Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 15 - អាល់គីតាប


ស្តេច​អេ‌សា​កែ​ទំរង់​សាសនា

1 គ្រា​នោះ រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​លោក​អសារា ជា​កូន​របស់​លោក​អូដេត។

2 លោក​ក៏​ចេញ​ទៅ​ជួប​ស្តេច​អេ‌សា​ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ទ្រង់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។

3 ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ពិត​ប្រាកដ គ្មាន​អ៊ីមុាំ​សម្រាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​ហ៊ូកុំ​ដែរ។

4 ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​គេ​ស្វែង​រក​ទ្រង់ ទ្រង់​ក៏​ឲ្យ​ពួក​គេ​រក​ឃើញ។

5 នៅ​គ្រា​នោះ គ្មាន​សន្តិ‌សុខ​ទេ ប្រជា‌ជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា​រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

6 ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​អុលឡោះ​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។

7 ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត តែងតែ​ទទួល​រង្វាន់​ជា​ពុំ‌ខាន!»។

8 កាល​ស្តេច​អេ‌សា​ស្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ណាពី​អសា‌រា ជា​កូន​របស់​លោក​អូដេត​បាន​ថ្លែង គាត់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​គាត់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម។ ស្តេច​ជួស​ជុល​អាសនៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ថ្មី​ឡើង​វិញ។

9 ស្តេច​អេ‌សា​ប្រមូល​ផ្តុំ​ប្រជា‌ជន​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្តេច ព្រោះ​ពួក​គេ​ឃើញ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច នៅ​ជា​មួយ​គាត់។

10 ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច​អេ‌សា។

11 នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជយ‌ភ័ណ្ឌ មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា គឺ​មាន​គោ​ប្រាំ​ពីរ​រយ​ក្បាល និង​ចៀម​ប្រាំ​ពីរ​ពាន់​ក្បាល។

12 ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។

13 ប្រសិន​បើ​អ្នក​ណា​ម្នាក់ ទោះ​បី​ក្មេង ឬ​ចាស់​ក្តី ប្រុស ឬ​ស្រី​ក្តី មិន​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

14 ពួក​គេ​នាំ​គ្នា​ស្បថ​ចំពោះអុលឡោះ‌តាអាឡា​ដោយ​ស្រែក​ហ៊ោ​សប្បាយ​ជា​ខ្លាំង ព្រម​ទាំង​មាន​ផ្លុំ​ស្នែង និង​ត្រែ​ផង។

15 អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ដោយ​ចិត្ត​ស្មោះ‌សរ ហើយ​ទ្រង់​ក៏​ឲ្យ​ពួក​គេ​រក​ទ្រង់​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​បាន​សុខ‌សាន្ត​គ្រប់​ទិស‌ទី។

16 ស្តេច​អេ‌សា​ហូត​ងារ​ជា​មហា‌ក្សត្រិ‌យានី​ពី​រាជ‌នី​ម៉ាកា​ជា​ម្តាយ ព្រោះ​ម្តាយ​បាន​កសាង​រូប​គំរក់​មួយ ជា​តំណាង​ព្រះ‌អាសេ‌រ៉ា។ ស្តេច​អេ‌សា​កំទេច​រូប​ដ៏​គំរក់​នោះ ហើយ​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

17 ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​អស់​មួយ​ជីវិត​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

18 ស្តេច​នាំ​ជំនូន​ដែល​ឪពុក​របស់​ស្តេច និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​សក្ការៈ យក​ទៅ​ទុក​ក្នុង​ដំណាក់​របស់​អុលឡោះគឺ​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត។

19 រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច​អេ‌សា ស្រុក​គ្មាន​សង្គ្រាម​ទេ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម