Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 31 - អាល់គីតាប


ប្រសាសន៍​ចុង​ក្រោយ និង​មរណ‌ភាព​របស់​ណាពី​ម៉ូសា លោក​យ៉ូស្វេ​ទទួល​មុខ​ងារ​ជំនួស​ណាពី​ម៉ូសា

1 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ទៀត​ថា៖

2 «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។

3 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នៅ​មុខ​អ្នក ទ្រង់​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នា​នា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្តើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល។

4 អុលឡោះ‌តាអាឡា​នឹង​កំទេច​ប្រជា‌ជាតិ​ទាំង​នោះ ដូច​ទ្រង់​បាន​កំទេច​ស៊ីហុន និង​អុក​ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូ‌រី ព្រម​ទាំង​ស្រុក​របស់​គេ។

5 អុលឡោះ‌តាអាឡា​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ មក​ក្នុង​កណ្តាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

6 ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់​ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​នឹង​ទៅ​ជា​មួយ​អ្នក។ អុលឡោះ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។

7 ម៉ូសា​ហៅ​លោក​យ៉ូស្វេ​មក ហើយ​និយាយ​ទៅ​កាន់​គាត់ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែលអុលឡោះ‌តាអាឡា បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។

8 អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​នៅ​មុខ​អ្នក ទ្រង់​នៅ​ជា​មួយ​អ្នក ហើយ​ទ្រង់​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ​កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ»។


បញ្ជា​ឲ្យ​អាន​ហ៊ូកុំ​រៀង​រាល់​ប្រាំ​ពីរ​ឆ្នាំ

9 ម៉ូសា​បាន​សរសេរ​ហ៊ូកុំ​នេះ​ប្រគល់​ជូន​ពួក​អ៊ីមុាំ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​ប្រគល់​ជូន​អះលី‌ជំអះ​ទាំង​អស់ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។

10 ម៉ូសា​បង្គាប់​ដល់​ពួក​គេ​ដូច​តទៅ៖ «ប្រាំ​ពីរ​ឆ្នាំ​ម្តង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​ជំរំ

11 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ចូរ​អាន​ហ៊ូកុំ​នេះ នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។

12 ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ពួក​គេ​ឮ​ហ៊ូកុំ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​នេះ។

13 ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គីតាប​ហ៊ូកុំ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា រស់​នៅ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​កាន់​កាប់»។


អ៊ីស្រ‌អែល​នឹង​ក្បត់​សម្ពន្ធ‌មេត្រី​របស់ អុលឡោះ‌តាអាឡា

14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ ម៉ូសា និង​លោក​យ៉ូស្វេ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

15 ពេល​នោះ អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​អ្នក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក នៅ​ក្នុង​ជំរំ។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ជំរំ។

16 អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង​ដោយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។

17 នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាប​ឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​ភាព​អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​លែង​នៅ​ជា​មួយ​ខ្ញុំ!”។

18 នៅ​ថ្ងៃ​នោះ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។

19 ចូរ​សរសេរ​បទ​ចំរៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

20 យើង​នឹង​នាំ​ជន‌ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។

21 នៅ​ពេល​ដែល​មហន្ត‌រាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជ‌ពង្ស​របស់​ពួក​គេ ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​យើង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែ​ប្រួល»។

22 នៅ​ថ្ងៃ​នោះ​ម៉ូសា​បាន​សរសេរ​បទ​ចំរៀង​នេះ ហើយ​បង្រៀន​ដល់​កូន​ចៅ​អ៊ីស្រ‌អែល។

23 អុលឡោះ‌តាអាឡា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។

24 ពេល​ម៉ូសា​សរសេរ​ពាក្យ​ស្តី​អំពី​ហ៊ូកុំ​នេះ ទុក​ក្នុង​គីតាប ចប់​សព្វ​គ្រប់​ហើយ

25 គាត់​បង្គាប់​ពួក​លេវី​ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធ​មេត្រី របស់អុលឡោះ‌តាអាឡា​ថា៖

26 «ចូរ​យក​ហ៊ូកុំ​នេះ ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ គីតាប​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក

27 ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះ​បោរ និង​មាន​ចិត្ត​រឹង​រូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះ​បោរ​យ៉ាង​ណា​ទៅ​ទៀត!

28 ចូរ​ប្រមូល​អះលី‌ជំអះ​ទាំង​អស់​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​ឲ្យ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ឮ​ពាក្យ​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ

29 ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់អុលឡោះ‌តាអាឡា ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា រហូត​ដល់​បណ្តាល​ឲ្យ​ទ្រង់​ខឹង ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។

30 ម៉ូសា​បាន​ថ្លែង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ ឲ្យ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្តាប់ រហូត​ដល់​ចប់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម