Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

យ៉ូស្វេ 18 - អាល់គីតាប


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ប្រាំ​ពីរ​ទៀត

1 ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ទី​នោះ។

2 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​កុល‌សម្ព័ន្ធ​ប្រាំ​ពីរ​ទៀត ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី ជា​មត៌ក​នៅ​ឡើយ។

3 យ៉ូស្វេ​ក៏​និយាយ​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ?

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។

5 ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំ​ពីរ​ចំណែក គឺ​កុល‌សម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​យូសុះ ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។

6 ត្រូវ​ធ្វើ​របាយ‌ការណ៍​អំពី​ទឹក​ដី​ទាំង​ប្រាំ​ពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។

7 ប៉ុន្តែ កុល‌សម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខ‌ងារ​ជា​អ៊ីមុាំ បម្រើអុលឡោះ‌តាអាឡា ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា​បាន​ប្រគល់​ឲ្យ»។

8 បុរស​ដែល​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀប‌ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​យ៉ូស្វេ​បាន​ផ្តែផ្តាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា»។

9 បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ អំពី​ក្រុង​នានា​ទាំង​ប្រាំ​ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។

10 នៅ​ស៊ីឡូ​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន

11 ឆ្នោត​លើក​ដំបូង ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យូសុះ។

12 ព្រំ​ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ ចាប់​ផ្តើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជំរាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោ‌ស្ថាន នៅ​បេត‌អា‌វេន។

13 បន្ទាប់​មក ព្រំ​ប្រទល់​ចេញ​ពី​ទី​នោះ តម្រង់​ទៅ​ទី‌ក្រុង​លូស ដោយ​កាត់​តាម​ជំរាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេត‌អែល) រួច​ចុះ​ទៅ​អាថា‌រ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូន​ក្រោម។

14 នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ​ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-បាល គឺ​គារ‌យ៉ាត-យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ​ប្រទល់​ខាង​លិច​របស់​គេ។

15 រីឯ​ព្រំ​ប្រទល់​ប៉ែក​ខាង​ត្បូង ចេញ​ពី​គារ‌យ៉ាត-យ៉ារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិប‌តា។

16 ព្រំ​ប្រទល់​នេះ​ចុះ​ទៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​បេន‌ហ៊ី‌នុម ខាង​ជើង​វាល​រាប​រេផែម​រួច​ចុះ​តាម​វាល​រាប​បេន‌ហ៊ី‌នុម ត្រង់​ជំរាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកែល។

17 បន្ទាប់​មក ព្រំ​ប្រទល់​បត់​ទៅ​ខាង​ជើង ដល់​អេន-សេ‌ម៉េស និង​កេលី‌ឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ អាឌូ‌មីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។

18 ព្រំ​ប្រទល់​នេះ​កាត់​តាម​ជំរាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ា‌បា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ា‌បា​នោះ

19 រួច​បន្ត​ទៅ​ខាង​ជើង​បេត-ហុក‌ឡា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ​ប្រទល់​ខាង​ត្បូង​របស់​គេ។

20 រីឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំ​ប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។

21 ក្រុង​ទាំង‌ឡាយ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេត-ហុក‌ឡា អេមាក់-កេស៊ីស

22 បេត-អារ៉ា‌បា សេម៉ា‌រ៉ែម បេត‌អែល

23 អាវីម ប៉ារ៉ា អូប្រា

24 កេផា-អាំម៉ូនី អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

25 បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត

26 មីសប៉ា កេភីរ៉ា ម៉ូសា

27 រេគែម យារពាល តារ៉ាឡា

28 សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូសាឡឹម) គីបៀរ គារ‌យ៉ាត គឺ​មាន​ទាំង​អស់​ដប់​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ នេះ​ជា​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម