Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 20 - អាល់គីតាប


កង‌ទ័ព​ម៉ូអាប់ និង​កង‌ទ័ព​អាំម៉ូន​វាយ​លុក​ស្រុក​យូដា ពាក្យ​ទូរអា​របស់​ស្តេច​យ៉ូសា‌ផាត

1 ក្រោយ​មក​ទៀត​ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន រួម​ជា​មួយ​អ្នក​ស្រុក​ម៉ាអូន បាន​លើក​គ្នា​មក​វាយ​ស្តេច​យ៉ូសា‌ផាត។

2 មាន​គេ​មក​ជម្រាប​ស្តេច​យ៉ូសា‌ផាត​ថា៖ «កង‌ទ័ព​មួយ​យ៉ាង​ធំ​លើក​គ្នា​ពី​ខាង​នាយ​សមុទ្រ មក​វាយ​ស្តេច។ ឥឡូវ​នេះ ពួក​គេ​មក​ដល់​ហាសា‌សូន-តាម៉ារ គឺ​នៅ​អេន‌កេឌី»។

3 ស្តេច​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ស្តេច​ក៏​សម្រេច​ចិត្ត​ទូរអា‌សួរអុលឡោះ‌តាអាឡា ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។

4 អ្នក​ស្រុក​យូដា​ជួប‌ជុំ​គ្នា​ស្វែង​រកអុលឡោះ‌តាអាឡា ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទី‌ក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រកអុលឡោះ‌តាអាឡា។

5 ស្តេច​យ៉ូសា‌ផាត​ឈរ​នៅ​កណ្តាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន‌ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ខាង​មុខ​ព្រលាន​ថ្មី។

6 ស្តេច​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ទ្រង់​នៅ​សូរ៉កា ទ្រង់​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់ នៃ​ប្រជា‌ជាតិ​នានា។ ទ្រង់​ប្រកប​ដោយ​អំណាច និង​ការ​អស្ចារ្យ គ្មាន​នរណា​អាច​តទល់​នឹង​ទ្រង់​បាន​ឡើយ!

7 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​បណ្តេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម ជា​មិត្ត​របស់​ទ្រង់​រហូត​ត​ទៅ។

8 ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទី‌សក្ការៈ​មួយ​ជូន​នាម​របស់​ទ្រង់ ដោយ​ពោល​ថា

9 “ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ដំណាក់​នេះ នៅ​ចំពោះ​ទ្រង់ ដ្បិត​នាម​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូរអា​សូម​ទ្រង់​ជួយ។ ពេល​នោះ​សូម​ទ្រង់​ស្តាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។

10 ឥឡូវ​នេះ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ទ្រង់​ហាម​អ៊ីស្រ‌អែល​មិន​ឲ្យ​ឆ្លង​កាត់​នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប -

11 ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី​ដែល​ទ្រង់​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្ម‌សិទ្ធិ។

12 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ម្តេច​ក៏​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ទ្រង់​ប៉ុណ្ណោះ»។

13 អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ដោយ​មាន​ប្រពន្ធ​កូន និង​ទារក​នៅ​ជា​មួយ​ដែរ។


អុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ជន‌ជាតិ​យូដា

14 ពេល​នោះ​រស​របស់អុលឡោះ‌តាអាឡា មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រីយ៉ា ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ​ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ​លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។

15 លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «សូម​ជម្រាប​ស្តេច​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង​ត្រាប់​ស្តាប់! អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច និង​បង​ប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​អុលឡោះ។

16 ស្អែក​ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោ‌ស្ថាន​យេ‌រួល។

17 អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ អុលឡោះ‌តាអាឡា​នឹង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា!»។

18 ស្តេច​យ៉ូសា‌ផាត​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​នាំ​គ្នា​អោន​កាយ ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដែរ។

19 ក្រុម​លេវី​ដែល​មក​ពី​អំបូរ​កេ‌ហាត់ និង​ពូជ‌ពង្ស​លោក​កូរេ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។

20 ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ​ស្តេច​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ណាពី​របស់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។

21 បន្ទាប់​មក​ស្តេច​ពិភា‌ក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចំរៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព​ដោយ​ច្រៀង​តម្កើងអុលឡោះ‌តាអាឡា​ថា «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

22 ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចំរៀង​សរសើរ​តម្កើង អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។

23 មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កំទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។

24 ពេល​ជន‌ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សម្រាប់​ពិនិត្យ​មើល​វាល​រហោ‌ស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាក‌សព​នៅ​ពាស‌ពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

25 ស្តេច​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្តេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។

26 នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​គុណអុលឡោះ‌តាអាឡា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

27 អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ស្តេច​យ៉ូសា‌ផាត​នាំ​មុខ​ពួក​គេ។ អុលឡោះ‌តាអាឡា​ប្រទាន​អំណរ​ដ៏​លើស‌លប់​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

28 ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ដំណាក់​របស់អុលឡោះ‌តាអាឡា។

29 ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

30 រាជ្យ​របស់​ស្តេច​យ៉ូសា‌ផាត​បាន​សុខ​ក្សេម‌ក្សាន្ត ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ស្តេច​មាន​សន្តិ‌ភាព នៅ​គ្រប់​ទិស‌ទី។


ចុង​រជ្ជ‌កាល​របស់​ស្តេច​យ៉ូសា‌ផាត

31 ស្តេច​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ស្តេច​មាន​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា​អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

32 ស្តេច​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេ‌សា​ជា​ឪពុក ដោយ​ឥត​ងាក​រេ​ឡើយ។ ស្តេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

33 ប៉ុន្តែ ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង លើ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​ខ្លួន​ឡើយ។

34 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

35 មួយ​វិញ​ទៀត ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា បាន​រួម​សហ‌ការ​ជា​មួយ​ស្តេច​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​អ៊ីស្រ‌អែល ជា​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់។

36 ស្តេច​ទាំង​ពីរ​ឲ្យ​គេ​សង់​សំពៅ សម្រាប់​ដើរ​ផ្លូវ​ឆ្ងាយ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ាន-គេប៊ើរ។

37 ពេល​នោះ​ណាពី​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ដូដា‌វ៉ា អ្នក​ស្រុក​ម៉ារី‌សា ថ្លែង​បន្ទូល​របស់​អុលឡោះ​ទាស់​នឹង​ស្តេច​យ៉ូសា‌ផាត ដូច​ត​ទៅ៖ «ដោយ​ស្តេច​រួម​សហ‌ការ​ជា​មួយ​ស្តេច​អហា‌ស៊ីយ៉ា នោះអុលឡោះ‌តាអាឡា​នឹង​រំលាយ​អ្វីៗ ដែល​ស្តេច​បាន​ធ្វើ​ជា​មិន​ខាន!»។ សំពៅ​ទាំង​នោះ​ក៏​ត្រូវ​បាក់​បែក មិន​អាច​ចេញ​ដំណើរ​ទៅ​បាន​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម