Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 104 - អាល់គីតាប


អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​អុលឡោះ​!

1 ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត! នៅ​ជុំ‌វិញ​ទ្រង់​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុង‌រឿង​ចិញ្ចែង‌ចិញ្ចាច!

2 អុលឡោះ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ទ្រង់ ទ្រង់​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ជំរំ​សក្ការៈ។

3 ទ្រង់​បាន​សង់​ដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ទ្រង់​យក​ពពក​ធ្វើ​ជា​រទេះ ទ្រង់​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។

4 ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ទ្រង់ ហើយ​យក​អណ្តាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ ។

5 ទ្រង់​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វា ហើយ​ផែនដី​ក៏​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ។

6 នៅ​គ្រា​ដើម ទ្រង់​យក​មហា‌សាគរ មក​គ្រប​ពី​លើ​ផែនដី​ទាំង​មូល ហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ

7 ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ទ្រង់​គំរាម ទឹក​ទាំង​នោះ​ក៏​រត់​ចេញ នៅ​ពេល​ផ្គរ​របស់​ទ្រង់​លាន់​ឮ​ឡើង វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។

8 ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ តាម​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ទុក។

9 ទ្រង់​បាន​កំរិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។

10 ទ្រង់​បាន​ដឹក​នាំ​ប្រភព​ទឹក ឲ្យ​ហូរ​ទៅ​ក្នុង​ជ្រោះ គឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា

11 សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះ ហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹក ដើម្បី​បំបាត់​សំរេក​ដែរ។

12 បក្សា‌បក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះ ហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ​នៅ​តាម​មែក​ព្រឹក្សា។

13 ពី​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ស្រោច​ស្រព ភ្នំ​ទាំង‌ឡាយ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ផែនដី មាន​ទឹក​យ៉ាង​បរិបូណ៌។

14 ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វ ទ្រង់​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង សម្រាប់​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ

15 មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។

16 សូម្បី​តែ​ដើម​ឈើ​ដែល​អុលឡោះ‌តាអាឡា​បាន​ដាំ គឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។

17 បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ នៅ​លើ​ដើម​ឈើ​ទាល។

18 រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជំរក​របស់​ពពែ​ភ្នំ ហើយ​ថ្ម‌ដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។

19 ទ្រង់​បាន​បង្កើត​ព្រះ‌ច័ន្ទ ដើម្បី​កំណត់​ពេល​វេលា ហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេល ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។

20 ទ្រង់​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់ ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្ម‌ភាព​របស់​វា

21 សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា វា​ទាម‌ទារ​ចំណី​ពី​អុលឡោះ​។

22 ពេល​ព្រះ‌អាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយ ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។

23 ពេល​នោះ មនុស្ស‌ម្នា​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​បំពេញ​ការ‌ងារ​រៀងៗ​ខ្លួន គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។

24 ឱ​អុលឡោះ‌តាអាឡា​អើយ ស្នា‌ដៃ​របស់​ទ្រង់​មាន​ច្រើន​ឥត​គណនា ទ្រង់​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ​ដែល​ទ្រង់​បាន​បង្កើត​មក។

25 មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែក នៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំ ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។

26 នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ទ្រង់​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

27 សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ទ្រង់ ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។

28 ពេល​ទ្រង់​ប្រទាន​ចំណី​អាហារ វា​ក៏​នាំ​គ្នា​ទទួល​យក ពេល​ទ្រង់​ផ្គត់‌ផ្គង់​ឲ្យ វា​បាន​ឆ្អែត​ស្កប់‌ស្កល់។

29 ប៉ុន្តែ បើ​ទ្រង់​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ទ្រង់​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។

30 ពេល​ណា​ទ្រង់​ប្រទាន​ខ្យល់​ដង្ហើម សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី មាន​ជីវិត​ឡើង​វិញ។

31 សូម​សិរី‌រុង‌រឿង​របស់​អុលឡោះ‌តាអាឡា នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​អុលឡោះ‌តាអាឡា​រីក‌រាយ នឹង​ស្នា‌ដៃ​របស់​ទ្រង់!

32 ពេល​ទ្រង់​មើល​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់‌ញ័រ ពេល​ទ្រង់​ពាល់​ភ្នំ នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។

33 អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​អុលឡោះ‌តាអាឡា! ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ម្ចាស់​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!


គីតាបសាបូរ​ជូន​ម្ចាស់​របស់​ខ្ញុំ

34 សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ បាន​គាប់​បំណង​ទ្រង់ សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​អុលឡោះ‌តាអាឡា។

35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី សូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម