមួយក៏​ការ​ដែល​ខ្ញុំ​បន្ទាបខ្លួន​ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​លើកតម្កើង ដោយ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឥតគិតថ្លៃ នោះ​ខ្ញុំ​បាន​ប្រព្រឹត្តបាប​ឬ​?

8 ខ្ញុំ​បាន “ប្លន់” ក្រុមជំនុំ​ឯទៀតៗ ដោយ​យក​ប្រាក់ឈ្នួល​របស់ពួកគេ ដើម្បី​បម្រើ​អ្នករាល់គ្នា​។

9 កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។

10 ដូចដែល​សេចក្ដីពិត​របស់​ព្រះ​គ្រីស្ទ​ស្ថិតនៅ​ក្នុង​ខ្ញុំ មោទនភាព​របស់ខ្ញុំ​នេះ នឹង​មិន​ត្រូវបាន​បញ្ឈប់​នៅ​តំបន់​អាខៃ​ឡើយ​។

11 ហេតុអ្វីបានជា​ដូច្នេះ​? មកពី​ខ្ញុំ​មិន​ស្រឡាញ់​អ្នករាល់គ្នា​ឬ​? ព្រះ​ទ្រង់​ជ្រាប​ហើយ​!

12 អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើ​បន្តទៀត ដើម្បី​បំផ្លាញ​ឱកាស​របស់​ពួក​អ្នក​ដែល​រក​ឱកាស​ឲ្យ​ត្រូវគេ​ទទួលស្គាល់​ដូច​យើង​ដែរ ក្នុង​អ្វីដែល​ពួកគេ​អួត​នោះ

13 ដ្បិត​មនុស្ស​បែបនេះ​ជា​សាវ័កក្លែងក្លាយ ជា​អ្នកធ្វើការ​ពេញដោយការបោកបញ្ឆោត​ដែល​បន្លំខ្លួន​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​។

14 ប៉ុន្តែ​កុំ​ឆ្ងល់​ឡើយ ដ្បិត​សូម្បីតែ​សាតាំង​ក៏​បន្លំខ្លួន​ជា​ទូតសួគ៌​នៃ​ពន្លឺ​ដែរ

15 ដូច្នេះ ប្រសិនបើ​អ្នកបម្រើ​របស់​វា​បាន​បន្លំខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដីសុចរិត ក៏​គ្មានអ្វីចម្លែកឡើយ​។ ចុងបញ្ចប់​របស់​អ្នកទាំងនោះ នឹង​បាន​ស្របតាម​ការប្រព្រឹត្ត​របស់​ខ្លួន​។


រងទុក្ខដើម្បីព្រះគ្រីស្ទ

16 ខ្ញុំ​សូម​និយាយ​ម្ដងទៀត​ថា កុំឲ្យអ្នកណា​ចាត់ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ល្ងង់​ឡើយ​! ប៉ុន្តែ​បើ​ដូច្នោះមែន យ៉ាងហោចណាស់​ក៏​សូម​ទទួល​ខ្ញុំ​ដូចជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​អួតខ្លួន​បន្តិច​ដែរ​។

17 អ្វីដែល​ខ្ញុំ​និយាយ​នេះ មិនមែន​និយាយ​ស្របតាម​ព្រះអម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូចជា​តាម​ភាពឆោតល្ងង់​វិញ ក្នុង​ការអួតអាង​អំពី​ទំនុកចិត្ត​នេះ​។

18 ដោយព្រោះ​មាន​មនុស្ស​ជាច្រើន​អួតខ្លួន​តាមសាច់ឈាម ខ្ញុំក៏​សូម​អួត​ដែរ

19 ដ្បិត​អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា អាច​ទ្រាំ​នឹង​មនុស្ស​ល្ងង់​ដោយអំណរ​!

20 ជាការពិត ទោះបីជា​មាន​អ្នកណា​យក​អ្នករាល់គ្នា​ទៅ​ធ្វើជាទាសករ ‍ឬ​ស៊ីបង្ហិន​អ្នករាល់គ្នា ‍ឬ​កេងប្រវ័ញ្ច​អ្នករាល់គ្នា ឬ​ជិះជាន់​អ្នករាល់គ្នា ឬ​ទះកំផ្លៀង​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ចេះ​ទ្រាំ​ដែរ​។

21 ខ្ញុំ​និយាយ​ដោយ​អាម៉ាស់មុខ​ថា យើង​ខ្សោយ​ពេក​! ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ហ៊ាន​អួត​អំពី​អ្វីមួយ ខ្ញុំ​សូម​និយាយ​ដោយ​ភាពឆោតល្ងង់​ថា ខ្ញុំក៏​ហ៊ាន​ដែរ​!

22 តើ​ពួកគេ​ជា​ជនជាតិហេព្រើរ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ជនជាតិអ៊ីស្រាអែល​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។

23 តើ​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​ឬ​? ខ្ញុំ​និយាយ​ស្ទើរតែចង់ឆ្កួត​ថា ខ្ញុំ​លើសជាង​ពួកគេទៅទៀត​! ខ្ញុំមាន​ការនឿយហត់​ច្រើនជាង ជាប់គុក​ច្រើនជាង ត្រូវគេ​វាយនឹងខ្សែតី​ច្រើនរាប់មិនអស់ ប្រឈមមុខនឹង​សេចក្ដីស្លាប់​ជាញឹកញាប់​។

24 ខ្ញុំ​បាន​រង “សែសិប​រំពាត់​ខ្វះ​មួយ” ពី​ពួកយូដា ចំនួន​ប្រាំដង

25 ត្រូវគេ​វាយនឹងដំបង​បីដង ត្រូវគេ​គប់ដុំថ្មសម្លាប់​ម្ដង លិចសំពៅ​បីដង អណ្ដែត​នៅក្នុង​មហាសមុទ្រ​មួយថ្ងៃមួយយប់​;

26 ក្នុង​ការធ្វើដំណើរ​ជាញឹកញាប់ ខ្ញុំ​រង​គ្រោះថ្នាក់​ពី​ទន្លេ គ្រោះថ្នាក់​ពី​ចោរប្លន់ គ្រោះថ្នាក់​ពី​ជនរួមជាតិ គ្រោះថ្នាក់​ពី​សាសន៍ដទៃ គ្រោះថ្នាក់​ក្នុង​ទីក្រុង គ្រោះថ្នាក់​ក្នុង​ទីរហោស្ថាន គ្រោះថ្នាក់​ក្នុង​សមុទ្រ និង​គ្រោះថ្នាក់​ពី​បងប្អូនក្លែងក្លាយ​;

27 ខ្ញុំ​ធ្វើការ​នឿយហត់​ទាំង​លំបាក អត់ងងុយ​ជាញឹកញាប់ ទាំង​ស្រេក​ទាំង​ឃ្លាន អត់អាហារ​ជាញឹកញាប់ រង​ភាពរងា និង​ភាពអាក្រាត​។

28 ក្រៅពី​បញ្ហា​ខាងក្រៅ​ទាំងនេះ មាន​សម្ពាធ​លើ​រូបខ្ញុំ​ជា​រៀងរាល់ថ្ងៃ គឺ​កង្វល់​ចំពោះ​ក្រុមជំនុំ​ទាំងអស់​។

29 តើ​អ្នកណា​ខ្សោយ ហើយ​ខ្ញុំ​មិន​ខ្សោយ​ដែរ​? តើ​អ្នកណា​ជំពប់ដួល ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​?

30 ប្រសិនបើ​ត្រូវតែ​អួត ខ្ញុំ​សូម​អួត​ពី​ភាពខ្សោយ​របស់ខ្ញុំ​វិញ​។

31 ព្រះដែលជាព្រះបិតា​របស់​ព្រះអម្ចាស់​យេស៊ូវ ជា​ព្រះ​ដែល​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត ព្រះអង្គ​ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​ភូតភរ​ទេ​។

32 នៅ​ដាម៉ាស់ អភិបាល​របស់​ស្ដេច​អើរេតាស បាន​ចាំយាម​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ

33 ប៉ុន្តែ​ខ្ញុំ​ត្រូវគេ​សម្រូតចុះ​ក្នុង​កញ្ឆេ​តាម​បង្អួច​នៅ​កំពែងក្រុង ហើយ​បាន​គេចផុត​ពី​កណ្ដាប់ដៃ​របស់​គាត់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម