សុភាសិត 29 - ព្រះគម្ពីរខ្មែរសាកល1 មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។ 2 នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។ 3 មនុស្សដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករបស់ខ្លួនមានអំណរ រីឯអ្នកដែលសេពគប់ជាមួយស្ត្រីពេស្យា ស៊ីបង្ហិនទ្រព្យសម្បត្តិ។ 4 ស្ដេចធ្វើឲ្យស្រុកបានស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌ រីឯមនុស្សដែលស៊ីសំណូករំលំស្រុកវិញ។ 5 មនុស្សដែលបញ្ជោរអ្នកជិតខាងរបស់ខ្លួន គឺរាយសំណាញ់ដាក់ជើងខ្លួនឯង។ 6 មានអន្ទាក់នៅក្នុងការបំពានរបស់មនុស្សអាក្រក់ រីឯមនុស្សសុចរិតច្រៀងដោយអំណរ ហើយអរសប្បាយផង។ 7 មនុស្សសុចរិតស្គាល់រឿងក្ដីរបស់អ្នកក្រខ្សត់ រីឯមនុស្សអាក្រក់មិនយល់ច្បាស់នូវចំណេះដឹងនេះឡើយ។ 8 មនុស្សចំអកឡកឡឺយអុចអាលឲ្យទីក្រុងឆេះឡើង រីឯមនុស្សមានប្រាជ្ញារម្ងាប់កំហឹងវិញ។ 9 កាលណាមនុស្សមានប្រាជ្ញាមានរឿងជាមួយមនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើចេះតែខឹងផង សើចផង គឺមិនចេះស្ងប់ស្ងៀមឡើយ។ 10 មនុស្សបង្ហូរឈាមស្អប់មនុស្សឥតខ្ចោះ រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ។ 11 មនុស្សល្ងង់បញ្ចេញកំហឹងរបស់ខ្លួនទាំងអស់ រីឯមនុស្សមានប្រាជ្ញាទប់កំហឹងយ៉ាងស្ងៀមស្ងាត់។ 12 ប្រសិនបើមេគ្រប់គ្រងយកចិត្តទុកដាក់នឹងពាក្យភូតភរ អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សអាក្រក់។ 13 អ្នកក្រីក្រ និងអ្នកសង្កត់សង្កិនមានចំណុចមួយដូចគ្នា គឺ: ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ពន្លឺដល់ភ្នែកពួកគេទាំងពីរ។ 14 ប្រសិនបើស្ដេចកាត់ក្ដីអ្នកក្រខ្សត់ដោយសេចក្ដីពិត បល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរជារៀងរហូត។ 15 រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។ 16 នៅពេលមនុស្សអាក្រក់កើនឡើង ការបំពានក៏កើនឡើងដែរ ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលរលំរបស់ពួកគេ។ 17 ចូរប្រៀនប្រដៅកូនរបស់អ្នក នោះវានឹងធ្វើឲ្យអ្នកបានស្ងប់ចិត្ត ហើយផ្ដល់សេចក្ដីរីករាយដល់ព្រលឹងរបស់អ្នក។ 18 ដោយគ្មានការបើកបង្ហាញ ប្រជាជនក៏បណ្ដោយខ្លួន ប៉ុន្តែអ្នកដែលកាន់តាមក្រឹត្យវិន័យ អ្នកនោះមានពរហើយ! 19 មិនអាចប្រៀនប្រដៅបាវបម្រើដោយប្រើតែពាក្យសម្ដីបានឡើយ ទោះបីជាគេយល់ច្បាស់ក៏ដោយ ក៏គេមិនយកចិត្តទុកដាក់ដែរ។ 20 តើអ្នកបានឃើញមនុស្សដែលប្រញាប់ក្នុងពាក្យសម្ដីរបស់ខ្លួនទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។ 21 អ្នកដែលទម្រើសបាវបម្រើរបស់ខ្លួនតាំងពីក្មេង នៅចុងបញ្ចប់របស់អ្នកនោះនឹងមានទុក្ខលំបាកវិញ។ 22 មនុស្សចំណូលកំហឹងបង្កទំនាស់ ហើយមនុស្សឆាប់ខឹងមានការបំពានច្រើន។ 23 អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។ 24 អ្នកដែលរួមចំណែកជាមួយចោរ គឺស្អប់ព្រលឹងរបស់ខ្លួន; ទោះបីជាអ្នកនោះឮពាក្យបណ្ដាសាក៏ដោយ ក៏មិនសារភាពដែរ។ 25 ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។ 26 មនុស្សជាច្រើនស្វែងរកក្ដីសន្ដោសពីមេគ្រប់គ្រង ប៉ុន្តែសេចក្ដីយុត្តិធម៌របស់មនុស្សមកពីព្រះយេហូវ៉ា។ 27 មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕ |