Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 28 - អាល់គីតាប


ណាពី​ទត​ស្នើ​តែង‌តាំង​ណាពី​ស៊ូឡៃ‌ម៉ាន​ឲ្យ​ឡើង​ស្នង​រាជ្យ

1 ស្តេច​ទត​បាន​កោះ​ហៅ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ មេ​បញ្ជា‌ការ​កង‌ពល​នានា​ដែល​បម្រើ​ស្តេច មេ​កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់‌គ្រង​លើ​រាជ្យ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្តេច ព្រម​ទាំង​ពួក​កូន​ច្បង ពួក​មហា‌តលិក ពួក​វីរ‌ជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។

2 ស្តេច​ទត​ក្រោក​ឈរ​ឡើង រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «បង​ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្តាប់! ខ្ញុំ​មាន​បំណង​សង់​ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​ជា​កំណល់​ជើង​របស់​ម្ចាស់​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ដំណាក់​នេះ

3 ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ​អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

4 អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជ្រើស​រើស​ខ្ញុំ ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​រហូត​ត​ទៅ។ ទ្រង់​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុល‌សម្ព័ន្ធ​យូដា ទ្រង់​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ទ្រង់​ពេញ​ចិត្ត​លើក​ខ្ញុំ​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។

5 អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ទ្រង់​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល ជា​អាណា‌ចក្រ​របស់​ទ្រង់។

6 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទី‌លាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។

7 ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់‌ខ្ជួន​ដូច​សព្វ​ថ្ងៃ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​គេ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច”។

8 ឥឡូវ​នេះ​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ក្រុម‌ជំអះ​របស់អុលឡោះ‌តាអាឡា ហើយ​នៅ​ចំពោះ​មុខ​ម្ចាស់​នៃ​យើង ដែល​ទ្រង់​ស្តាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​ទាំង​អស់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។

9 រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។

10 ឥឡូវ​នេះ​ចូរ​ពិចារណា​ចុះ អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ជ្រើស​រើស​កូន ឲ្យ​សង់​ដំណាក់​ទុក​ជា​ទី‌សក្ការៈ។ ដូច្នេះ​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​បំពេញ​ការ‌ងារ​ចុះ!»។

11 ស្តេច​ទត​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ស្តេច​ស៊ូឡៃ‌ម៉ាន។

12 ស្តេច​ទត​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្តេច​បាន​គិត‌គូរ​នឹង​ធ្វើ​សម្រាប់​ទី‌លាន​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​បន្ទប់​ទាំង​អស់ ដែល​នៅ​ជុំ‌វិញ​សម្រាប់​ដាក់​ទ្រព្យ​នៃ​ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។

13 ស្តេច​ទត​ប្រគល់​បញ្ជី​ពួក​អ៊ីមុាំ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់

14 ទត​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សម្រាប់​ការ​ប្រើ​ប្រាស់​គ្រប់​បែប​យ៉ាង

15 ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ​ប្រាស់​របស់​ចង្កៀង​នីមួយៗ

16 ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សម្រាប់​ដាក់​នំបុ័ង​ជូន​អុលឡោះ‌តាអាឡា ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់

17 ទម្ងន់​របស់​សម ផើង សម្រាប់​ប្រោះ​ឈាម ថូ​សម្រាប់​ពិធី​ច្រួច​ស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ

18 ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ សម្រាប់​ជូន​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា។

19 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក ក្នុង​ឯក‌សារ ដែល​ឪពុក​បាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។

20 ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​កូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ឲ្យ​បាន​សម្រេច! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ឪពុក​នឹង​នៅ​ជា​មួយ​កូន រហូត​ដល់​ការ‌ងារ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​សម្រេច​ចប់​សព្វ​គ្រប់ ទ្រង់​មិន​បោះ​បង់​ចោល​កូន ឲ្យ​នៅ​តែ​ឯង​ឡើយ។

21 ពួក​អ៊ីមុាំ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ដំណាក់​របស់​អុលឡោះហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​កូន ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​កូន​ដែរ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម