អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
យ៉ូស្វេ 1:6 - អាល់គីតាប ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតអ្នកនឹងនាំឲ្យប្រជាជននេះបានគ្រងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអ៊ីព្រហ៊ីម ជាឪពុករបស់អ្នក។
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ប្រសិនបើកូនកាន់ ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា សម្រាប់ជនជាតិអ៊ីស្រអែល នោះកូននឹងបានចំរុងចំរើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
ឥឡូវនេះចូរពិចារណាចុះ អុលឡោះតាអាឡាពេញចិត្តជ្រើសរើសកូន ឲ្យសង់ដំណាក់ទុកជាទីសក្ការៈ។ ដូច្នេះចូរមានចិត្តក្លាហានហើយបំពេញការងារចុះ!»។
ស្តេចទតមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានជាកូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់ឪពុកនឹងនៅជាមួយកូន រហូតដល់ការងារសាងសង់ដំណាក់របស់អុលឡោះតាអាឡាបានសម្រេចចប់សព្វគ្រប់ ទ្រង់មិនបោះបង់ចោលកូន ឲ្យនៅតែឯងឡើយ។
ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួនមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដីដែលទ្រង់ប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានបណ្តេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សអ៊ីព្រហ៊ីម ជាមិត្តរបស់ទ្រង់រហូតតទៅ។
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាចុះ!។
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ មូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ចូរមានចិត្តក្លាហានឡើង អ្នករាល់គ្នាឮសេចក្ដីផ្សេងៗដែលណាពីប្រកាសប្រាប់ក្នុងនាមយើង នៅគ្រាដែលគេចាក់គ្រឹះសង់ដំណាក់របស់យើង ជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។
ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និងមានកម្លាំងមាំមួនឡើង។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
មើល៍អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់ តាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។
មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាអុលឡោះតាអាឡាបានសន្យាប្រគល់ឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ
អុលឡោះតាអាឡាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើគុណដែលយើងមានដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់អ្នក ហើយមិនព្រមធ្វើតាមបញ្ជារបស់អ្នកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯអ្នកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។
ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីហ៊ូកុំនេះ ដោយងាកទៅស្តាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតអុលឡោះតាអាឡានឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។
ក្នុងនោះ ក៏មានទឹកដីទាំងប៉ុន្មានរបស់ជនជាតិស៊ីដូន ដែលរស់នៅតាមតំបន់ភ្នំ គឺ ចាប់តាំងពីភ្នំលីបង់ រហូតដល់ក្រុងមីសរិផូត-ម៉ែមដែរ។ យើងនឹងបណ្តេញជនជាតិទាំងនោះ ចេញពីមុខជនជាតិអ៊ីស្រអែល។ ត្រូវបែងចែកទឹកដីនោះដល់ជនជាតិអ៊ីស្រអែល ដូចយើងបានបង្គាប់ដល់អ្នកស្រាប់ហើយ។
យ៉ូស្វេក៏និយាយទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នាប្រទានឲ្យ?
អុលឡោះតាអាឡាបានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅ នៅទីនោះ។
ជនជាតិអ៊ីស្រអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចំបាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្តាប់បង្គាប់អុលឡោះតាអាឡាទេ អុលឡោះតាអាឡាក៏មានបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលទ្រង់សន្យាជាមួយបុព្វបុរសថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ។
ភីលីស្ទីនអើយ! ចូរមានកម្លាំង និងចិត្តអង់អាចឡើង ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាខ្ញុំបម្រើរបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!»។