Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូស្វេ 10 - អាល់គីតាប


ជ័យ​ជំនះ​លើ​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី

1 ស្តេច​អដូនី-សេដេក ជា​ស្តេច​ក្រុង​យេរូសាឡឹម​ទទួល​ដំណឹង​ថា យ៉ូស្វេ​ដណ្តើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​វា​ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ស្តេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។

2 ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​យេរូសាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជ‌ធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។

3 ស្តេច​អដូនី-សេដេក ជា​ស្តេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ស្តេច​ហូហាំ ជា​ស្តេច​ក្រុង​ហេប្រូន ស្តេច​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមូត ស្តេច​យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ដេបៀរ​ជា​ស្តេច​ក្រុង​អេក្លូន​ថា៖

4 «សូម​ស្តេច​មក ហើយ​ជួយ​ខ្ញុំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល»។

5 ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​នាក់ គឺ​ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លូន បាន​ពួត​ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។

6 អ្នក​ស្រុក​គីបៀន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។

7 យ៉ូស្វេ​ក៏​នាំ​កង‌ទ័ព​ទាំង​មូល​ចេញ​ពី​គីលកាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់​អាច​របស់​លោក​មក​ជា​មួយ​ផង។

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​ត​ទល់​នឹង​អ្នក​បាន​ទេ»។

9 យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីល‌កាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សំរុក​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ។

10 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេដា។

11 ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ទៀត។

12 នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ជ័យ​ជំនះ​លើ​ជន‌ជាតិ​អាម៉ូរី យ៉ូស្វេ​សូមអុលឡោះ‌តាអាឡា ហើយ​និយាយ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ា‌ឡូន​ទៅ»។

13 ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។

14 តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺអុលឡោះ‌តាអាឡា​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិតអុលឡោះ‌តាអាឡា​បាន​ច្បាំង​រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល។

15 បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។


យ៉ូស្វេ​ចាប់​បាន​ស្តេច​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​នាក់

16 ស្តេច​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​នាក់ បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេដា។

17 មាន​គេ​ទៅ​រាយ‌ការណ៍​ជូន​យ៉ូស្វេ​ថា ស្តេច​ទាំង​ប្រាំ​នាក់​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេដា។

18 យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​នៅ​ទី​នោះ​ផង។

19 រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​ឲ្យ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​បាន​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។

20 យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ូរី​ឲ្យ​បរាជ័យ​យ៉ាង​ធ្ងន់​ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច​ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។

21 បន្ទាប់​មក​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​ដោយ​សុខ‌សាន្ត ពួក​គេ​ជួប​នឹង​យ៉ូស្វេ​នៅ​ម៉ាកេដា។ ចាប់​ពី​ពេល​នោះ​មក​គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូ​រទាំ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ឡើយ។

22 បន្ទាប់​មក យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

23 គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នាក់ គឺ​ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។

24 កាល​គេ​នាំ​ស្តេច​ទាំង​ប្រាំ​នាក់​ចេញ​មក​ជួប​យ៉ូស្វេ ហើយ​លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។

25 យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិតអុលឡោះ‌តាអាឡា​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។

26 យ៉ូស្វេ​ប្រហារ​ជីវិត​ស្តេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្តេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។

27 ពេល​ថ្ងៃ​លិច យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្តេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


យ៉ូស្វេ​ដណ្តើម​យក​ក្រុង​នានា​នៅ​ទិស​ខាង​ត្បូង

28 នៅ​ថ្ងៃ​ដដែល​នោះ យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្តេច ទាំង​ប្រជា‌ជន គឺ​គាត់​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ គាត់​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា​ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូ​ដែរ។

29 យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេដា ឆ្ពោះ​ទៅ​ក្រុង​លីបណា ហើយ​វាយ​លុក​ក្រុង​នោះ។

30 អុលឡោះ‌តាអាឡា​ក៏​បាន​ប្រគល់​ក្រុង​លីបណា និង​ស្តេច​របស់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។ កង‌ទ័ព​អ៊ីស្រ‌អែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ទេ។ យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​លីបណា ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូ​ដែរ។

31 បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីបណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។

32 អុលឡោះ‌តាអាឡា​បាន​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល កង‌ទ័ព​អ៊ីស្រ‌អែល​វាយ​យក​ក្រុង​នោះ​បាន​នៅ​ថ្ងៃ​ទី​ពីរ ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លីបណា​ដែរ។

33 ពេល​នោះ​ស្តេច​ហោរ៉ាម ជា​ស្តេច​ក្រុង​កេស៊ើរ​បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្តេច ទាំង​ប្រជា‌ជន​របស់​ស្តេច​នោះ ឥត​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។

34 បន្ទាប់​មក​ទៀត​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។

35 នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទី‌ក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

36 យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។

37 គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្តេច​ព្រម​ទាំង​មនុស្ស‌ម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។

38 យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​លុក​ក្រុង​នោះ។

39 គាត់​វាយ​យក​ក្រុង​នោះ ហើយ​ចាប់​បាន​ស្តេច ព្រម​ទាំង​ដណ្តើម​យក​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​ផង។ កង‌ទ័ព​អ៊ីស្រ‌អែល​ប្រហារ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ ព្រម​ទាំង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រូន និង​ក្រុង​លីបណា​ព្រម​ទាំង​ស្តេច​របស់​គេ​ដែរ។

40 យ៉ូស្វេ​វាយ​លុក​ស្រុក​នោះ​ទាំង​មូល គឺ​វាយ​យក​តំបន់​ភ្នំ តំបន់​ណេកិប​តំបន់​វាល​ទំនាប និង​តំបន់​ជំរាល​ភ្នំ​ព្រម​ទាំង​ប្រហារ​ជីវិត​ស្តេច​របស់​គេ​ទៀត​ផង។ លោក​មិន​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត​ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បង្គាប់។

41 យ៉ូស្វេ​វាយ​លុក​ចាប់​តាំង​ពី​កេដេស-បារនា រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុង​គីបៀន។

42 យ៉ូស្វេ​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​ចាប់​បាន​ស្តេច​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល រួម​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រ‌អែល។

43 បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល់​វិញ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម