Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 11 - អាល់គីតាប


អុលឡោះ‌តាអាឡា​ជួយ​អ៊ីស្រ‌អែល​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន

1 «ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ចូរ​ស្តាប់​តាម​បង្គាប់ កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​ទ្រង់​ជា​និច្ច។

2 ថ្ងៃ​នេះ ចូរ​ធ្វើ​តាម​ការ​ណែ​នាំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្តុង្គ‌ឧត្តម អំណាច និង​តេជា‌នុភាព​របស់​ទ្រង់។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ដៃ​របស់អុលឡោះ‌តាអាឡា​ទេ។

3 អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ទ្រង់​ធ្វើ នៅ​ស្រុក​អេស៊ីប​ប្រឆាំង​នឹង​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ក្នុង​ស្រុក​នោះ​ទាំង​មូល​ដែរ។

4 ទ្រង់​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចំបាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​គេ​បរាជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

5 ទ្រង់​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។

6 ទ្រង់​បាន​ប្រហារ​ដាថាន និង​អប៊ី‌រ៉ាម ជា​កូន​របស់​អេលាប ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដោយ​ឲ្យ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ​ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។

7 អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ។

8 ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្ម‌សិទ្ធិ

9 ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ‌ពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ»។


អុលឡោះ‌តាអាឡា ​យក​ចិត្ត​ទុក​ដាក់​នឹង​ទឹក​ដី​សន្យា

10 «ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។

11 រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់ ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ។

12 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យក​ចិត្ត​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា​និច្ច។

13 ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​គំនិត

14 “យើង​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគ​ផល គឺ​ស្រូវ​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី និង​ប្រេង។

15 យើង​នឹង​ធ្វើ​ឲ្យ​ស្មៅ​ដុះ​នៅ​តាម​វាល​ស្មៅ សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។

16 ចូរ​ប្រយ័ត្ន កុំ​បណ្តោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពីអុលឡោះ‌តាអាឡា ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឡើយ។

17 បើ​មិន​ដូច្នេះ​ទេ អុលឡោះ‌តាអាឡា​មុខ​ជា​ខឹង​ទាស់​នឹង​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្ខាំង​មេឃ មិន​ឲ្យ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគ​ផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​អ្នក​រាល់​គ្នា។

18 ត្រូវ​ទុក​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជា​និច្ច។ ត្រូវ​ចង​ពាក្យ​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។

19 ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​បន្ទូល​របស់​អុលឡោះគឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្តាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

20 ចូរ​សរសេរ​បន្ទូល​របស់​អុលឡោះ​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។

21 ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ថា ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។

22 ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ជំពាក់​ចិត្ត​លើ​អុលឡោះ

23 អុលឡោះ‌តាអាឡា​នឹង​បណ្តេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នា​នា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា មក​ធ្វើ​ជា​កម្ម‌សិទ្ធិ។

24 អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំ​ប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង ចាប់​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។

25 គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិត​ភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ទ្រង់​មាន​បន្ទូល​សន្យា។

26 ឥឡូវ​នេះ ខ្ញុំ​ដាក់​ពរ និង​បណ្តាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស។

27 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ពរ។

28 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ​ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្តា‌សា​មិន​ខាន។

29 ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ពរ​នៅ​លើ​ភ្នំ​កេរិ‌ស៊ីម និង​បណ្តា‌សា​នៅ​លើ​ភ្នំ​អេបាល។

30 ភ្នំ​ទាំង​ពីរ ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់​ជិត​ដើម​ជ្រៃ​ម៉ូរេ។

31 អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ ទៅ​ចាប់​យក​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំនៅ​ក្នុង ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​បាន​នោះ។

32 អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម