រីករាយក្នុងព្រះបន្ទូលរបស់ព្រះ មាគ៌ា1 មានពរហើយ អ្នកដែលផ្លូវរបស់ខ្លួនគ្រប់លក្ខណ៍ គឺអ្នកដែលដើរក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា! 2 មានពរហើយ អ្នកដែលរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ គឺអ្នកដែលស្វែងរកព្រះអង្គអស់ពីចិត្ត! 3 ពួកគេមិនប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺដើរក្នុងផ្លូវរបស់ព្រះអង្គវិញ។ 4 ព្រះអង្គបានបង្គាប់ឲ្យកាន់តាមច្បាប់តម្រារបស់ព្រះអង្គយ៉ាងហ្មត់ចត់។ 5 ឱបើផ្លូវរបស់ទូលបង្គំបានស្ថិតស្ថេរ ដើម្បីកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គទៅអេះ! 6 នោះទូលបង្គំនឹងមិនអាម៉ាស់មុខឡើយ នៅពេលទូលបង្គំយកចិត្តទុកដាក់នឹងអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គ។ 7 កាលណាទូលបង្គំបានរៀនចេះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយចិត្តទៀងត្រង់។ 8 ទូលបង្គំនឹងកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ; សូមកុំបោះបង់ទូលបង្គំចោលទាំងស្រុងឡើយ! ព្រះបន្ទូល9 តើយុវជនអាចរក្សាផ្លូវរបស់ខ្លួនឲ្យបរិសុទ្ធបានយ៉ាងដូចម្ដេច? គឺដោយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ! 10 ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ! 11 ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។ 12 ព្រះយេហូវ៉ាអើយ សូមឲ្យមានព្រះពរដល់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង! 13 ដោយបបូរមាត់របស់ទូលបង្គំ ទូលបង្គំបានប្រកាសអស់ទាំងច្បាប់ពីព្រះឱស្ឋរបស់ព្រះអង្គ។ 14 ទូលបង្គំបានរីករាយក្នុងផ្លូវនៃសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាបានរីករាយនឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ 15 ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។ 16 ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងបទបញ្ញត្តិរបស់ព្រះអង្គ ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់17 សូមប្រព្រឹត្តយ៉ាងសប្បុរសដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ 18 សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ 19 ទូលបង្គំជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់សេចក្ដីបង្គាប់របស់ព្រះអង្គពីទូលបង្គំឡើយ។ 20 ព្រលឹងរបស់ទូលបង្គំបានអស់ទៅគ្រប់ពេលវេលា ដោយសារតែសេចក្ដីប្រាថ្នាចំពោះច្បាប់របស់ព្រះអង្គ។ 21 ព្រះអង្គបានស្ដីបន្ទោសមនុស្សក្អេងក្អាងដែលត្រូវបណ្ដាសា គឺមនុស្សដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គ។ 22 សូមយកសេចក្ដីត្មះតិះដៀល និងសេចក្ដីមើលងាយចេញពីលើទូលបង្គំផង ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។ 23 ទោះបីជាពួកមេដឹកនាំអង្គុយនិយាយទាស់នឹងទូលបង្គំក៏ដោយ ក៏បាវបម្រើរបស់ព្រះអង្គនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គដែរ។ 24 សេចក្ដីបន្ទាល់របស់ព្រះអង្គជាអំណរដល់ទូលបង្គំ និងជាទីប្រឹក្សាដល់ទូលបង្គំ! ច្បាប់តម្រា25 ព្រលឹងរបស់ទូលបង្គំនៅជាប់នឹងធូលីដី; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 26 ទូលបង្គំបានរៀបរាប់ទូលអំពីផ្លូវរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយមកទូលបង្គំ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង! 27 សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ 28 ព្រលឹងរបស់ទូលបង្គំបានរលាយទៅដោយការព្រួយចិត្ត; សូមធ្វើឲ្យទូលបង្គំក្រោកឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 29 សូមដកផ្លូវនៃសេចក្ដីកុហកចេញពីទូលបង្គំ ហើយសូមប្រទានក្រឹត្យវិន័យរបស់ព្រះអង្គដល់ទូលបង្គំដោយក្ដីមេត្តាផង! 30 ទូលបង្គំបានជ្រើសរើសផ្លូវនៃសេចក្ដីស្មោះត្រង់; ទូលបង្គំបានតាំងច្បាប់របស់ព្រះអង្គនៅចំពោះទូលបង្គំ។ 31 ទូលបង្គំបាននៅជាប់នឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ; ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ! 32 ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។ សេចក្ដីបង្គាប់33 ព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង នោះទូលបង្គំនឹងរក្សាវារហូតដល់ទីបញ្ចប់! 34 សូមឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយកាន់តាមអស់ពីចិត្ត។ 35 សូមនាំទូលបង្គំឲ្យដើរក្នុងផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គផង ដ្បិតទូលបង្គំបានពេញចិត្តនឹងផ្លូវនោះ។ 36 សូមធ្វើឲ្យចិត្តរបស់ទូលបង្គំមានទំនោរទៅរកសេចក្ដីបន្ទាល់របស់ព្រះអង្គផង កុំឲ្យមានទំនោរទៅរកកម្រៃទុច្ចរិតឡើយ។ 37 សូមបង្វែរភ្នែករបស់ទូលបង្គំចេញ កុំឲ្យមើលការឥតខ្លឹមសារឡើយ សូមរក្សាជីវិតទូលបង្គំតាមមាគ៌ារបស់ព្រះអង្គផង។ 38 សូមបំពេញឲ្យសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យគេកោតខ្លាចព្រះអង្គ។ 39 សូមបង្វែរសេចក្ដីត្មះតិះដៀលដែលទូលបង្គំខ្លាចនោះ ចេញពីទូលបង្គំផង ដ្បិតច្បាប់របស់ព្រះអង្គល្អណាស់។ 40 មើល៍! ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះច្បាប់តម្រារបស់ព្រះអង្គ; សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង! សេចក្ដីពិត41 ព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ គឺសេចក្ដីសង្គ្រោះរបស់ព្រះអង្គ មកដល់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 42 នោះទូលបង្គំនឹងមានពាក្យឆ្លើយនឹងអ្នកដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំបានជឿទុកចិត្តលើព្រះបន្ទូលរបស់ព្រះអង្គ។ 43 សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។ 44 ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គជានិច្ច គឺជារៀងរហូតអស់កល្បជានិច្ច។ 45 ទូលបង្គំនឹងដើរចុះឡើងនៅទីធំទូលាយ ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។ 46 ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។ 47 ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។ 48 ទូលបង្គំនឹងលើកដៃរបស់ទូលបង្គំឡើង ឆ្ពោះទៅសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់; ទូលបង្គំនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គ! ក្រឹត្យវិន័យ49 សូមនឹកចាំព្រះបន្ទូលដែលព្រះអង្គមានបន្ទូលមកបាវបម្រើរបស់ព្រះអង្គផង គឺព្រះបន្ទូលដែលព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម។ 50 នេះហើយ ជាសេចក្ដីកម្សាន្តចិត្តរបស់ទូលបង្គំនៅក្នុងទុក្ខវេទនារបស់ទូលបង្គំ គឺថា ព្រះបន្ទូលរបស់ព្រះអង្គបានរក្សាជីវិតទូលបង្គំ។ 51 មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ 52 ព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំច្បាប់តាំងពីអស់កល្បរបស់ព្រះអង្គ ហើយកម្សាន្តចិត្តខ្លួនទូលបង្គំ។ 53 សេចក្ដីក្ដៅក្រហាយបានចាប់ទូលបង្គំ ដោយព្រោះពួកមនុស្សអាក្រក់ដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ។ 54 បទបញ្ញត្តិរបស់ព្រះអង្គជាចម្រៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំស្នាក់នៅបណ្ដោះអាសន្ន។ 55 ព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំព្រះនាមរបស់ព្រះអង្គនៅពេលយប់ ព្រមទាំងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គផង។ 56 ការនេះបានកើតឡើងដល់ទូលបង្គំ ដោយព្រោះទូលបង្គំបានកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។ បទបញ្ញត្តិ57 ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ; ទូលបង្គំបានទូលថា៖ “ទូលបង្គំនឹងកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ”។ 58 ទូលបង្គំបានសុំក្ដីសន្ដោសពីព្រះអង្គអស់ពីចិត្ត; សូមមេត្តាដល់ទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។ 59 ទូលបង្គំបានជញ្ជឹងគិតអំពីផ្លូវរបស់ខ្លួន ហើយបង្វែរជើងរបស់ទូលបង្គំទៅសេចក្ដីបន្ទាល់របស់ព្រះអង្គវិញ។ 60 ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។ 61 ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ 62 នៅកណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីអរព្រះគុណដល់ព្រះអង្គ សម្រាប់ច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។ 63 ទូលបង្គំជាគូកននឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយជាគូកននឹងអ្នកដែលកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។ 64 ព្រះយេហូវ៉ាអើយ ផែនដីបានពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង! សេចក្ដីល្អ65 ព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រព្រឹត្តល្អដល់បាវបម្រើរបស់ព្រះអង្គ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ! 66 សូមបង្រៀនសុភនិច្ឆ័យដ៏ល្អ និងចំណេះដឹងដល់ទូលបង្គំផង ដ្បិតទូលបង្គំបានជឿលើសេចក្ដីបង្គាប់របស់ព្រះអង្គ។ 67 មុនពេលទូលបង្គំរងទុក្ខ ទូលបង្គំបានវង្វេង ប៉ុន្តែឥឡូវនេះ ទូលបង្គំបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ 68 ព្រះអង្គទ្រង់ល្អ ហើយក៏ប្រព្រឹត្តល្អដែរ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង។ 69 មនុស្សក្អេងក្អាងបានប្រឌិតសេចក្ដីកុហកទាស់នឹងទូលបង្គំ ប៉ុន្តែទូលបង្គំនឹងកាន់តាមច្បាប់តម្រារបស់ព្រះអង្គអស់ពីចិត្ត។ 70 ចិត្តរបស់ពួកគេស្ពឹកដូចជាខ្លាញ់ រីឯទូលបង្គំបានអរសប្បាយនឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ 71 គឺជាការល្អសម្រាប់ទូលបង្គំ ដែលទូលបង្គំរងទុក្ខដូច្នេះ ដ្បិតទូលបង្គំរៀនចេះបទបញ្ញត្តិរបស់ព្រះអង្គ។ 72 ចំពោះទូលបង្គំ ក្រឹត្យវិន័យពីព្រះឱស្ឋរបស់ព្រះអង្គ ប្រសើរជាងមាស និងប្រាក់រាប់ពាន់ទៅទៀត។ អំណរ73 ព្រះហស្តរបស់ព្រះអង្គបានបង្កើតទូលបង្គំ ហើយធ្វើឲ្យទូលបង្គំមានរូបរាងឡើង; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរៀនចេះសេចក្ដីបង្គាប់របស់ព្រះអង្គ។ 74 អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ក៏អរសប្បាយ ដ្បិតទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ 75 ព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថាច្បាប់របស់ព្រះអង្គសុចរិត ក៏ដឹងថាព្រះអង្គបានធ្វើទុក្ខទូលបង្គំដោយសេចក្ដីស្មោះត្រង់! 76 សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គផង។ 77 សូមឲ្យសេចក្ដីមេត្តារបស់ព្រះអង្គមកដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គជាអំណររបស់ទូលបង្គំ។ 78 សូមឲ្យមនុស្សក្អេងក្អាងបានអាម៉ាស់មុខចុះ ដ្បិតពួកគេបានបង្ខូចទូលបង្គំដោយឥតហេតុ; រីឯទូលបង្គំនឹងសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ។ 79 សូមឲ្យពួកអ្នកដែលកោតខ្លាចព្រះអង្គ ត្រឡប់មករកទូលបង្គំវិញ ដើម្បីឲ្យពួកគេបានស្គាល់សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 80 សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។ សេចក្ដីស្រឡាញ់ឥតប្រែប្រួល81 ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ 82 ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះអង្គ; ទូលបង្គំនិយាយថា៖ “តើពេលណា ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?”។ 83 ទោះបីជាទូលបង្គំបានដូចជាថង់ស្បែកនៅក្នុងផ្សែងក៏ដោយ ក៏ទូលបង្គំមិនភ្លេចបទបញ្ញត្តិរបស់ព្រះអង្គឡើយ។ 84 តើថ្ងៃអាយុរបស់បាវបម្រើព្រះអង្គបានប៉ុន្មានទៅ? តើដល់ពេលណា ទើបព្រះអង្គអនុវត្តសេចក្ដីយុត្តិធម៌ ទាស់នឹងពួកអ្នកដែលតាមបៀតបៀនទូលបង្គំ? 85 មនុស្សក្អេងក្អាងដែលមិនស្របតាមក្រឹត្យវិន័យរបស់ព្រះអង្គ បានជីករណ្ដៅសម្រាប់ទូលបង្គំ។ 86 អស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គគឺពិតត្រង់ រីឯពួកគេតាមបៀតបៀនទូលបង្គំដោយឥតហេតុ; សូមជួយទូលបង្គំផង! 87 ពួកគេស្ទើរតែបានបំផ្លាញទូលបង្គំពីផែនដី ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលច្បាប់តម្រារបស់ព្រះអង្គឡើយ។ 88 សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់ពីព្រះឱស្ឋរបស់ព្រះអង្គ។ សេចក្ដីស្មោះត្រង់89 ព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គនៅស្ថិតស្ថេរនៅស្ថានសួគ៌ជារៀងរហូត! 90 សេចក្ដីស្មោះត្រង់របស់ព្រះអង្គមាននៅពីជំនាន់មួយទៅជំនាន់មួយ; ព្រះអង្គបានតាំងផែនដីឡើង នោះវាក៏នៅស្ថិតស្ថេរ។ 91 សព្វថ្ងៃនេះ វានៅស្ថិតស្ថេរស្របតាមច្បាប់របស់ព្រះអង្គ ដ្បិតរបស់សព្វសារពើជាបាវបម្រើរបស់ព្រះអង្គ។ 92 ប្រសិនបើក្រឹត្យវិន័យរបស់ព្រះអង្គមិនមែនជាអំណររបស់ទូលបង្គំទេ ម្ល៉េះសមទូលបង្គំបានវិនាសនៅក្នុងទុក្ខវេទនារបស់ទូលបង្គំហើយ។ 93 ទូលបង្គំនឹងមិនភ្លេចច្បាប់តម្រារបស់ព្រះអង្គឡើយ គឺជារៀងរហូត ដ្បិតព្រះអង្គបានរក្សាជីវិតទូលបង្គំដោយច្បាប់តម្រាទាំងនោះ។ 94 ទូលបង្គំជារបស់ព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។ 95 ពួកមនុស្សអាក្រក់បានចាំស្ទាក់ទូលបង្គំដើម្បីបំផ្លាញទូលបង្គំ រីឯទូលបង្គំនឹងយកចិត្តទុកដាក់នឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ។ 96 ទូលបង្គំបានឃើញថា មានដែនកំណត់នៃសេចក្ដីគ្រប់លក្ខណ៍គ្រប់យ៉ាង រីឯសេចក្ដីបង្គាប់របស់ព្រះអង្គធំទូលាយក្រៃលែង។ ការយល់ច្បាស់97 ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។ 98 សេចក្ដីបង្គាប់របស់ព្រះអង្គធ្វើឲ្យទូលបង្គំមានប្រាជ្ញាជាងសត្រូវរបស់ទូលបង្គំ ដ្បិតវាជារបស់ទូលបង្គំជារៀងរហូត។ 99 ទូលបង្គំមានប្រាជ្ញាជាងអស់អ្នកដែលបង្រៀនទូលបង្គំ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះអង្គជាទីសញ្ជឹងគិតរបស់ទូលបង្គំ។ 100 ទូលបង្គំមានការយល់ច្បាស់ជាងពួកចាស់ទុំ ដ្បិតទូលបង្គំបានកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។ 101 ទូលបង្គំបានទប់ជើងទូលបង្គំពីអស់ទាំងគន្លងអាក្រក់ ដើម្បីកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ 102 ទូលបង្គំមិនបានបែរចេញពីច្បាប់របស់ព្រះអង្គឡើយ ពីព្រោះព្រះអង្គបានបង្រៀនទូលបង្គំ។ 103 ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។ 104 ដោយសារតែច្បាប់តម្រារបស់ព្រះអង្គ ទូលបង្គំមានការយល់ច្បាស់ ហេតុនេះហើយបានជាទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។ ការប្រព្រឹត្តតាម105 ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងរបស់ទូលបង្គំ ហើយជាពន្លឺដល់គន្លងរបស់ទូលបង្គំ។ 106 ទូលបង្គំបានស្បថ ហើយក៏បញ្ជាក់ ថាទូលបង្គំនឹងកាន់តាមច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។ 107 ព្រះយេហូវ៉ាអើយ ទូលបង្គំបានរងទុក្ខយ៉ាងខ្លាំង; សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 108 ព្រះយេហូវ៉ាអើយ សូមទទួលតង្វាយស្ម័គ្រចិត្តនៃមាត់របស់ទូលបង្គំ ហើយបង្រៀនច្បាប់របស់ព្រះអង្គដល់ទូលបង្គំផង! 109 ជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងភាពគ្រោះថ្នាក់ជានិច្ច ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ 110 ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ដើម្បីចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីច្បាប់តម្រារបស់ព្រះអង្គឡើយ។ 111 ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។ 112 ទូលបង្គំមានទំនោរចិត្តប្រព្រឹត្តតាមបទបញ្ញត្តិរបស់ព្រះអង្គ ជារៀងរហូតដល់ទីបញ្ចប់។ សេចក្ដីសង្ឃឹម113 ទូលបង្គំស្អប់មនុស្សមានចិត្តពីរ ប៉ុន្តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ 114 ព្រះអង្គជាទីលាក់កំបាំងរបស់ទូលបង្គំ និងជាខែលរបស់ទូលបង្គំ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ 115 ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។ 116 សូមទ្រទ្រង់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះទូលបង្គំនឹងមានជីវិតរស់; សូមកុំឲ្យទូលបង្គំអាម៉ាស់មុខដោយសារតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ។ 117 សូមទ្រទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានសង្គ្រោះ នោះទូលបង្គំនឹងយកចិត្តទុកដាក់នឹងបទបញ្ញត្តិរបស់ព្រះអង្គជានិច្ច។ 118 ព្រះអង្គមើលងាយអស់អ្នកដែលវង្វេងចេញពីបទបញ្ញត្តិរបស់ព្រះអង្គ ដ្បិតការបោកបញ្ឆោតរបស់ពួកគេ គឺឥតប្រយោជន៍។ 119 ព្រះអង្គបានកម្ចាត់អស់ទាំងមនុស្សអាក្រក់នៅលើផែនដីដូចជាអាចម៍លោហៈ ដោយហេតុនេះ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 120 រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។ សេចក្ដីយុត្តិធម៌121 ទូលបង្គំបានអនុវត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតហើយ; សូមកុំប្រគល់ទូលបង្គំទៅពួកអ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ 122 សូមធានាឲ្យបាវបម្រើរបស់ព្រះអង្គបានសេចក្ដីល្អផង សូមកុំឲ្យមនុស្សក្អេងក្អាងសង្កត់សង្កិនទូលបង្គំឡើយ។ 123 ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ និងចំពោះព្រះបន្ទូលនៃសេចក្ដីសុចរិតរបស់ព្រះអង្គ។ 124 សូមប្រព្រឹត្តដល់បាវបម្រើរបស់ព្រះអង្គ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ហើយបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង! 125 ទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងស្គាល់សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 126 ព្រះយេហូវ៉ាអើយ ដល់ពេលចាត់វិធានការហើយ ដ្បិតពួកគេបានល្មើសក្រឹត្យវិន័យរបស់ព្រះអង្គ។ 127 រីឯទូលបង្គំបានស្រឡាញ់សេចក្ដីបង្គាប់របស់ព្រះអង្គជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ 128 ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។ ពន្លឺ129 សេចក្ដីបន្ទាល់របស់ព្រះអង្គអស្ចារ្យណាស់ ដូច្នេះព្រលឹងរបស់ទូលបង្គំបានរក្សាសេចក្ដីបន្ទាល់នោះ។ 130 ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។ 131 ទូលបង្គំហាមាត់ ហើយដង្ហក់ ដោយព្រោះទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីបង្គាប់របស់ព្រះអង្គ។ 132 សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ដូចដែលព្រះអង្គបានធ្វើរាល់ដងដល់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ 133 សូមធ្វើឲ្យជំហានរបស់ទូលបង្គំស្ថិតស្ថេរ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង; សូមកុំឲ្យអំពើទុច្ចរិតណាមួយមានអំណាចលើទូលបង្គំឡើយ។ 134 សូមប្រោសលោះទូលបង្គំពីការសង្កត់សង្កិនរបស់មនុស្សផង នោះទូលបង្គំនឹងកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។ 135 សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើបាវបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង។ 136 ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ សេចក្ដីសុចរិត137 ព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិតយុត្តិធម៌ ហើយច្បាប់របស់ព្រះអង្គក៏ទៀងត្រង់។ 138 ព្រះអង្គបានបង្គាប់ឲ្យមានសេចក្ដីបន្ទាល់របស់ព្រះអង្គដោយសេចក្ដីសុចរិតយុត្តិធម៌ និងដោយសេចក្ដីស្មោះត្រង់ទាំងស្រុង។ 139 ចិត្តឆេះឆួលរបស់ទូលបង្គំបានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ពីព្រោះពួកបច្ចាមិត្តរបស់ទូលបង្គំបានភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ 140 ព្រះបន្ទូលរបស់ព្រះអង្គត្រូវបានពិសោធយ៉ាងហ្មត់ចត់ ហេតុនេះហើយបានជាបាវបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គ។ 141 ទូលបង្គំតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែទូលបង្គំមិនបានភ្លេចច្បាប់តម្រារបស់ព្រះអង្គឡើយ។ 142 សេចក្ដីសុចរិតរបស់ព្រះអង្គ ជាសេចក្ដីសុចរិតដ៏អស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ 143 ទុក្ខវេទនា និងការសង្កត់សង្កិនបានចាប់ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់របស់ព្រះអង្គជាអំណររបស់ទូលបង្គំ។ 144 សេចក្ដីបន្ទាល់របស់ព្រះអង្គសុចរិតជារៀងរហូត; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងមានជីវិតរស់។ ការស្រែកហៅ145 ទូលបង្គំបានស្រែកហៅអស់ពីចិត្ត; ព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង! ទូលបង្គំនឹងកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ។ 146 ទូលបង្គំបានស្រែកហៅព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។ 147 ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ 148 ទូលបង្គំបញ្ឈរភ្នែកពេញយាមពេលយប់ ដើម្បីសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះអង្គ។ 149 សូមសណ្ដាប់សំឡេងរបស់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង! 150 ពួកអ្នកដែលដេញតាមគម្រោងអាក្រក់បានចូលមកជិត; ពួកគេនៅឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។ 151 ព្រះយេហូវ៉ាអើយ ព្រះអង្គនៅជិតបង្កើយ ហើយអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គជាសេចក្ដីពិត។ 152 តាំងពីយូរមកហើយ ទូលបង្គំបានដឹងពីសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានស្ថាបនាសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច! មានជីវិតរស់153 សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ 154 សូមកាន់ក្ដីឲ្យទូលបង្គំ ហើយប្រោសលោះទូលបង្គំផង! សូមរក្សាជីវិតទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 155 សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ ពីព្រោះពួកគេមិនស្វែងរកបទបញ្ញត្តិរបស់ព្រះអង្គឡើយ។ 156 ព្រះយេហូវ៉ាអើយ សេចក្ដីមេត្តារបស់ព្រះអង្គធំក្រៃលែង; សូមរក្សាជីវិតទូលបង្គំ ស្របតាមច្បាប់របស់ព្រះអង្គផង។ 157 អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ 158 ទូលបង្គំមើលទៅពួកមនុស្សក្បត់ ទាំងស្អប់ខ្ពើម ពីព្រោះពួកគេមិនកាន់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ។ 159 មើល៍! ទូលបង្គំស្រឡាញ់ច្បាប់តម្រារបស់ព្រះអង្គណាស់ហ្ន៎! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! 160 អស់ទាំងព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត អស់ទាំងច្បាប់ដ៏សុចរិតរបស់ព្រះអង្គនៅអស់កល្បជានិច្ច។ ស្រឡាញ់ក្រឹត្យវិន័យ161 ពួកមេដឹកនាំបានតាមបៀតបៀនទូលបង្គំដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្តរបស់ទូលបង្គំកោតខ្លាចតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ។ 162 ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ដូចជាអ្នកដែលរកឃើញជ័យភណ្ឌដ៏ច្រើន។ 163 ទូលបង្គំស្អប់ ព្រមទាំងខ្ពើមសេចក្ដីកុហក ប៉ុន្តែស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ 164 ទូលបង្គំសរសើរតម្កើងព្រះអង្គប្រាំពីរដងក្នុងមួយថ្ងៃ ដោយព្រោះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។ 165 អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គមានសេចក្ដីសុខសាន្តដ៏លើសលប់ ហើយពួកគេគ្មានសេចក្ដីបណ្ដាលឲ្យជំពប់ដួលឡើយ។ 166 ព្រះយេហូវ៉ាអើយ ទូលបង្គំរំពឹងមើលទៅសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ហើយប្រព្រឹត្តតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ 167 ព្រលឹងរបស់ទូលបង្គំរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ ក៏ស្រឡាញ់សេចក្ដីបន្ទាល់ទាំងនោះយ៉ាងខ្លាំង។ 168 ទូលបង្គំបានកាន់តាមច្បាប់តម្រា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតអស់ទាំងផ្លូវរបស់ទូលបង្គំនៅចំពោះព្រះអង្គ។ សំណូមដល់ព្រះ169 ព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំចូលទៅជិតនៅចំពោះព្រះអង្គផង! សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 170 សូមឲ្យពាក្យទូលអង្វររបស់ទូលបង្គំចូលទៅនៅចំពោះព្រះអង្គផង! សូមរំដោះទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! 171 សូមឲ្យបបូរមាត់របស់ទូលបង្គំបង្ហូរចេញនូវពាក្យសរសើរតម្កើងផង ពីព្រោះព្រះអង្គបានបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំ។ 172 អណ្ដាតរបស់ទូលបង្គំនឹងច្រៀងអំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គសុចរិត។ 173 សូមឲ្យព្រះហស្តរបស់ព្រះអង្គបានជាជំនួយដល់ទូលបង្គំផង ដ្បិតទូលបង្គំបានជ្រើសរើសច្បាប់តម្រារបស់ព្រះអង្គ។ 174 ព្រះយេហូវ៉ាអើយ ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាអំណររបស់ទូលបង្គំ! 175 សូមឲ្យព្រលឹងរបស់ទូលបង្គំមានជីវិតរស់ និងសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យច្បាប់របស់ព្រះអង្គជួយទូលបង្គំផង។ 176 ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕ |