និក្ខមនំ 19:18 - អាល់គីតាប មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។ |
លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើង ឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
គាត់សម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូលឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
ទ្រង់ចុះមកលើភ្នំស៊ីណៃ ទ្រង់មានបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានហ៊ូកុំដ៏ត្រឹមត្រូវ ជាការពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។
ពេលទ្រង់មើលមកផែនដី នោះផែនដីក៏ញាប់ញ័រ ពេលទ្រង់ពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។
ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។
ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប
ឱអុលឡោះតាអាឡាអើយ សូមផ្អៀងផ្ទៃមេឃ របស់ទ្រង់ ហើយចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
ឱអុលឡោះអើយ! ទ្រង់បានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ទ្រង់ ដើម្បីឲ្យប្រជារាស្ដ្ររបស់ទ្រង់ បានរស់រានឡើងវិញ។
នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ទ្រង់ភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
ទ្រង់ដើរកាត់សមុទ្រ ទ្រង់ដើរកាត់មហាសាគរ គ្មាននរណាអាចរកដានជើង របស់ទ្រង់ឃើញទេ។
ទោះជាមនុស្ស ឬសត្វក្តីក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
ជនជាតិអ៊ីស្រអែលឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។
នៅទីនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា បង្ហាញខ្លួនក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឲ្យគាត់ឃើញ។ គាត់ឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។
សូមទ្រង់ហែកផ្ទៃមេឃ ហើយចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ កិត្តិនាមរបស់ទ្រង់។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ ចំពោះទ្រង់។
ខ្ញុំមើលទៅភ្នំទាំងឡាយ ឃើញភ្នំទាំងនោះកក្រើករំពើក រីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
ពេលទ្រង់ឈប់ ផែនដីកក្រើក។ ពេលទ្រង់មើល ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ប្រេះចេញពីគ្នា ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក ជាផ្លូវដែលទ្រង់ធ្លាប់ឆ្លងកាត់ ក៏ត្រូវរលាយសូន្យអស់ដែរ។
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។
ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។
នេះហើយជាហ៊ូកុំដែលអុលឡោះតាអាឡាថ្លែងមកកាន់ក្រុមជំអះទាំងមូល ដោយបន្លឺសំឡេងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក និងអ័ព្ទ។ អុលឡោះពុំមានបន្ទូលអ្វីថែមពីលើនេះទៀតទេ ទ្រង់បានចារពាក្យទាំងនោះ នៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។
ហើយទ្រង់នឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលអ៊ីសាជាអម្ចាស់លេចចេញពីសូរ៉កាមក ជាមួយពួកម៉ាឡាអ៊ីកាត់ដ៏មានអំណាច។
គាត់មកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់អុលឡោះ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់អ៊ីសាជាអម្ចាស់នៃយើង។
បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ
ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។
ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
ម៉ាស្ជិទក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់អុលឡោះ និងពីអំណាចរបស់ទ្រង់ ហើយគ្មាននរណាអាចចូលទៅក្នុងម៉ាស្ជិទបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។
ហើយបើកទ្វាររណ្ដៅនរ៉កានោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។
ភ្នំទាំងឡាយរលាយ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃភ្នំស៊ីណៃ គឺម្ចាស់នៃជនជាតិអ៊ីស្រអែល។