១ សាំយូអែល 4 - អាល់គីតាប1 សាំយូអែលក៏នាំយកបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។ ថ្ងៃមួយជនជាតិអ៊ីស្រអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីនដណ្តើមយកបានហិបនៃសម្ពន្ធមេត្រី 2 ជនជាតិភីលីស្ទីនតំរៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រអែល និងសម្លាប់ទាហានអ៊ីស្រអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។ 3 ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកអះលីជំអះនៃជនជាតិអ៊ីស្រអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាអុលឡោះតាអាឡាបណ្តោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើង ពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។ 4 គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះដែរ។ 5 ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាមកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។ 6 កាលពួកភីលីស្ទីនឮសំរែកជ័យឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់អុលឡោះតាអាឡាមកដល់ជំរំហើយ។ 7 ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។ 8 យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីប ឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។ 9 ភីលីស្ទីនអើយ! ចូរមានកម្លាំង និងចិត្តអង់អាចឡើង ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាខ្ញុំបម្រើរបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!»។ 10 ពួកភីលីស្ទីនក៏ចូលប្រយុទ្ធ ហើយវាយជនជាតិអ៊ីស្រអែលឲ្យបរាជ័យ បាក់ទ័ព រត់ទៅជំរំរបស់គេរៀងៗខ្លួន។ នៅពេលនោះ ពួកអ៊ីស្រអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេស្លាប់អស់បីម៉ឺននាក់។ 11 ហិបរបស់អុលឡោះត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺ ហូបនី និងភីនេហាសក៏បាត់បង់ជីវិតដែរ។ មរណភាពរបស់អ៊ីមុាំអេលី ព្រមទាំងកូនប្រសាស្រីរបស់លោក 12 នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។ 13 កាលបុរសនោះមកដល់ លោកអេលីកំពុងតែអង្គុយលើកៅអី រង់ចាំនៅមាត់ផ្លូវ ចិត្តរបស់គាត់អន្ទះសា ដោយនឹកបារម្ភអំពីហិបនៃអុលឡោះ។ បុរសនោះចូលមកក្នុងទីក្រុង រួចប្រកាសដំណឹងដល់ប្រជាជន។ អ្នកក្រុងទាំងមូលនាំគ្នាស្រែកយំយ៉ាងខ្លោចផ្សា។ 14 កាលឮប្រជាជនស្រែកយំដូច្នេះ លោកអេលីសួរថា៖ «ហេតុអ្វីបានជាមានសំរែកអឺងកងយ៉ាងនេះ?»។ បុរសនោះក៏ប្រញាប់ប្រញាល់ចូលទៅជម្រាបដំណឹងដល់គាត់។ 15 នៅគ្រានោះ លោកអេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់គាត់ងងឹតមើលអ្វីលែងឃើញ។ 16 បុរសនោះជម្រាបលោកអេលីថា៖ «ខ្ញុំមកពីសមរភូមិ ហើយទើបនឹងរត់មកដល់ថ្ងៃនេះ»។ លោកអេលីក៏សួរថា៖ «យ៉ាងម៉េចទៅហើយកូនអើយ?»។ 17 បុរសដែលនាំដំណឹងមកនោះ ជម្រាបគាត់ថា៖ «ពួកអ៊ីស្រអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់តា គឺ ហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់អុលឡោះក៏ត្រូវគេដណ្តើមយកទៅដែរ»។ 18 ពេលគេរៀបរាប់អំពីហិបរបស់អុលឡោះមិនទាន់ចប់ស្រួលបួលផង លោកអេលីធ្លាក់ពីកៅអី បោកត្រូវលើជ្រុងទ្វារ បាក់កស្លាប់មួយរំពេច ព្រោះគាត់មានវ័យចាស់ជរា ព្រមទាំងធាត់ទៀតផង។ លោកអេលីគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ។ 19 រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្តើមយកហិបរបស់អុលឡោះហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្តើមឈឺផ្ទៃហើយសំរាលកូន។ 20 ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសំរាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្តាប់ ឬឆ្លើយតបទៅពួកគេវិញទេ។ 21 នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។ 22 នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ» ដ្បិតខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ! |
© 2014 United Bible Societies, UK.
United Bible Societies