Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 9 - ព្រះគម្ពីរខ្មែរសាកល


អបអរនឹងសេចក្ដីយុត្តិធម៌របស់ព្រះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេងតាម​ទំនុកភ្លេង​មូថឡាប់បេន ​។

1 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត ទូលបង្គំ​នឹង​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។

2 ទូលបង្គំ​នឹង​អរសប្បាយ ហើយ​អបអរ​ក្នុង​ព្រះអង្គ​; ព្រះ​ដ៏ខ្ពស់បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!

3 នៅពេល​ពួក​សត្រូវ​របស់ទូលបង្គំ​ថយទៅ​ក្រោយ​វិញ ពួកគេ​នឹង​ជំពប់ ហើយ​វិនាស​នៅចំពោះ​ព្រះអង្គ​។

4 ដ្បិត​ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​ការជំនុំជម្រះ​សម្រាប់​ទូលបង្គំ​; ព្រះអង្គ​បាន​គង់​លើ​បល្ល័ង្ក ទាំង​ជំនុំជម្រះ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។

5 ព្រះអង្គ​បាន​ស្ដីបន្ទោស​ប្រជាជាតិ​នានា ព្រះអង្គ​បាន​បំផ្លាញ​មនុស្ស​អាក្រក់ ព្រះអង្គ​បាន​លុប​ឈ្មោះ​ពួកគេ​ចោល​ជារៀងរហូតអស់កល្បជានិច្ច​។

6 សត្រូវ​បាន​វិនាសសូន្យ គឺទៅជា​ទីបាក់បែក​ដ៏អស់កល្ប​; ព្រះអង្គ​បាន​រម្លើង​ទីក្រុង​របស់ពួកគេ​ចោល សូម្បីតែ​ការនឹកចាំ​អំពី​ពួកគេ​ក៏​វិនាស​អស់​ដែរ​។

7 រីឯ​ព្រះយេហូវ៉ា​គង់លើបល្ល័ង្ក​ជារៀងរហូត ព្រះអង្គ​បាន​តាំង​បល្ល័ង្ក​របស់ព្រះអង្គ​ឡើង សម្រាប់​ការជំនុំជម្រះ​។

8 គឺ​ព្រះអង្គ​ហើយ ដែល​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​កាត់ទោស​ជាតិសាសន៍​នានា​ដោយ​សេចក្ដីទៀងត្រង់​។

9 ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​ដល់​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ជា​ទីពឹងជ្រក​នៅ​ពេល​មាន​ទុក្ខលំបាក​។

10 ព្រះយេហូវ៉ា​អើយ អស់អ្នកដែល​ស្គាល់​ព្រះនាម​របស់ព្រះអង្គ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិនដែល​បោះបង់ចោល​អ្នកដែល​ស្វែងរក​ព្រះអង្គ​ឡើយ​។

11 ចូរ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​ដែល​គង់លើបល្ល័ង្ក​នៅ​ស៊ីយ៉ូន ចូរ​ប្រកាស​អំពី​កិច្ចការ​របស់ព្រះអង្គ​នៅក្នុងចំណោម​បណ្ដាជន

12 ដ្បិត​ព្រះអង្គដែល​រកយុត្តិធម៌​ឲ្យ​ឈាម ព្រះអង្គ​ទ្រង់​នឹកចាំ​អំពី​អ្នកទាំងនោះ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​មនុស្ស​តូចទាប​ឡើយ​។

13 ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! សូម​ចាប់អារម្មណ៍​នឹង​ទុក្ខវេទនា​របស់ទូលបង្គំ​ដែល​មកពី​ពួកអ្នកដែល​ស្អប់​ទូលបង្គំ ហើយ​លើក​ទូលបង្គំ​ឡើង​ពី​ទ្វារ​នៃ​សេចក្ដីស្លាប់​ផង

14 ដើម្បីឲ្យ​ទូលបង្គំ​បាន​ថ្លែង​អស់ទាំង​ពាក្យសរសើរតម្កើង​ព្រះអង្គ ហើយ​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ តាម​ទ្វារក្រុង​នៃ​កូនស្រី​ស៊ីយ៉ូន​។

15 ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។

16 ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា

17 មនុស្ស​អាក្រក់​នឹង​ត្រឡប់ទៅ​ឯ​ស្ថានមនុស្សស្លាប់​វិញ អស់ទាំង​ប្រជាជាតិ​ដែល​ភ្លេច​ព្រះ​ក៏ដូច្នោះដែរ​។

18 ពិតមែនហើយ មនុស្ស​ខ្វះខាត​នឹង​មិន​ត្រូវបាន​ភ្លេច​ឡើយ គឺ​ជាដរាប សេចក្ដីសង្ឃឹម​របស់​មនុស្ស​ទ័លក្រ​នឹង​មិន​វិនាស​ឡើយ គឺ​ជារៀងរហូត​។

19 ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! សូម​កុំឲ្យ​មនុស្សលោក​មានជ័យជម្នះ​ឡើយ សូមឲ្យ​ប្រជាជាតិ​នានា​ត្រូវបាន​ជំនុំជម្រះ​នៅចំពោះ​ព្រះអង្គ​។

20 ព្រះយេហូវ៉ា​អើយ សូម​ដាក់​សេចក្ដីភិតភ័យ​លើ​ពួកគេ​! សូមឲ្យ​ប្រជាជាតិ​នានា​ដឹង​ថា​ពួកគេ​គ្រាន់តែជា​មនុស្ស​ប៉ុណ្ណោះ​៕ សេឡា

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម