យ៉ូស្វេ 1 - អាល់គីតាបការដណ្តើមយកស្រុកកាណាន យ៉ូស្វេបន្តមុខងារពីណាពីម៉ូសា 1 ក្រោយពីម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ផុតទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់ម៉ូសាថា៖ 2 «ម៉ូសាជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។ 3 កន្លែងណាដែលអ្នករាល់គ្នាឈានជើងជាន់ យើងប្រគល់ឲ្យទាំងអស់ ដូចយើងបានសន្យាជាមួយម៉ូសាស្រាប់ហើយ។ 4 ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹង ចាប់តាំងពីវាលរហោស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជនជាតិហេតទាំងមូល។ 5 ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកបានឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសាដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ 6 ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។ 7 ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីហ៊ូកុំនេះ ដោយងាកទៅស្តាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។ 8 ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។ 9 តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។ ការរៀបចំមុននឹងឆ្លងទន្លេយ័រដាន់ 10 នៅពេលនោះ យ៉ូស្វេបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជាជនដូចតទៅ៖ 11 «ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។ 12 បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលដូចតទៅ៖ 13 «ចូរចងចាំនូវពាក្យដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបង្គាប់អ្នករាល់គ្នាថា “អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺទ្រង់ប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។ 14 ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលម៉ូសាបានប្រគល់ឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបងប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ 15 រហូតដល់អុលឡោះតាអាឡាប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡា បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។ 16 ពួកគេឆ្លើយទៅយ៉ូស្វេថា៖ «អ្វីៗទាំងប៉ុន្មានដែលអ្នកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ អ្នកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។ 17 យើងខ្ញុំធ្លាប់ស្តាប់បង្គាប់ម៉ូសាសព្វគ្រប់យ៉ាងណា យើងក៏ស្តាប់បង្គាប់អ្នកយ៉ាងនោះដែរ។ សូមអុលឡោះតាអាឡាជាម្ចាស់របស់គាត់នៅជាមួយអ្នក ដូចទ្រង់បាននៅជាមួយម៉ូសាដែរ។ 18 ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់អ្នក ហើយមិនព្រមធ្វើតាមបញ្ជារបស់អ្នកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯអ្នកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។ |
© 2014 United Bible Societies, UK.
United Bible Societies