២ សាំយូអែល 10 - អាល់គីតាបសង្គ្រាមជាមួយជនជាតិអាំម៉ូន និងជនជាតិស៊ីរី 1 ក្រោយមក ស្តេចរបស់ជនជាតិអាំម៉ូនស្លាប់ ហើយបុត្រានាមហានូន ឡើងសោយរាជ្យជំនួស។ 2 ស្តេចទតគិតថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្តេចហានូន ជាបុត្ររបស់ស្តេចណាហាស ដូចបិតារបស់ស្តេចបានសំដែងចំពោះយើងដែរ»។ ទតក៏ចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខស្តេចហានូន ក្នុងឱកាសដែលបិតាស្លាប់។ ពេលពួកមន្ត្រីរបស់ទតទៅដល់ស្រុកអាំម៉ូន 3 មេដឹកនាំនៃជនជាតិអាំម៉ូន ជម្រាបស្តេចហានូន ជាចៅហ្វាយរបស់ខ្លួនថា៖ «តើស្តេចជឿថា ទតចាត់ពួកមន្ត្រី ឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីផ្តល់កិត្តិយសដល់បិតារបស់ស្តេចមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ទីក្រុង ក្នុងគោលបំណងវាយដណ្តើមយក»។ 4 ពេលនោះ ស្តេចហានូនចាប់ពួកមន្ត្រីរបស់ទត ហើយឲ្យគេកោរពុកចង្កាមួយចំហៀង ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្តេញឲ្យទៅវិញ។ 5 មានគេនាំដំណឹងនេះទៅជម្រាបស្តេចទត គាត់ក៏ចាត់អ្នកនាំពាក្យមកជួបពួកមន្ត្រី ដែលត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនោះ។ ទតបានបង្គាប់ដល់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់អ្នកដុះឡើងវិញ សឹមត្រឡប់មក»។ 6 កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យទតខឹងដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្តេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។ 7 ស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ 8 ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកថូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។ 9 លោកយ៉ូអាប់ឃើញថា គាត់ត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះគាត់ជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។ 10 រីឯកងទ័ពដែលនៅសល់ គាត់ប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។ 11 គាត់និយាយទៅកាន់ប្អូនរបស់គាត់ថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។ 12 ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។ 13 លោកយ៉ូអាប់ ព្រមទាំងកងទ័ពបានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខគាត់។ 14 កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ វិលចូលទៅក្នុងក្រុងរបស់គេវិញដែរ។ លោកយ៉ូអាប់ក៏វិលពីច្បាំងតទល់នឹងកងទ័ពអាំម៉ូន ត្រឡប់មកក្រុងយេរូសាឡឹមវិញ។ 15 ជនជាតិស៊ីរីឃើញថាពួកគេចាញ់អ៊ីស្រអែល គេក៏ប្រមូលផ្តុំកងទ័ព។ 16 ស្តេចហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ស្តេចហាដារេស៊ើរ ជាអ្នកដឹកនាំ។ 17 មានគេនាំដំណឹងនេះទៅជម្រាបស្តេចទត ទតក៏ប្រមូលកងទ័ពអ៊ីស្រអែលទាំងមូលឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងស្តេចទត ហើយវាយសំរុក។ 18 ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល។ ស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ គាត់ក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការឲ្យស្លាប់នៅទីនោះដែរ។ 19 កាលស្តេចទាំងប៉ុន្មានដែលចំណុះស្តេចហាដារេស៊ើរ ឃើញពួកគេចាញ់កងទ័ពអ៊ីស្រអែលដូច្នេះ ក៏នាំគ្នាមកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយស្តេចទត ហើយចុះចូលនឹងទត។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនហ៊ានមកជួយជនជាតិអាំម៉ូនទៀតឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies